ជំនុំជម្រះសត្រូវរបស់ស៊ីយ៉ូន1 នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ ——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា—— 2 ក៏ទាស់នឹងហាម៉ាថ ដែលជាប់ព្រំដែននឹងដាម៉ាស់ ព្រមទាំងទាស់នឹងទីរ៉ុស និងស៊ីដូនផង ទោះបីជាពួកគេមានប្រាជ្ញាច្រើនក៏ដោយ។ 3 ទីរ៉ុសបានសង់ប៉មដ៏មាំមួនសម្រាប់ខ្លួន ហើយបង្គរប្រាក់ទុកដូចជាធូលី ក៏បង្គរមាសទុកដូចជាភក់តាមផ្លូវ។ 4 មើល៍! ព្រះអម្ចាស់នឹងដកកម្មសិទ្ធិរបស់ទីរ៉ុសចេញ ក៏វាយកម្ទេចទ្រព្យសម្បត្តិរបស់នាងនៅក្នុងសមុទ្រ ហើយនាងនឹងត្រូវបានស៊ីបំផ្លាញដោយភ្លើង។ 5 អាសកាឡូននឹងឃើញក៏ខ្លាច កាសានឹងឈឺចុកចាប់យ៉ាងខ្លាំង ហើយអេក្រុនក៏ដូច្នោះដែរ ដ្បិតទីសង្ឃឹមរបស់អេក្រុនបានរីងស្ងួតហើយ។ ស្ដេចក៏បាត់ពីកាសា ហើយអាសកាឡូននឹងគ្មានគេរស់នៅឡើយ។ 6 ពូជសាសន៍ចម្រុះគ្នានឹងរស់នៅក្នុងអាសដូឌ ហើយយើងនឹងកាត់អំនួតរបស់ជនជាតិភីលីស្ទីនចេញ។ 7 យើងនឹងយកឈាមចេញពីមាត់ពួកគេ ក៏យករបស់គួរឲ្យស្អប់ខ្ពើមរបស់ពួកគេចេញពីចន្លោះធ្មេញពួកគេ នោះពួកគេនឹងទៅជាអ្នកដែលនៅសល់សម្រាប់ព្រះរបស់ពួកយើងដែរ ហើយនឹងបានដូចជាមេដឹកនាំក្នុងយូដា រីឯអេក្រុននឹងបានដូចជាជនជាតិយេប៊ូសវិញ។ 8 យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។ ស្ដេចនៃស៊ីយ៉ូនយាងមក9 កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។ 10 យើងនឹងកាត់រទេះចម្បាំងចេញពីអេប្រាអិម ក៏នឹងកាត់សេះចម្បាំងចេញពីយេរូសាឡិម រីឯធ្នូចម្បាំងនឹងត្រូវបានកាត់ចេញដែរ។ ព្រះអង្គនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា ហើយអំណាចរបស់ព្រះអង្គ គឺចាប់ពីសមុទ្រម្ខាងរហូតដល់សមុទ្រម្ខាងទៀត និងចាប់ពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។ 11 រីឯអ្នកវិញ ស៊ីយ៉ូនអើយ យើងនឹងដោះលែងពួកអ្នកទោសរបស់អ្នកពីរណ្ដៅគ្មានទឹក ដោយព្រោះឈាមនៃសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក។ 12 ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ ចូរត្រឡប់មកបន្ទាយវិញចុះ! ថ្ងៃនេះយើងប្រកាសថា យើងនឹងសងអ្នកទ្វេដង។ 13 ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ 14 រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។ 15 ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។ ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។ 16 នៅថ្ងៃនោះ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេនឹងសង្គ្រោះពួកគេ ដូចជាសង្គ្រោះហ្វូងចៀមជាប្រជារាស្ត្ររបស់ព្រះអង្គ។ ពួកគេនឹងចែងចាំងដូចជាត្បូងនៃមកុដ នៅក្នុងទឹកដីរបស់ព្រះអង្គ។ 17 ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕ |