ពូជពង្សឯទៀតរបស់អ័ប្រាហាំ1 អ័ប្រាហាំយកប្រពន្ធមួយទៀត ឈ្មោះកិទូរ៉ា។ 2 នាងបង្កើតស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអាឲ្យគាត់។ 3 យ៉ុកសានបង្កើតសេបា និងដេដាន់។ កូនចៅរបស់ដេដាន់គឺជនជាតិអាសស៊ើរ ជនជាតិលេទូស និងជនជាតិលេវមី។ 4 រីឯពួកកូនប្រុសរបស់ម៉ាឌាន គឺអេផា អេភើរ ហាណុក អ័ប៊ីដា និងអែលដ្អា។ អ្នកទាំងអស់នេះជាកូនចៅរបស់កិទូរ៉ា។ 5 អ័ប្រាហាំប្រគល់អ្វីៗទាំងអស់ដែលគាត់មានទៅអ៊ីសាក 6 រីឯចំពោះពួកកូនប្រុសរបស់ពួកប្រពន្ធចុងអ័ប្រាហាំវិញ អ័ប្រាហាំបានចែកអំណោយឲ្យ ហើយបញ្ជូនពួកគេទៅទិសខាងកើត គឺទៅឯស្រុកខាងកើតឲ្យនៅឆ្ងាយពីអ៊ីសាកកូនប្រុសរបស់គាត់ កាលគាត់នៅរស់នៅឡើយ។ មរណភាពរបស់អ័ប្រាហាំ7 នេះជាថ្ងៃអាយុនៃជីវិតរបស់អ័ប្រាហាំ គឺគាត់រស់នៅបានមួយរយចិតសិបប្រាំឆ្នាំ។ 8 អ័ប្រាហាំបានផុតដង្ហើម ហើយស្លាប់ទៅក្រោយពីមានអាយុវែងល្អ គឺមានអាយុច្រើន ទាំងស្កប់ចិត្ត ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។ 9 អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ 10 ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។ 11 ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។ វង្សត្រកូលរបស់អ៊ីសម៉ាអែល12 នេះជាវង្សត្រកូលរបស់អ៊ីសម៉ាអែលកូនប្រុសអ័ប្រាហាំ ដែលហាការជនជាតិអេហ្ស៊ីបជាបាវបម្រើស្រីរបស់សារ៉ា បានបង្កើតឲ្យអ័ប្រាហាំ: 13 ឈ្មោះកូនប្រុសរបស់អ៊ីសម៉ាអែល តាមលំដាប់នៃកំណើត គឺដូចតទៅ: កូនច្បងរបស់អ៊ីសម៉ាអែលគឺនេបាយ៉ូត បន្ទាប់មកកេដារ អ័ឌប្អែល មីបសាម 14 មីសម៉ា ឌូម៉ា ម៉ាសា 15 ហាដាដ ថេម៉ា យេធើរ ណាភីស និងកេតម៉ា។ 16 ទាំងនេះហើយជាកូនប្រុសរបស់អ៊ីសម៉ាអែល និងជាឈ្មោះរបស់ពួកគេ តាមភូមិ និងតាមជំរំរបស់ពួកគេ គឺមានមេដឹកនាំដប់ពីរនាក់នៃកុលសម្ព័ន្ធពួកគេ។ 17 នេះជាអាយុនៃជីវិតរបស់អ៊ីសម៉ាអែល គឺមួយរយសាមសិបប្រាំពីរឆ្នាំ។ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។ 18 កូនចៅអ៊ីសម៉ាអែលរស់នៅចាប់ពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខអេហ្ស៊ីប តាមផ្លូវទៅអាស្ស៊ីរី។ អ៊ីសម៉ាអែលបានរស់នៅដោយប្រឆាំងនឹងបងប្អូនទាំងអស់របស់ខ្លួន។ កំណើតអេសាវ និងយ៉ាកុប19 នេះជាវង្សត្រកូលរបស់អ៊ីសាកកូនប្រុសអ័ប្រាហាំ: អ័ប្រាហាំបង្កើតអ៊ីសាក 20 អ៊ីសាកមានអាយុសែសិបឆ្នាំ ពេលគាត់យករេបិកាធ្វើជាប្រពន្ធ ដែលរេបិកាជាកូនស្រីរបស់បេធូអែលជាជនជាតិអើរ៉ាមពីប៉ាដាន់-អើរ៉ាម ជាប្អូនស្រីរបស់ឡាបាន់ជនជាតិអើរ៉ាម។ 21 អ៊ីសាកអធិស្ឋានទៅព្រះយេហូវ៉ាសម្រាប់ប្រពន្ធរបស់គាត់ ពីព្រោះនាងជាស្ត្រីអារ នោះព្រះយេហូវ៉ាក៏ប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់គាត់ ហើយរេបិកាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ។ 22 រីឯកូនក្នុងផ្ទៃនាងដោលគ្នា នាងក៏និយាយថា៖ “បើដូច្នេះ ហេតុអ្វីបានជាការនេះកើតឡើងដល់ខ្ញុំ?”។ រួចនាងទៅទូលសួរព្រះយេហូវ៉ា។ 23 ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។ 24 លុះនាងគ្រប់ខែត្រូវសម្រាលកូនហើយ មើល៍! មានកូនភ្លោះក្នុងផ្ទៃនាង! 25 កូនទីមួយកើតចេញមកមានសម្បុរក្រហម ខ្លួនទាំងមូលដូចអាវរោមសត្វ គេក៏ដាក់ឈ្មោះវាថា អេសាវ។ 26 បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។ អេសាវលក់សិទ្ធិកូនច្បង27 នៅពេលក្មេងប្រុសទាំងពីរនោះធំឡើង អេសាវក៏ទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៃទីវាល រីឯយ៉ាកុបវិញ ជាមនុស្សស្រគត់ស្រគំ នៅតែក្នុងរោង។ 28 អ៊ីសាកស្រឡាញ់អេសាវ ពីព្រោះចូលចិត្តហូបសាច់សត្វដែលគាត់បរបាញ់បាន រីឯរេបិកាស្រឡាញ់យ៉ាកុប។ 29 មានថ្ងៃមួយ យ៉ាកុបកំពុងស្លសម្ល អេសាវក៏មកពីទីវាលទាំងអស់កម្លាំង។ 30 អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។ 31 យ៉ាកុបនិយាយថា៖ “សូមលក់សិទ្ធិកូនច្បងរបស់បងឲ្យខ្ញុំ នៅថ្ងៃនេះសិនមក!”។ 32 អេសាវតបថា៖ “មើល៍! ខ្ញុំស្លាប់ឥឡូវហើយ តើសិទ្ធិកូនច្បងនេះជាអ្វីដល់ខ្ញុំ?”។ 33 យ៉ាកុបនិយាយថា៖ “សូមស្បថនឹងខ្ញុំនៅថ្ងៃនេះមក!”។ គាត់ក៏ស្បថនឹងយ៉ាកុប ហើយលក់សិទ្ធិកូនច្បងឲ្យយ៉ាកុប។ 34 បន្ទាប់មក យ៉ាកុបក៏ឲ្យនំប៉័ង និងសម្លសណ្ដែកដល់អេសាវ គាត់ក៏ហូប ហើយផឹក រួចក្រោកឡើងចេញបាត់ទៅ។ គឺយ៉ាងនេះឯងដែលអេសាវបានមើលងាយសិទ្ធិកូនច្បង៕ |