ទំនាយទាស់នឹងដាម៉ាស់1 នេះជាទំនាយស្ដីអំពីដាម៉ាស់: “មើល៍! ដាម៉ាស់នឹងត្រូវបានដកចេញពីភាពជាទីក្រុង គឺត្រឡប់ជាគំនរបាក់បែកវិញ។ 2 ទីក្រុងនានានៃអារ៉ូអ៊ើរនឹងត្រូវបានបោះបង់ចោល ក៏នឹងបានសម្រាប់ហ្វូងចៀម; ពួកវានឹងដេក ហើយគ្មានអ្នកណាបំភ័យពួកវាឡើយ។ 3 រីឯបន្ទាយនឹងបាត់ពីអេប្រាអិម ហើយរាជ្យអំណាចនឹងបាត់ពីដាម៉ាស់។ សំណល់នៃជនជាតិអើរ៉ាមនឹងបានដូចជាសិរីរុងរឿងរបស់កូនចៅអ៊ីស្រាអែល”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។ ការជំនុំជម្រះអ៊ីស្រាអែល4 “នៅថ្ងៃនោះ សិរីរុងរឿងរបស់យ៉ាកុបនឹងដុនដាប ហើយមាឌធាត់របស់គេនឹងត្រឡប់ជាស្គមស្គាំងវិញ។ 5 យ៉ាងណាមិញ នឹងមានកើតឡើងដូច្នេះ: ដូចដែលអ្នកច្រូតប្រមូលស្រូវ ក៏ច្រូតកួរស្រូវដោយដៃរបស់ខ្លួនយ៉ាងណា ហើយដូចដែលគេរើសសន្សំកួរស្រូវនៅក្នុងជ្រលងភ្នំរេផែមយ៉ាងណា 6 គង់តែមានសំណល់នៅសល់នៅទីនោះយ៉ាងនោះដែរ គឺដូចជាការអង្រួនដើមអូលីវ ដែលតែងតែមានផ្លែពីរបីនៅចុងដើម ក៏មានបួនប្រាំនៅមែកដែលមានផ្លែច្រើន”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។ 7 នៅថ្ងៃនោះ មនុស្សនឹងផ្ចង់មើលព្រះសូនបង្កើតរបស់ខ្លួន ហើយភ្នែករបស់គេនឹងសម្លឹងមើលអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ 8 គេនឹងលែងផ្ចង់មើលអាសនាដែលជាស្នាដៃរបស់ខ្លួន ក៏លែងសម្លឹងមើលរូបព្រះម៉ែអាសេរ៉ា និងរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើដែរ។ 9 នៅថ្ងៃនោះ ទីក្រុងមាំមួនរបស់គេនឹងបានដូចជាកន្លែងដែលត្រូវគេបោះបង់ចោល នៅព្រៃ និងកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោលដោយព្រោះកូនចៅអ៊ីស្រាអែល ហើយកន្លែងនោះនឹងទៅជាទីស្ងាត់ជ្រងំ។ 10 ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។ ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ 11 ទោះបីជាអ្នកបណ្ដុះវានៅថ្ងៃដែលអ្នកដាំវា ហើយធ្វើឲ្យវាចេញផ្កានៅព្រឹកដែលអ្នកព្រោះវាក៏ដោយ ក៏ចម្រូតនឹងរត់គេចនៅថ្ងៃនៃការកើតជំងឺ និងការឈឺចាប់ដែលព្យាបាលមិនបាន។ ការជំនុំជម្រះប្រជាជាតិនានា12 វេទនាហើយ! សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម! សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា! 13 ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ នោះពួកគេនឹងរត់គេចទៅឆ្ងាយ ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់ និងដូចជាដុំស្មៅនៅមុខខ្យល់កួច។ 14 នៅពេលល្ងាច មើល៍! មានសេចក្ដីគួរឲ្យខ្លាច! មុនពេលព្រឹក គ្មានពួកគេឡើយ! នេះហើយជាចំណែករបស់អ្នកដែលរឹបជាន់យកពីយើង ជាវាសនារបស់អ្នកដែលប្លន់យកពីយើង៕ |