ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ យ៉ូហាន 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ យ៉ូហាន 2

1 កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្តបាប យើង​មាន​ព្រះជំនួយ​នៅចំពោះ​ព្រះ​បិតា គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏សុចរិតយុត្តិធម៌​។

2 ព្រះអង្គផ្ទាល់​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង មិនគ្រាន់តែ​សម្រាប់​យើង​ប៉ុណ្ណោះទេ គឺ​ថែមទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ទៀតផង​។

សេចក្ដីបង្គាប់របស់ព្រះ

3 យើង​ដឹង​ថា​យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារតែការនេះ គឺ​ប្រសិនបើ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ​។

4 អ្នក​ដែល​និយាយ​ថា​៖ “ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ” ប៉ុន្តែ​មិន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ អ្នកនោះ​ជា​អ្នកភូតភរ ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ;

5 រីឯ​អ្នកណាក៏ដោយដែល​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជា​បានគ្រប់លក្ខណ៍​នៅក្នុង​អ្នកនោះ​។ ដោយសារតែការនេះ យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ​។

6 អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ព្រះអង្គ អ្នកនោះ​ត្រូវតែ​ដើរ​ដូចដែល​ព្រះអង្គ​បាន​ដើរ​ដូច្នោះ​ដែរ។

7 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​សេចក្ដីបង្គាប់​ចាស់‍ដែល​អ្នករាល់គ្នា​មាន​តាំងពី​ដំបូង​មក​។ សេចក្ដីបង្គាប់​ចាស់​នេះ​ជា​ព្រះបន្ទូល​ដែល​អ្នករាល់គ្នា​ធ្លាប់‍​ឮ​ហើយ​។

8 យ៉ាងណាមិញ ខ្ញុំ​សូម​សរសេរ​មក​អ្នករាល់គ្នា​ជា​សេចក្ដីបង្គាប់​ថ្មី​វិញ​។ សេចក្ដីបង្គាប់នេះ​គឺ​ពិត​នៅក្នុង​ព្រះអង្គ និង​នៅក្នុង​អ្នករាល់គ្នា ពីព្រោះ​សេចក្ដីងងឹត​កំពុង​ផុតទៅ ហើយ​ពន្លឺ​ពិត​បាន​ភ្លឺឡើង​ហើយ​។

9 អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ពន្លឺ ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​នៅតែ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​នៅឡើយ​។

10 អ្នក​ដែល​ស្រឡាញ់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​នៅក្នុង​អ្នកនោះ​ឡើយ;

11 ប៉ុន្តែ​អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺ​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ហើយ​ដើរ​ក្នុង​សេចក្ដីងងឹត ទាំង​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​ទៅ​ឯណា​ទេ ពីព្រោះ​សេចក្ដីងងឹត​បាន​ធ្វើឲ្យ​ភ្នែក​របស់​អ្នកនោះ​ខ្វាក់​។

មូលហេតុដែលសរសេរសំបុត្រ

12 កូន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ហើយ ដោយសារតែ​ព្រះនាម​របស់​ព្រះគ្រីស្ទ​;

13 ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។

14 កូន‍រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​បិតា​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​មនុស្ស​រឹងមាំ ហើយ​ព្រះបន្ទូល​របស់​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ​។

កុំស្រឡាញ់ពិភពលោក

15 កុំ​ស្រឡាញ់​ពិភពលោក និង​អ្វីៗ​នៅក្នុង​ពិភពលោក​ឡើយ​។ ប្រសិនបើ​អ្នកណា​ស្រឡាញ់​ពិភពលោក សេចក្ដីស្រឡាញ់​របស់​ព្រះ​បិតា​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ។

16 ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។

17 ពិភពលោក និង​តណ្ហា​របស់​វា​កំពុង​ផុតទៅ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។

គ្រាចុងបញ្ចប់

18 កូន​រាល់គ្នា​អើយ ឥឡូវនេះ​ជា​គ្រាចុងបញ្ចប់​ហើយ​។ ដូចដែល​អ្នករាល់គ្នា​បាន‍ឮ​ថា អ្នកប្រឆាំងព្រះគ្រីស្ទ​នឹង​មក សូម្បីតែ​ឥឡូវនេះ​មាន​អ្នកប្រឆាំងព្រះគ្រីស្ទ​ជាច្រើន​បាន​លេចមក​ហើយ​; ដូច្នេះ​យើង​ដឹង​ថា នេះ​ជា​គ្រាចុងបញ្ចប់​ហើយ។

19 ពួកគេ​បាន​ចេញ​ពី​យើង​ទៅ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​គ្នា​យើង​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​ជា​គ្នា​យើង​មែន ម្ល៉េះសម​ពួកគេ​បាន​បន្ត​នៅ​ជាមួយ​យើង​; ប៉ុន្តែ​ពួកគេ​ចេញទៅ​ដើម្បីឲ្យ​ច្បាស់​ថា ពួកគេ​ទាំងអស់គ្នា​មិនមែន​ជា​គ្នា​យើង​ទេ។

20 រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ទទួល​ការចាក់ប្រេងអភិសេក​ពី​អង្គ​ដ៏វិសុទ្ធ ដូច្នេះ​អ្នក​ទាំងអស់គ្នា​ស្គាល់​ហើយ​។

21 ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដីពិត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីពិត និង​ដោយព្រោះ​គ្មាន​សេចក្ដីកុហក​ណា​ចេញពី​សេចក្ដីពិត​ឡើយ។

22 តើ​នរណា​ជា​អ្នកភូតភរ​? មិនមែន​ជា​អ្នក​ដែល​បដិសេធ​ថា​ព្រះយេស៊ូវ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ​ឬ​? អ្នក​ដែល​បដិសេធ​ព្រះ​បិតា និង​ព្រះបុត្រា អ្នកនោះ​ហើយ ជា​អ្នកប្រឆាំងព្រះគ្រីស្ទ​។

23 អស់អ្នក​ដែល​បដិសេធ​ព្រះបុត្រា ក៏គ្មាន​ព្រះ​បិតា​ដែរ​; អ្នក​ដែល​សារភាព​ព្រះបុត្រា ក៏​មាន​ព្រះ​បិតា​ដែរ។

ស្ថិតនៅក្នុងព្រះ

24 ចូរឲ្យ​អ្វីដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ចុះ​។ ប្រសិនបើ​អ្វីដែល​អ្នករាល់គ្នា​បាន‍ឮ​តាំងពី​ដំបូង​បាន​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ហើយ នោះ​អ្នករាល់គ្នា​ក៏​នឹង​ស្ថិតនៅ​ក្នុង​ព្រះបុត្រា និង​ក្នុង​ព្រះ​បិតា​ដែរ។

25 នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។

26 ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ស្ដីអំពី​អ្នក​ដែល​បោកបញ្ឆោត​អ្នករាល់គ្នា​។

27 រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។

កូនៗរបស់ព្រះ

28 ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ​ចុះ ដើម្បី​កាលណា​ព្រះអង្គ​លេចមក យើង​អាច​មាន​ភាពក្លាហាន ព្រមទាំង​ឥត​ត្រូវ​អៀនខ្មាស​នៅចំពោះ​ព្រះអង្គ ក្នុងកាលដែល​ព្រះអង្គ​យាងមក​។

29 ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative