សិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស៊ីយ៉ូន1 ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។ 2 មើល៍! សេចក្ដីងងឹតនឹងគ្របលើផែនដី ភាពងងឹតដ៏ក្រាស់នឹងគ្របលើជាតិសាសន៍នានា ប៉ុន្តែព្រះយេហូវ៉ានឹងរះឡើងមកលើអ្នក ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងត្រូវបានឃើញនៅលើអ្នក។ 3 ប្រជាជាតិនានានឹងមករកពន្លឺរបស់អ្នក ស្ដេចទាំងឡាយនឹងមករករស្មីអរុណរះរបស់អ្នក។ 4 ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់គ្នាមូលគ្នាមករកអ្នក កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ កូនស្រីៗរបស់អ្នកនឹងត្រូវបានបីនៅលើភ្លៅ។ 5 ពេលនោះ អ្នកនឹងឃើញ ហើយអ្នកនឹងភ្លឺចែងចាំង ចិត្តរបស់អ្នកនឹងរំភើប ហើយរីករាយ ពីព្រោះភាពបរិបូរនៃសមុទ្រនឹងត្រូវបានបង្វែរមកអ្នក ហើយទ្រព្យសម្បត្តិរបស់ប្រជាជាតិនានានឹងមកដល់អ្នក។ 6 ហ្វូងអូដ្ឋដ៏ច្រើនសន្ធឹកនឹងគ្របដណ្ដប់អ្នក គឺអូដ្ឋស្ទាវរបស់ម៉ាឌាន និងអេផា; ពួកគេទាំងអស់គ្នានឹងមកពីសេបា ទាំងយកមាស និងកំញានមក ហើយប្រកាសសេចក្ដីសរសើរតម្កើងអំពីព្រះយេហូវ៉ា។ 7 អស់ទាំងហ្វូងចៀមនៃកេដារនឹងមូលគ្នាមករកអ្នក ពួកចៀមឈ្មោលនៃនេបាយ៉ូតនឹងបម្រើអ្នក ពួកវានឹងឡើងមកលើអាសនារបស់យើងជាតង្វាយដ៏គាប់ចិត្ត។ យើងនឹងលើកតម្កើងដំណាក់ដ៏រុងរឿងរបស់យើង។ 8 តើអ្នកទាំងនេះជានរណា ដែលហើរមកដូចជាពពក និងដូចជាព្រាបមករកបង្អួចរបស់វា? 9 មែនហើយ កោះទាំងឡាយនឹងទន្ទឹងរង់ចាំយើង ហើយសំពៅតើស៊ីសនឹងមកមុនគេ ដើម្បីនាំកូនប្រុសៗរបស់អ្នកមកពីទីឆ្ងាយ ព្រមទាំងនាំប្រាក់ និងមាសរបស់ពួកគេមកជាមួយផង សម្រាប់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក សម្រាប់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នក។ 10 ពួកជនបរទេសនឹងសង់កំពែងរបស់អ្នកឡើងវិញ ហើយបណ្ដាស្ដេចរបស់ពួកគេនឹងបម្រើអ្នក។ ថ្វីត្បិតតែយើងបានវាយអ្នកដោយកំហឹងរបស់យើងក៏ដោយ ប៉ុន្តែយើងបានអាណិតមេត្តាអ្នក ដោយសេចក្ដីសន្ដោសរបស់យើងវិញ។ 11 ខ្លោងទ្វាររបស់អ្នកនឹងបើកចំហជានិច្ច គឺមិនបិទទាំងយប់ទាំងថ្ងៃ ដើម្បីនាំទ្រព្យសម្បត្តិរបស់ប្រជាជាតិនានាមកឯអ្នក ហើយបណ្ដាស្ដេចរបស់ពួកគេក៏ត្រូវបាននាំមកដែរ។ 12 ដ្បិតប្រជាជាតិណា និងអាណាចក្រណាដែលមិនបម្រើអ្នក នឹងវិនាស ប្រជាជាតិទាំងនោះនឹងហិនហោចអស់ទៅ។ 13 សិរីរុងរឿងនៃលីបង់ គឺដើមស្រល់ ដើមស្រល់ក្រហម និងដើមស្រល់ធំ នឹងមកឯអ្នកជាមួយគ្នា ដើម្បីតុបតែងកន្លែងនៃទីវិសុទ្ធរបស់យើង ហើយយើងនឹងលើកតម្កើងសិរីរុងរឿងដល់កន្លែងនៃជើងរបស់យើង។ 14 ពួកកូនចៅរបស់អ្នកដែលធ្វើបាបអ្នក នឹងមកឱនចុះនៅចំពោះអ្នក អស់អ្នកដែលធ្លាប់មើលងាយអ្នក នឹងក្រាបចុះនៅទៀបបាតជើងរបស់អ្នក។ ពួកគេនឹងហៅអ្នកថា “ទីក្រុងរបស់ព្រះយេហូវ៉ា” ក៏នឹងហៅថា “ស៊ីយ៉ូនរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល”។ 15 ជំនួសឲ្យការដែលអ្នកត្រូវគេបោះបង់ចោល ត្រូវគេស្អប់ ហើយគ្មានអ្នកណាឆ្លងកាត់អ្នក យើងនឹងធ្វើឲ្យអ្នកបានជាឧត្ដុង្គឧត្ដមជារៀងរហូត និងបានជាសេចក្ដីរីករាយពីជំនាន់មួយទៅជំនាន់មួយ។ 16 អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។ 17 យើងនឹងនាំមាសមកជំនួសលង្ហិន ក៏នឹងនាំប្រាក់មកជំនួសដែក លង្ហិនជំនួសឈើ ហើយដែកជំនួសថ្មផង។ យើងនឹងធ្វើឲ្យសេចក្ដីសុខសាន្តទៅជាអ្នកត្រួតត្រាអ្នក ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាអ្នកគ្រប់គ្រងអ្នកផង។ 18 នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។ 19 ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់អ្នកទៀតនៅពេលថ្ងៃ ព្រះចន្ទនឹងលែងផ្ដល់ពន្លឺដល់អ្នកទៀតសម្រាប់ជាភាពចែងចាំង គឺព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នកវិញ ហើយព្រះរបស់អ្នកនឹងបានជាសិរីរុងរឿងដល់អ្នកដែរ។ 20 ព្រះអាទិត្យរបស់អ្នកនឹងមិនលិចទៀតឡើយ ហើយព្រះចន្ទរបស់អ្នកក៏មិនជ្រេដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាពន្លឺដ៏អស់កល្បដល់អ្នក ហើយគ្រានៃការកាន់ទុក្ខរបស់អ្នកនឹងផុតទៅ។ 21 ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។ 22 អ្នកតូចបំផុតនឹងត្រឡប់ជាអម្បូរមួយ អ្នកតូចតាចជាងគេនឹងត្រឡប់ជាប្រជាជាតិខ្លាំងពូកែ។ គឺយើងហ្នឹងហើយជាយេហូវ៉ា យើងនឹងពន្លឿនការនេះក្នុងពេលកំណត់របស់វា៕ |