ទិញដីបញ្ចុះសារ៉ា1 សារ៉ាមានអាយុមួយរយម្ភៃប្រាំពីរឆ្នាំ នេះហើយជាអាយុនៃជីវិតរបស់សារ៉ា។ 2 បន្ទាប់មក សារ៉ាស្លាប់នៅគារយ៉ាត់-អើបា គឺនៅហេប្រុនក្នុងដែនដីកាណាន។ អ័ប្រាហាំក៏ចូលទៅកាន់ទុក្ខចំពោះសារ៉ា ហើយយំស្រណោះនាង។ 3 រួចអ័ប្រាហាំក្រោកចេញពីមុខសព ហើយនិយាយនឹងកូនចៅហេតថា៖ 4 “ខ្ញុំជាជនរស់នៅបណ្ដោះអាសន្ន និងជាជនសាត់អណ្ដែតក្នុងចំណោមអស់លោក។ សូមឲ្យកម្មសិទ្ធិមួយដល់ខ្ញុំ សម្រាប់ធ្វើជាផ្នូរក្នុងចំណោមអស់លោក ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនេះ ចេញពីមុខខ្ញុំផង”។ 5 កូនចៅហេតក៏តបនឹងអ័ប្រាហាំថា៖ 6 “លោកម្ចាស់នៃយើងខ្ញុំអើយ សូមស្ដាប់យើងខ្ញុំ! លោកជាអ្នកដឹកនាំពីព្រះក្នុងចំណោមយើងខ្ញុំ។ សូមបញ្ចុះសពនេះ នៅក្នុងផ្នូរដែលល្អបំផុតរបស់យើងខ្ញុំចុះ! ក្នុងចំណោមយើងខ្ញុំ គ្មានអ្នកណាឃាត់លោកមិនឲ្យបញ្ចុះសពក្នុងផ្នូរគេឡើយ”។ 7 អ័ប្រាហាំក៏ក្រោកឡើង ហើយក្រាបចុះនៅចំពោះកូនចៅហេតជាអ្នកស្រុកនោះ 8 រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង 9 ឲ្យគាត់ប្រគល់រអាងនៅម៉ាក់ពេឡាដែលជារបស់គាត់មកខ្ញុំ វានៅចុងចម្ការរបស់គាត់ទេ។ សូមឲ្យគាត់ប្រគល់វាមកខ្ញុំតាមតម្លៃពេញ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ នៅចំពោះអស់លោកផង”។ 10 ពេលនោះ អេប្រុនកំពុងអង្គុយនៅកណ្ដាលចំណោមកូនចៅហេត។ អេប្រុនជាជនជាតិហេតក៏តបនឹងអ័ប្រាហាំ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង ដោយនិយាយថា៖ 11 “ទេ លោកម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ! ខ្ញុំសូមជូនចម្ការនោះដល់លោក រីឯរអាងដែលនៅក្នុងចម្ការនោះក៏ខ្ញុំសូមជូនដល់លោកដែរ គឺខ្ញុំសូមជូនវាដល់លោកនៅចំពោះភ្នែកជនរួមជាតិរបស់ខ្ញុំ។ សូមបញ្ចុះសពនោះចុះ”។ 12 អ័ប្រាហាំក៏ក្រាបចុះនៅចំពោះពួកអ្នកស្រុកនោះ 13 រួចនិយាយនឹងអេប្រុន ខណៈដែលពួកអ្នកស្រុកនោះកំពុងស្ដាប់ ថា៖ “ប៉ុន្តែប្រសិនបើលោកសុខចិត្ត សូមស្ដាប់ខ្ញុំ ខ្ញុំនឹងបង់ប្រាក់សម្រាប់ចម្ការនោះ។ សូមទទួលយកពីខ្ញុំចុះ នោះខ្ញុំអាចបញ្ចុះសពនៅទីនោះបាន”។ 14 អេប្រុនតបនឹងអ័ប្រាហាំថា៖ 15 “លោកម្ចាស់នៃខ្ញុំអើយ សូមស្ដាប់ខ្ញុំ! ប្រាក់បួនរយសិគែលសម្រាប់ដីមួយកន្លែងនេះ តើជាអ្វីរវាងខ្ញុំ និងលោក? សូមបញ្ចុះសពនោះចុះ”។ 16 អ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយអ័ប្រាហាំថ្លឹងឲ្យអេប្រុនតាមតម្លៃដែលគាត់បាននិយាយ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺប្រាក់បួនរយសិគែលតាមតម្លៃឈ្មួញ។ 17 ដូច្នេះ ចម្ការរបស់អេប្រុនដែលនៅម៉ាក់ពេឡាទល់មុខម៉ាមរេ គឺចម្ការ និងរអាងដែលនៅទីនោះ ព្រមទាំងដើមឈើទាំងអស់ដែលនៅក្នុងចម្ការនោះ ដែលនៅតាមព្រំប្រទល់ជុំវិញចម្ការទាំងមូល ត្រូវបានផ្ទេរ 18 ឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិនៅចំពោះភ្នែកកូនចៅហេត គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង។ 19 បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។ 20 ដូច្នេះ ចម្ការនោះ ព្រមទាំងរអាងដែលនៅទីនោះត្រូវបានផ្ទេរឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ ដោយកូនចៅហេត៕ |