សេចក្ដីសន្យារបស់ព្រះត្រូវបានបញ្ជាក់ដល់អ៊ីសាក1 នៅសម័យនោះ មានទុរ្ភិក្សនៅក្នុងទឹកដីនោះ ក្រៅពីទុរ្ភិក្សលើកមុនដែលមាននៅជំនាន់របស់អ័ប្រាហាំ។ ដូច្នេះ អ៊ីសាកក៏ទៅឯអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីននៅកេរ៉ារ។ 2 ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “កុំចុះទៅអេហ្ស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងនឹងប្រាប់អ្នក។ 3 ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ 4 យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក 5 ពីព្រោះអ័ប្រាហាំបានស្ដាប់តាមសំឡេងរបស់យើង ហើយកាន់តាមអស់ទាំងសេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និងក្រឹត្យវិន័យរបស់យើង”។ 6 ដូច្នេះ អ៊ីសាកក៏រស់នៅក្នុងកេរ៉ារ។ អ៊ីសាក និងអ័ប៊ីម្ម៉ាឡិច7 នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។ 8 កាលគាត់នៅទីនោះបានយូរថ្ងៃហើយ មានថ្ងៃមួយអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីនអើតមើលតាមបង្អួច ហើយឃើញ នោះមើល៍! អ៊ីសាកកំពុងប្រឡែងជាមួយរេបិកាប្រពន្ធរបស់គាត់។ 9 អ័ប៊ីម្ម៉ាឡិចក៏ហៅអ៊ីសាកមក មានរាជឱង្ការថា៖ “មើល៍! តាមពិតនាងជាប្រពន្ធរបស់អ្នកទេតើ! ចុះម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដូច្នេះ?”។ អ៊ីសាកទូលតបនឹងទ្រង់ថា៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះខ្ញុំព្រះបាទគិតថា: ‘ក្រែងលោខ្ញុំត្រូវស្លាប់ដោយសារតែនាង’”។ 10 អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? នៅតែបន្តិចទៀតអាចមានម្នាក់ក្នុងចំណោមប្រជារាស្ត្របានរួមដំណេកជាមួយប្រពន្ធរបស់អ្នក នោះអ្នកបាននាំទោសមកលើយើងហើយ”។ 11 ដូច្នេះ អ័ប៊ីម្ម៉ាឡិចក៏បង្គាប់ប្រជារាស្ត្រទាំងអស់ថា៖ “អ្នកដែលប៉ះពាល់មនុស្សនេះ ឬប្រពន្ធរបស់គាត់ ត្រូវតែប្រហារជីវិតអ្នកនោះជាដាច់ខាត”។ ជម្លោះអំពីអណ្ដូង12 អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់ 13 នោះគាត់ក៏បានជាស្ដុកស្ដម្ភ ហើយចម្រើនឡើងយ៉ាងខ្លាំង រហូតដល់គាត់បានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង។ 14 គាត់មានហ្វូងចៀម ហ្វូងគោ និងបាវបម្រើជាច្រើន ដូច្នេះពួកជនជាតិភីលីស្ទីនក៏ច្រណែនគាត់។ 15 ពួកជនជាតិភីលីស្ទីនក៏បិទអណ្ដូងទាំងអស់ដែលបាវបម្រើរបស់ឪពុកគាត់បានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ គឺពួកគេលុបដីបំពេញអណ្ដូងទាំងនោះ។ 16 អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ៊ីសាកថា៖ “ចូរចាកចេញពីពួកយើងទៅ ដ្បិតអ្នកបានជាខ្លាំងជាងពួកយើងណាស់”។ 17 អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ 18 បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។ 19 នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។ 20 ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។ 21 ក្រោយមក ពួកគេជីកអណ្ដូងមួយទៀត ហើយពួកគេបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះដែរ ដូច្នេះគាត់ដាក់ឈ្មោះវាថា ស៊ីតណា។ 22 គាត់រើចេញពីទីនោះ ហើយជីកអណ្ដូងមួយទៀត។ លើកនេះ ពួកគេមិនបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះទេ ដូច្នេះគាត់ដាក់ឈ្មោះវាថា រេហូបូត ដោយនិយាយថា៖ “ឥឡូវនេះ ព្រះយេហូវ៉ាបានពង្រីកកន្លែងឲ្យពួកយើងហើយ ដូច្នេះយើងនឹងចម្រើនឡើងនៅក្នុងទឹកដីនេះ”។ ព្រះលេចមកដល់អ៊ីសាក23 រួចអ៊ីសាកឡើងពីទីនោះទៅបៀរ-សេបា។ 24 នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។ 25 ដូច្នេះ អ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា រួចដំឡើងរោងរបស់គាត់នៅទីនោះ។ ពួកបាវបម្រើរបស់អ៊ីសាកក៏ជីកអណ្ដូងមួយនៅទីនោះដែរ។ សន្ធិសញ្ញារវាងអ៊ីសាក និងអ័ប៊ីម្ម៉ាឡិច26 រីឯអ័ប៊ីម្ម៉ាឡិច និងអ័ហ៊ូសាតទីប្រឹក្សារបស់ទ្រង់ ព្រមទាំងភីកុលមេទ័ពរបស់ទ្រង់ បានចេញពីកេរ៉ារមកជួបអ៊ីសាក។ 27 អ៊ីសាកទូលសួរពួកទ្រង់ថា៖ “ហេតុអ្វីបានជាពួកទ្រង់មករកខ្ញុំព្រះបាទដូច្នេះ? ដ្បិតពួកទ្រង់បានស្អប់ខ្ញុំព្រះបាទ ព្រមទាំងបញ្ជូនខ្ញុំព្រះបាទចេញពីចំណោមពួកទ្រង់ផង”។ 28 ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា 29 អ្នកនឹងមិនធ្វើអាក្រក់ដល់ពួកយើង ដូចដែលពួកយើងមិនបានប៉ះពាល់អ្នកដែរ គឺដូចដែលពួកយើងបានធ្វើតែល្អដល់អ្នក ព្រមទាំងបានជូនដំណើរអ្នកដោយសុខសាន្ត។ ឥឡូវនេះ អ្នកជាមនុស្សមានព្រះពររបស់ព្រះយេហូវ៉ា”។ 30 រួចអ៊ីសាករៀបចំពិធីជប់លៀងសម្រាប់ពួកទ្រង់ នោះពួកទ្រង់ក៏ហូប និងផឹក។ 31 ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកជូនដំណើរពួកទ្រង់ នោះពួកទ្រង់ក៏ចាកចេញពីគាត់ទៅដោយសុខសាន្ត។ 32 នៅក្នុងថ្ងៃដដែលនោះ ពួកបាវបម្រើរបស់អ៊ីសាកមកប្រាប់គាត់អំពីរឿងអណ្ដូងដែលពួកគេបានជីកនោះថា៖ “ពួកខ្ញុំបានរកឃើញទឹកហើយ”។ 33 គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា សេបា។ ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា បៀរ-សេបា រហូតដល់សព្វថ្ងៃ។ អេសាវយកប្រពន្ធពីរ34 នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។ 35 ពួកនាងធ្វើឲ្យជីវិតរបស់អ៊ីសាក និងរេបិកាល្វីងជូរចត់ណាស់៕ |