ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាស្តា 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាស្តា 7

ពាក្យទំនៀមប្រកបដោយប្រាជ្ញា

1 កេរ្តិ៍ឈ្មោះ​ល្អ ប្រសើរជាង​ប្រេង​ដ៏ល្អ ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរជាង​ថ្ងៃ​កើត​ដែរ​។

2 ទៅ​ផ្ទះ​កាន់ទុក្ខ ប្រសើរ​ជាង​ទៅ​ផ្ទះ​ជប់លៀង ដ្បិត​នេះ​ជា​ទីបញ្ចប់​របស់​មនុស្ស​ទាំងអស់ ហើយ​មនុស្សដែលនៅរស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការនេះ​។

3 ទុក្ខព្រួយ​ប្រសើរ​ជាង​ការសើចសប្បាយ ដ្បិត​ដោយ​ទឹកមុខ​ក្រៀមក្រំ ធ្វើឲ្យ​ចិត្ត​ប្រសើរឡើង​។

4 ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា នៅក្នុង​ផ្ទះ​នៃ​ការកាន់ទុក្ខ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​វិញ នៅក្នុង​ផ្ទះ​នៃ​ការសប្បាយ​។

5 ចំពោះ​មនុស្ស ការដែល​ស្ដាប់​ពាក្យស្ដីបន្ទោស​របស់​មនុស្ស​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ចម្រៀង​របស់​មនុស្សល្ងង់​;

6 ដ្បិត​ដូចដែល​សំឡេងប្រែះៗ​របស់​បន្លា​នៅក្រោម​ឆ្នាំង​ជា​យ៉ាងណា សំណើច​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!

7 ការសង្កត់សង្កិន​ប្រាកដជា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​ទៅជាឆ្កួត ហើយ​សំណូក​បង្ខូច​ចិត្ត​មនុស្ស​។

8 ចុងបញ្ចប់​នៃ​អ្វីមួយ ប្រសើរ​ជាង​ការចាប់ផ្ដើម​របស់វា ចិត្ត​អត់ធ្មត់ ប្រសើរ​ជាង​ចិត្ត​ឆ្មើងឆ្មៃ​។

9 កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។

10 កុំ​ពោលថា​៖ “ម្ដេចក៏​កាល​ពីមុន​ល្អ​ជាង​សព្វថ្ងៃ​?” នោះ​ឡើយ ដ្បិត​មិនមែន​មកពី​ប្រាជ្ញា​ទេ ដែល​អ្នក​បាន​សួរ​ដូច្នេះ​។

11 ប្រាជ្ញា​គឺ​ល្អប្រពៃ ស្មើនឹង​មរតក ហើយ​ជា​ប្រយោជន៍​ដល់​អ្នកដែល​ឃើញ​ពន្លឺថ្ងៃ

12 ដ្បិត​ប្រាជ្ញា​ជា​គ្រឿងការពារ ដូចដែល​ប្រាក់​ជា​គ្រឿងការពារ​ដែរ​; ប្រយោជន៍​នៃ​ចំណេះដឹង គឺជា​ប្រាជ្ញា​ដែល​រក្សាជីវិត​ពួក​ម្ចាស់​របស់វា​។

13 ចូរ​ពិចារណា​កិច្ចការ​របស់​ព្រះ​ចុះ ដ្បិត​តើ​នរណា​អាច​ធ្វើឲ្យត្រង់​បាន នូវ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើឲ្យ​វៀច​ទៅហើយ​?

14 នៅ​គ្រា​ល្អ ចូរ​អរសប្បាយ​ចុះ រីឯ​នៅ​គ្រា​មាន​ភាពអកុសល ចូរ​ពិចារណា​វិញ​; ព្រះ​បាន​បង្កើត​មួយនេះ​ជាមួយគ្នានឹង​មួយនោះ​ដែរ ដើម្បី​កុំឲ្យ​មនុស្ស​រកឃើញ​ថា​មាន​អ្វី​កើតឡើង​ក្រោយពី​គេ​ឡើយ​។

ចៀសវាងពីភាពហួសហេតុ

15 ខ្ញុំ​បាន​ឃើញ​អ្វីៗ​ទាំងអស់ ក្នុង​ថ្ងៃអាយុ​ដ៏ឥតន័យ​របស់ខ្ញុំ គឺ​មាន​មនុស្ស​សុចរិត​វិនាស​ដោយសារតែ​សេចក្ដីសុចរិត​របស់ខ្លួន ហើយក៏​មាន​មនុស្ស​អាក្រក់​មានអាយុវែង​ដោយសារតែ​ការអាក្រក់​របស់ខ្លួន​ដែរ​។

16 កុំ​ឲ្យ​សុចរិត​ហួសហេតុពេក ហើយក៏​កុំ​ធ្វើឲ្យ​ខ្លួន​មានប្រាជ្ញា​ពេក​ដែរ​។ ម្ដេចក៏​ត្រូវ​បំផ្លាញ​ខ្លួនឯង​ដូច្នេះ​?

17 កុំឲ្យ​ធ្វើអាក្រក់​ហួសហេតុពេក ហើយក៏​កុំឲ្យ​ធ្វើជា​មនុស្សល្ងង់​ដែរ​។ ម្ដេចក៏​ត្រូវ​ស្លាប់​មុន​ពេលកំណត់​របស់អ្នក​ដូច្នេះ​?

18 ជាការ​ល្អ​ដែល​អ្នក​ចាប់​មួយនេះ ហើយក៏​មិន​ឲ្យ​មួយនោះ​របូតពីដៃ​អ្នក​ដែរ​; ដ្បិត​អ្នកដែល​កោតខ្លាច​ព្រះ នឹង​ចេញរួច​ពី​ការទាំងអស់​នេះ​។

19 ប្រាជ្ញា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា មានកម្លាំង​ជាង​មេគ្រប់គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ទៅទៀត​។

20 តាមពិត គ្មាន​មនុស្ស​សុចរិត​នៅលើ​ផែនដី ដែល​ធ្វើ​ការ​ល្អ ហើយ​មិន​ប្រព្រឹត្តបាប​នោះ​ឡើយ​។

21 កុំ​យកចិត្តទុកដាក់​ចំពោះ​ពាក្យ​នីមួយៗ​ដែល​គេ​និយាយ​ឡើយ ក្រែងលោ​អ្នក​ឮ​បាវបម្រើ​របស់អ្នក​ប្រទេចផ្ដាសា​អ្នក​;

22 ដ្បិត​ចិត្ត​របស់អ្នក​ដឹង​ហើយ​ថា ខ្លួនអ្នក​ក៏​ធ្លាប់​ប្រទេចផ្ដាសា​អ្នកដទៃ​ជាច្រើន​ដង​ដែរ​។

ការរកឃើញរបស់សាស្ដា

23 ខ្ញុំ​បាន​សាកល្បង​ការទាំងអស់​នេះ​ដោយ​ប្រាជ្ញា​។ ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​នឹង​មានប្រាជ្ញា” ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​ខ្ញុំ​។

24 អ្វី​ដែល​មាននៅ គឺ​នៅឆ្ងាយ ហើយ​ជ្រៅក្រៃលែង តើ​នរណា​អាច​រុករក​វា​បាន​?

25 ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។

26 ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។

27 សាស្ដា​ពោលថា​៖ “មើល៍! ខ្ញុំ​បាន​រកឃើញ​សេចក្ដីនេះ ដោយយោងពី​មួយ​ទៅ​មួយ ដើម្បី​បាន​រកឃើញ​គោលការណ៍

28 ដែល​ព្រលឹង​របស់ខ្ញុំ​បាន​ស្វែងរក​ម្ដងហើយម្ដងទៀត ប៉ុន្តែ​នៅតែ​រកមិនឃើញ​។ ក្នុងចំណោម​មួយពាន់​នាក់ ខ្ញុំ​បាន​រកឃើញ​មនុស្សប្រុស​ទៀងត្រង់​ម្នាក់ ប៉ុន្តែ​ខ្ញុំ​រកមិនឃើញ​មនុស្សស្រី​ទៀងត្រង់​សោះ ក្នុងចំណោម​អ្នក​ទាំងអស់​នោះ​។

29 មើល៍! ខ្ញុំ​បាន​រកឃើញ​តែ​សេចក្ដីនេះ​ប៉ុណ្ណោះ គឺថា​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យបាន​ទៀងត្រង់ ប៉ុន្តែ​ពួកគេ​បាន​ស្វែងរក​ឧបាយកល​ជាច្រើន​វិញ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative