ផ្លុំត្រែទីប្រាំ1 ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។ 2 ផ្កាយនោះបានបើករណ្ដៅគ្មានបាត ក៏មានផ្សែងហុយឡើងចេញពីរណ្ដៅ ដូចផ្សែងហុយឡើងចេញពីឡធំមួយ ហើយព្រះអាទិត្យ និងអាកាសត្រូវបានធ្វើឲ្យងងឹតសូន្យ ដោយសារតែផ្សែងពីរណ្ដៅនោះ។ 3 បន្ទាប់មក មានកណ្ដូបចេញពីផ្សែងមកលើផែនដី ហើយមានអានុភាពមួយបានប្រទានដល់ពួកវា ដូចអានុភាពដែលខ្យាដំរីនៅលើផែនដីមាន។ 4 មានបង្គាប់ដល់កណ្ដូបទាំងនោះ កុំឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិខៀវខ្ចីណាមួយ ឬដើមឈើណាមួយឡើយ ឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះនៅលើថ្ងាសប៉ុណ្ណោះ។ 5 ក៏ប៉ុន្តែមិនបានប្រទានឲ្យកណ្ដូបទាំងនោះសម្លាប់មនុស្សទាំងនោះទេ គឺឲ្យពួកគេឈឺចាប់ក្នុងប្រាំខែ ហើយការឈឺចាប់ពីពួកវាដូចជាការឈឺចាប់ពីខ្យាដំរីពេលវាទិចមនុស្ស។ 6 នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្តែរកមិនឃើញសោះឡើយ ពួកគេនឹងប្រាថ្នាចង់ស្លាប់ ប៉ុន្តែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។ 7 កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។ 8 ពួកវាមានសក់ដូចសក់មនុស្សស្រី ហើយធ្មេញរបស់ពួកវាដូចធ្មេញសិង្ហ។ 9 ពួកវាមានក្រោះការពារទ្រូងដូចជាក្រោះដែក ហើយស្នូរស្លាបពួកវាដូចស្នូររទេះចម្បាំងដែលទឹមដោយសេះជាច្រើន កំពុងសម្រុកចូលទៅក្នុងចម្បាំង។ 10 ពួកវាមានកន្ទុយ និងទ្រនិច ស្រដៀងនឹងកន្ទុយ និងទ្រនិចរបស់ខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអានុភាពធ្វើទុក្ខមនុស្សក្នុងប្រាំខែ។ 11 មានទូតនៃរណ្ដៅគ្មានបាតជាស្ដេចលើពួកវា។ ទូតនោះមានឈ្មោះជាភាសាហេព្រើរថា “អាបាដូន” ហើយមានឈ្មោះជាភាសាក្រិកថា “អាប៉ុលីយ៉ូន”។ 12 មហន្តរាយទីមួយបានកន្លងផុតទៅ។ មើល៍! នៅមានមហន្តរាយពីរទៀត ដែលនឹងមកក្រោយពីការទាំងនេះ។ ផ្លុំត្រែទីប្រាំមួយ13 ទូតសួគ៌ទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំបានឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់អាសនាមាសដែលនៅចំពោះព្រះ 14 និយាយនឹងទូតសួគ៌ទីប្រាំមួយដែលកាន់ត្រែនោះថា៖ “ចូរស្រាយទូតសួគ៌ទាំងបួនរូបដែលត្រូវបានចងទុកនៅទន្លេដ៏ធំ គឺទន្លេអ៊ើប្រាតនោះទៅ!”។ 15 ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។ 16 រីឯចំនួនទ័ពសេះមានពីររយលាន។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ។ 17 សេះ និងអ្នកដែលជិះវា ដែលខ្ញុំបានឃើញក្នុងនិមិត្ត មានលក្ខណៈដូច្នេះ: ពួកគេពាក់ក្រោះការពារទ្រូងពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និងពណ៌ស្ពាន់ធ័រ; ក្បាលសេះទាំងនោះដូចក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រ ចេញមកពីមាត់របស់ពួកវា។ 18 មួយភាគបីនៃមនុស្សជាតិត្រូវបានសម្លាប់ដោយគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញមកពីមាត់របស់ពួកវា។ 19 ជាការពិត អានុភាពរបស់សេះទាំងនោះ ស្ថិតនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ដ្បិតកន្ទុយរបស់ពួកវាស្រដៀងនឹងសត្វពស់ គឺមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយក្បាលនោះ។ 20 រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ 21 ក៏មិនបានកែប្រែចិត្តពីឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬការលួចប្លន់របស់ខ្លួនសោះឡើយ៕ |