ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 3

ពួកអ្នកដឹកនាំយូដាត្រូវបានជំនុំជម្រះ

1 មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ នឹង​ដក​ការផ្គត់ផ្គង់ និង​ទីពឹងផ្អែក​ចេញ​ពី​យេរូសាឡិម និង​យូដា គឺ​ដកចេញ​នូវ​អស់ទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ទឹក​ទាំងស្រុង

2 ក៏នឹងដកចេញនូវ​មនុស្ស​ខ្លាំងពូកែ និង​អ្នកចម្បាំង ចៅក្រម និង​ព្យាការី គ្រូទាយ និង​ចាស់ទុំ

3 មេទាហានលើហាសិបនាក់ និង​អ្នកធំ ទីប្រឹក្សា និង​សិប្បករ​ជំនាញ ព្រមទាំង​អ្នក​ប៉ិនប្រសប់​ខាង​មន្តអាគម​ផង​។

4 យើង​នឹង​ឲ្យ​ក្មេង​ៗ​ធ្វើជា​មេដឹកនាំ​របស់ពួកគេ ហើយ​ទារក​នឹង​គ្រប់គ្រង​លើ​ពួកគេ​។

5 ប្រជាជន​នឹង​ត្រូវបាន​សង្កត់សង្កិន គឺ​មនុស្ស​ម្នាក់​នឹង​ត្រូវបាន​សង្កត់សង្កិន​ដោយ​មនុស្ស​ម្នាក់​ទៀត ម្នាក់ៗ​នឹងត្រូវបានសង្កត់សង្កិន​ដោយ​អ្នកជិតខាង​របស់ខ្លួន​; ពួក​ក្មេង​ៗ​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​ចាស់ៗ មនុស្ស​តូចទាប​នឹង​ប្រព្រឹត្តយ៉ាងក្រអឺតក្រទម​ទាស់នឹង​មនុស្ស​មានយសស័ក្ដិ​។

6 កាលណា​មនុស្ស​ម្នាក់​ចាប់​បងប្អូន​របស់ខ្លួន​ពី​ផ្ទះ​របស់​ឪពុក​ខ្លួន ដោយនិយាយថា​៖ “អ្នក​មាន​អាវវែង ដូច្នេះសូម​ធ្វើជា​អ្នកដឹកនាំ​របស់​ពួកយើង​ផង​! សូមឲ្យ​ទីហិនហោច​នេះ​នៅក្រោម​អំណាច​របស់អ្នក​ចុះ”

7 នៅ​ថ្ងៃ​នោះ គេ​នឹង​ស្រែកឡើង​ថា​៖ “ខ្ញុំ​មិនមែន​ជា​អ្នក​ព្យាបាល​ទេ​! ក្នុង​ផ្ទះ​របស់ខ្ញុំ​គ្មាន​អាហារ ក៏​គ្មាន​អាវវែង​ដែរ​។ កុំ​តាំង​ខ្ញុំ​ជា​អ្នកដឹកនាំ​របស់​ប្រជាជន​អី​!”។

8 ដ្បិត​យេរូសាឡិម​បាន​ជំពប់ ហើយ​យូដា​បាន​ដួល ពីព្រោះ​អណ្ដាត​របស់ពួកគេ និង​ទង្វើ​របស់ពួកគេ បាន​ប្រឆាំងនឹង​ព្រះយេហូវ៉ា ដោយ​បះបោរ​នឹង​ព្រះនេត្រ​ដ៏មាន​សិរីរុងរឿង​របស់ព្រះអង្គ​។

9 ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​; ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​; ពួកគេ​មិន​លាក់បាំង​ឡើយ​។ វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។

10 ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា ល្អ​ហើយ ដ្បិត​ពួកគេ​នឹង​ហូប​ផលផ្លែ​នៃ​ទង្វើ​របស់ខ្លួន​។

11 វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។

12 ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!

13 ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដើម្បី​តវ៉ាក្ដី ក៏​នឹង​ឈរឡើង​ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​។

14 ព្រះយេហូវ៉ា​នឹង​ចូល​ក្នុង​ការជំនុំជម្រះ​ទាស់នឹង​ពួក​ចាស់ទុំ និង​ពួក​មេដឹកនាំ​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ថា​៖ “គឺ​អ្នករាល់គ្នា​ហើយ ដែល​ស៊ីបង្ហិន​ចម្ការទំពាំងបាយជូរ​; អ្វីដែលលួចប្លន់​ពី​អ្នក​ទ័លក្រ នៅក្នុង​ផ្ទះ​របស់អ្នករាល់គ្នា​។

15 តើ​អ្នករាល់គ្នា​ជាន់កម្ទេច​ប្រជារាស្ត្រ​របស់យើង ហើយ​កិនសង្កត់​មុខ​របស់​អ្នក​ទ័លក្រ​ធ្វើអី​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

ពួកកូនស្រីស៊ីយ៉ូនត្រូវបានជំនុំជម្រះ

16 ព្រះយេហូវ៉ា​មានបន្ទូល​ទៀត​ថា​៖ “ដោយព្រោះ​កូនស្រី​ស៊ីយ៉ូន​បាន​លើកខ្លួនឡើង ហើយ​ដើរ​ងើបងើយ ទាក់ទាញ​ដោយ​ភ្នែក ដើរកាច់រាង ព្រមទាំង​អង្រួនឲ្យឮសូររ៉ឺងៗ​ដោយ​ជើង​របស់ពួកនាង

17 ដូច្នេះ ព្រះអម្ចាស់​នឹង​វាយឲ្យមានក្រមរ​លើ​ក្រយៅក្បាល​របស់​កូនស្រី​ស៊ីយ៉ូន ព្រះយេហូវ៉ា​នឹង​បង្ហាញ​កេរ្តិ៍ខ្មាស​របស់ពួកនាង”។

18 នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​នឹង​ដក​គ្រឿងអលង្ការ​របស់ពួកនាង​ចេញ គឺ​កងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ

19 ក្រវិល កងដៃ កន្សែងបង់ក

20 គ្រឿងតែងសក់ ខ្សែជើង ខ្សែក្រវាត់ ប្រអប់​គ្រឿងក្រអូប គ្រឿងគាថា

21 ចិញ្ចៀន ក្រវិល​ច្រមុះ

22 សម្លៀកបំពាក់សម្រាប់ពិធី អាវដណ្ដប់ ផាហ៊ុម កាបូប

23 កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និង​ស្បៃ​។

24 ពេលនោះ មាន​ក្លិនស្អុយ​ជំនួស​ក្លិនក្រអូប ខ្សែពួរ​ជំនួស​ខ្សែក្រវាត់ ភាពតម្ពែក​ជំនួស​សក់តែងស្អាត សំពត់ធ្មៃ​ជំនួស​សម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅ​ជំនួស​សម្រស់​។

25 ប្រុស​ៗ​របស់អ្នក​នឹង​ដួល​ដោយ​មុខដាវ មនុស្សខ្លាំងពូកែ​របស់អ្នក​នឹង​ដួល​នៅក្នុង​សមរភូមិ​។

26 ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative