ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 11 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 11

1 ត្រាជូ​បោកបញ្ឆោត​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​កូនជញ្ជីង​គ្រប់ទម្ងន់​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។

2 ពេល​ការក្រអឺតក្រទម​មក សេចក្ដីអាម៉ាស់​ក៏​មក​ដែរ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​មនុស្ស​រាបទាប​។

3 ភាពទៀងត្រង់​របស់​មនុស្ស​ទៀងត្រង់ នាំផ្លូវ​ខ្លួនគេ រីឯ​ភាពវៀចវេរ​របស់​មនុស្ស​ក្បត់ នឹង​បំផ្លាញ​ខ្លួនគេ​។

4 ទ្រព្យសម្បត្តិ​គ្មានប្រយោជន៍​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​ឡើយ រីឯ​សេចក្ដីសុចរិត​រំដោះឲ្យរួច​ពី​សេចក្ដីស្លាប់​។

5 សេចក្ដីសុចរិត​របស់​មនុស្ស​គ្រប់លក្ខណ៍ តម្រង់​ផ្លូវ​របស់ខ្លួនគេ ប៉ុន្តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន​។

6 សេចក្ដីសុចរិត​របស់​មនុស្ស​ទៀងត្រង់ រំដោះ​ខ្លួនគេ ប៉ុន្តែ​មនុស្ស​ក្បត់​នឹង​ត្រូវបាន​ចាប់​ដោយ​ចំណង់លោភលន់​របស់ខ្លួន​។

7 នៅពេល​មនុស្ស​អាក្រក់​ស្លាប់ ការរំពឹងទុក​របស់ពួកគេ​នឹង​វិនាស ហើយ​ក្ដីសង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ក៏​វិនាស​ទៅ​ដែរ​។

8 មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ពី​ទុក្ខវេទនា ហើយ​មនុស្ស​អាក្រក់​ចូលទៅ​ក្នុង​ទុក្ខវេទនា​ជំនួស​គាត់​វិញ​។

9 មនុស្ស​មិនគោរពព្រះ​បំផ្លាញ​អ្នកជិតខាង​របស់ខ្លួន​ដោយ​មាត់ ប៉ុន្តែ​មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ដោយ​ចំណេះដឹង​។

10 នៅពេល​មនុស្ស​សុចរិត​បានសុខ ទីក្រុង​នឹង​អបអរ ហើយ​នៅពេល​មនុស្ស​អាក្រក់​វិនាស​ទៅ ក៏​មាន​សម្រែកហ៊ោសប្បាយ​។

11 ទីក្រុង​ត្រូវបាន​លើកឡើង​ដោយ​ពរ​របស់​មនុស្ស​ទៀងត្រង់ ប៉ុន្តែ​វា​ត្រូវបាន​រំលំ​ដោយ​មាត់​របស់​មនុស្ស​អាក្រក់​។

12 អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ខ្វះ​វិចារណញ្ញាណ រីឯ​មនុស្ស​មាន​ការយល់ដឹង រក្សាភាពស្ងៀមស្ងាត់​។

13 មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ រីឯ​មនុស្ស​មានចិត្តស្មោះត្រង់​លាក់បាំង​រឿង​វិញ​។

14 ដោយ​គ្មាន​ការណែនាំ ប្រជាជន​ក៏​ដួល ដោយ​មាន​ទីប្រឹក្សា​ច្រើន នាំឲ្យមាន​ជ័យជម្នះ​។

15 អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ តែងតែរងទុក្ខ រីឯ​អ្នកដែល​ស្អប់​ការចាប់ដៃសន្យា នឹង​មានសុវត្ថិភាព​។

16 ស្ត្រី​មាន​ចិត្តសប្បុរស​បាន​សិរីរុងរឿង រីឯ​ពួក​មនុស្សប្រុស​កាចសាហាវ​បាន​តែ​ភាពស្ដុកស្ដម្ភ​។

17 មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់​ដល់​ព្រលឹង​របស់ខ្លួន រីឯ​មនុស្ស​ឃោរឃៅ ធ្វើទុក្ខ​រូបកាយ​របស់ខ្លួន​។

18 មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។

19 សេចក្ដីសុចរិត​ដ៏ពិត នាំទៅដល់​ជីវិត រីឯ​ការ​ដេញតាម​សេចក្ដីអាក្រក់ នាំទៅដល់​សេចក្ដីស្លាប់​។

20 មនុស្ស​មាន​ចិត្ត​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​ផ្លូវ​របស់​មនុស្ស​គ្រប់លក្ខណ៍ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។

21 មនុស្ស​អាក្រក់​ពិតជា​មិន​រួចទោស​ឡើយ រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​ត្រូវបាន​រំដោះ​។

22 ស្ត្រី​មានរូបស្អាត ប៉ុន្តែ​គ្មាន​គំនិតមារយាទ ប្រៀបដូចជា​ក្រវិល​មាស​ពាក់​នៅ​ច្រមុះ​ជ្រូក​។

23 បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត គឺ​មានតែ​សេចក្ដី​ល្អ រីឯ​ការរំពឹងទុក​របស់​មនុស្ស​អាក្រក់ គឺ​សេចក្ដីក្ដៅក្រហាយ​។

24 មាន​អ្នកដែល​ឲ្យដោយចិត្តទូលាយ ក៏​នៅតែ​ចម្រើនឡើង​ថែមទៀត​; មាន​អ្នកដែល​បង្ខាំងទុក​អ្វីដែល​ត្រូវ​ឲ្យ ក៏​មានតែ​ភាពខ្វះខាត​។

25 មនុស្សមានចិត្តសទ្ធា​នឹង​ចម្រើនឡើង ហើយ​អ្នកដែល​ស្រោច អ្នកនោះ​ក៏​នឹង​ត្រូវបាន​ស្រោច​វិញ​ដែរ​។

26 ប្រជាជន​នឹង​ដាក់បណ្ដាសា​អ្នកដែល​បង្ខាំង​ស្រូវ​ទុក ប៉ុន្តែ​មាន​ពរ​នៅលើ​ក្បាល​អ្នកដែល​លក់ស្រូវ​វិញ​។

27 អ្នកដែល​ខំប្រឹងស្វែងរក​សេចក្ដី​ល្អ នឹង​រកបាន​សេចក្ដីសន្ដោស រីឯ​អ្នកដែល​ស្វែងរក​ការអាក្រក់ ការអាក្រក់​នឹង​មកដល់​អ្នកនោះ​។

28 អ្នកដែល​ទុកចិត្តលើ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន​នឹង​ដួល រីឯ​មនុស្ស​សុចរិត​នឹង​លូតលាស់​ដូចជា​ស្លឹកឈើខៀវខ្ចី​។

29 អ្នកដែល​នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន នឹង​ទទួល​ខ្យល់​ជាមរតក ហើយ​មនុស្សល្ងីល្ងើ​នឹងទៅជា​បាវបម្រើ​ដល់​មនុស្ស​មានប្រាជ្ញា​ក្នុង​ចិត្ត​។

30 ផល​របស់​មនុស្ស​សុចរិត​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកដែល​ឈ្នះបាន​ព្រលឹង ជា​មនុស្ស​មានប្រាជ្ញា​។

31 ប្រសិនបើ​មនុស្ស​សុចរិត​ត្រូវបាន​តបសង​នៅ​ផែនដី​នេះ​ទៅហើយ ចុះទម្រាំ​មនុស្ស​អាក្រក់ និង​មនុស្សបាប តើ​នឹង​ត្រូវបាន​តបសង​អម្បាលម៉ាន​ទៅទៀត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative