ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 2

តម្លៃនៃប្រាជ្ញា

1 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​ទទួលយក​ពាក្យ​របស់ខ្ញុំ ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក

2 ដើម្បី​ប្រុង​ត្រចៀក​របស់អ្នក​ស្ដាប់​ប្រាជ្ញា និង​ដើម្បី​ផ្ដោតចិត្ត​របស់អ្នក​លើ​ការយល់ដឹង

3 ពិតមែនហើយ ប្រសិនបើ​អ្នក​ហៅ​រក​ការយល់ជាក់ ហើយ​បន្លឺ​សំឡេង​រក​ការយល់ដឹង

4 ប្រសិនបើ​អ្នក​ស្វែងរក​វា​ដូច​ស្វែងរក​ប្រាក់ ហើយ​ខំរក​វា​ដូច​ខំរក​កំណប់

5 នោះ​អ្នក​នឹង​យល់ច្បាស់​នូវ​ការកោតខ្លាច​ព្រះយេហូវ៉ា ហើយ​រកឃើញ​ចំណេះដឹង​អំពី​ព្រះ

6 ដ្បិត​ព្រះយេហូវ៉ា​ប្រទាន​ប្រាជ្ញា​; ចំណេះដឹង និង​ការយល់ដឹង​ចេញមកពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។

7 ព្រះអង្គ​ប្រមូល​ប្រាជ្ញាត្រឹមត្រូវ​ទុក​សម្រាប់​មនុស្ស​ទៀងត្រង់ ព្រះអង្គជា​ខែល​ដល់​អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍

8 ដើម្បី​ការពារ​គន្លង​នៃ​សេចក្ដីយុត្តិធម៌ ហើយ​ថែរក្សា​ផ្លូវ​នៃ​វិសុទ្ធជន​របស់​ព្រះអង្គ​។

9 យ៉ាងនោះឯង អ្នក​នឹង​យល់ច្បាស់​នូវ​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់ គឺ​គ្រប់ទាំង​ផ្លូវ​ល្អ

10 ដ្បិត​ប្រាជ្ញា​នឹង​ចូល​ក្នុង​ចិត្ត​អ្នក ហើយ​ចំណេះដឹង​នឹង​ធ្វើឲ្យ​ព្រលឹង​អ្នក​បាន​រីករាយ​;

11 សមត្ថភាពពិចារណា​នឹង​ថែរក្សា​អ្នក ហើយ​ការយល់ដឹង​នឹង​ការពារ​អ្នក

12 ដើម្បី​រំដោះ​អ្នក​ពី​ផ្លូវ​របស់​មនុស្ស​អាក្រក់ និង​ពី​មនុស្ស​ដែល​និយាយ​សេចក្ដីកំហូច​——

13 ពួកគេ​បោះបង់ចោល​គន្លង​នៃ​សេចក្ដីទៀងត្រង់ ទៅ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីងងឹត​;

14 ពួកគេ​អរសប្បាយ​នឹង​ធ្វើ​អាក្រក់ ទាំង​ត្រេកអរ​ក្នុង​សេចក្ដីកំហូច​របស់​មនុស្ស​អាក្រក់​;

15 ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់ ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។

16 មួយវិញទៀត ដើម្បី​រំដោះ​អ្នក​ពី​ស្ត្រី​ផិតក្បត់ ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​——

17 នាង​បោះបង់ចោល​សម្លាញ់ភ្ងា​កាលពីនៅ​យុវវ័យ​របស់នាង ហើយ​បំភ្លេច​សម្ពន្ធមេត្រី​ជាមួយ​ព្រះ​របស់នាង​;

18 ផ្ទះ​របស់នាង​លិចចុះ​ទៅដល់​សេចក្ដីស្លាប់ ហើយ​គន្លង​របស់នាង​នាំទៅឯ​ព្រលឹងមនុស្សស្លាប់​;

19 អស់អ្នក​ដែល​ចូលទៅរក​នាង មិន​ត្រឡប់មកវិញ​ឡើយ ក៏​មិន​ទៅដល់​ផ្លូវ​នៃ​ជីវិត​ដែរ​។

20 នេះគឺ​ដើម្បីឲ្យ​អ្នក​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ហើយ​បាន​រក្សា​គន្លង​របស់​មនុស្ស​សុចរិត​។

21 ជាការពិត មនុស្ស​ទៀងត្រង់​នឹង​រស់នៅ​លើ​ផែនដី ហើយ​មនុស្ស​គ្រប់លក្ខណ៍​នឹង​នៅសល់​លើ​ផែនដី

22 រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​ពី​ផែនដី ហើយ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ដកចេញ​ពី​ផែនដី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative