អេសាយ 4 - ព្រះគម្ពីរខ្មែរសាកល1 នៅថ្ងៃនោះ ស្រីប្រាំពីរនាក់នឹងចាប់ប្រុសម្នាក់ ទាំងនិយាយថា៖ “ពួកខ្ញុំនឹងហូបអាហាររបស់ខ្លួន ហើយស្លៀកសម្លៀកបំពាក់របស់ខ្លួន។ សូមឲ្យតែពួកខ្ញុំត្រូវបានហៅតាមឈ្មោះរបស់អ្នកចុះ សូមដកសេចក្ដីអាម៉ាស់របស់ពួកខ្ញុំចេញផង!”។ សិរីរុងរឿងរបស់ស៊ីយ៉ូននៅអនាគត 2 នៅថ្ងៃនោះ លំពង់របស់ព្រះយេហូវ៉ានឹងមានភាពឧត្ដុង្គឧត្ដម និងសិរីរុងរឿង ហើយផលផ្លែរបស់ទឹកដីនោះនឹងបានជាមោទនភាព និងជាលម្អដល់អ្នកដែលរួចជីវិតនៃអ៊ីស្រាអែល។ 3 ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ 4 ជាពេលដែលព្រះអម្ចាស់របស់ខ្ញុំបានលាងសម្អាតភាពស្មោកគ្រោករបស់កូនស្រីស៊ីយ៉ូន ហើយជម្រះថ្លុកឈាមរបស់យេរូសាឡិមពីកណ្ដាលទីក្រុង ដោយវិញ្ញាណនៃការជំនុំជម្រះ និងវិញ្ញាណដែលឆេះសន្ធោសន្ធៅ។ 5 ពេលនោះ ព្រះយេហូវ៉ានឹងនិម្មិតបង្កើតពពកនៅពេលថ្ងៃ ហើយផ្សែង និងពន្លឺនៃអណ្ដាតភ្លើងនៅពេលយប់ ពីលើអស់ទាំងទីកន្លែងនៃភ្នំស៊ីយ៉ូន និងពីលើអង្គប្រជុំរបស់នាង ដ្បិតនឹងមានបារាំមួយលើអស់ទាំងសិរីរុងរឿង 6 ក៏នឹងមានរោងមួយ សម្រាប់ជាម្លប់ពីកម្ដៅនៅពេលថ្ងៃ ហើយជាជម្រក និងជាទីបាំង ពីព្យុះ និងពីភ្លៀងផង៕ |