ពាក្យឧបមាអំពីស្រ្តីមេម៉ាយ និងចៅក្រម1 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមា ដើម្បីបញ្ជាក់ថា ពួកគេត្រូវតែអធិស្ឋានជានិច្ច ហើយកុំឲ្យធ្លាក់ទឹកចិត្តឡើយ។ 2 ព្រះអង្គមានបន្ទូលថា៖“នៅទីក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ហើយក៏មិនគោរពមនុស្សដែរ។ 3 នៅទីក្រុងនោះមានស្ត្រីមេម៉ាយម្នាក់ ដែលតែងតែមករកចៅក្រមនោះ ទាំងនិយាយថា: ‘សូមរកយុត្តិធម៌ឲ្យខ្ញុំ ក្នុងរឿងក្ដីជាមួយគូវិវាទរបស់ខ្ញុំផង’។ 4 “ចៅក្រមនោះមិនព្រមមួយរយៈ ប៉ុន្តែក្រោយមក គាត់ក៏និយាយក្នុងចិត្តថា: ‘ទោះបីជាអញមិនកោតខ្លាចព្រះ ឬមិនគោរពមនុស្សក៏ដោយ 5 ក៏ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះរំខានអញ អញនឹងរកយុត្តិធម៌ឲ្យនាង បើមិនដូច្នោះទេ នាងចេះតែមករហូតដល់ធ្វើឲ្យអញធុញទ្រាន់!’”។ 6 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលថា៖“ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! 7 តើព្រះមិនផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះអង្គ ដែលកំពុងស្រែករកព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គចេះតែពន្យារពេលជួយពួកគេឬ? 8 ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។ ពាក្យឧបមាអំពីផារិស៊ី និងអ្នកទារពន្ធ9 ចំពោះអ្នកខ្លះដែលទុកចិត្តលើខ្លួនឯងថាជាមនុស្សសុចរិត ហើយមើលងាយអ្នកដទៃ ព្រះយេស៊ូវក៏មានបន្ទូលជាពាក្យឧបមានេះដែរថា៖ 10 “មានបុរសពីរនាក់ឡើងទៅព្រះវិហារដើម្បីអធិស្ឋាន។ ម្នាក់ជាពួកផារិស៊ី ហើយម្នាក់ទៀតជាអ្នកទារពន្ធ។ 11 ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯងថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។ 12 ទូលបង្គំតមអាហារមួយសប្ដាហ៍ពីរដង; ទូលបង្គំថ្វាយតង្វាយមួយភាគដប់ពីអ្វីៗទាំងអស់ដែលទូលបង្គំទទួលបាន’។ 13 “រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។ 14 ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។ ប្រទានពរក្មេងៗ15 មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គពាល់ពួកវា។ នៅពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីឲ្យអ្នកទាំងនោះ។ 16 ប៉ុន្តែព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។ 17 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។ បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន18 មានមេគ្រប់គ្រងម្នាក់ទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ទើបខ្ញុំបានទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។ 19 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ? ក្រៅពីព្រះមួយអង្គ គ្មានអ្នកណាល្អឡើយ។ 20 អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា: ‘កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើបន្ទាល់ភូតភរ ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក’ ”។ 21 បុរសនោះទូលថា៖ “ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះតាំងពីក្មេងមកម្ល៉េះ”។ 22 ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលនឹងគាត់ថា៖“អ្នកនៅខ្វះការមួយ។ ចូរលក់អ្វីៗទាំងអស់ដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។ 23 ប៉ុន្តែបុរសនោះបានឮសេចក្ដីទាំងនេះហើយ ក៏បែរជាពិបាកចិត្តក្រៃលែង ពីព្រោះគាត់ជាអ្នកមានស្ដុកស្ដម្ភ។ ទ្រព្យសម្បត្តិ និងស្ថានសួគ៌24 ព្រះយេស៊ូវទតឃើញគាត់បែរជាពិបាកចិត្តក្រៃលែងដូច្នេះ ក៏មានបន្ទូលថា៖“អ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎! 25 សត្វអូដ្ឋចូលតាមគូទម្ជុល ងាយជាងអ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ!”។ 26 ពួកអ្នកដែលឮក៏ទូលថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។ 27 ព្រះយេស៊ូវមានបន្ទូលថា៖“អ្វីៗដែលមនុស្សធ្វើមិនកើត សម្រាប់ព្រះ ធ្វើកើតទាំងអស់”។ 28 ពេត្រុសទូលថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗរបស់ខ្លួន មកតាមលោកហើយ!”។ 29 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាដែលលះបង់ផ្ទះសម្បែង ឬបងប្អូន ឬប្រពន្ធ ឬឪពុកម្ដាយ ឬកូន ដោយសារតែអាណាចក្ររបស់ព្រះ 30 ហើយមិនទទួលបានច្រើនដងលើសមុននៅលោកបច្ចុប្បន្ន និងមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ”។ ប្រាប់ជាមុនជាលើកទីបីអំពីការសុគត31 ព្រះយេស៊ូវទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកជិត ហើយមានបន្ទូលនឹងពួកគេថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលមានសរសេរទុកមកអំពីកូនមនុស្សតាមរយៈបណ្ដាព្យាការីនឹងត្រូវបានបំពេញឲ្យសម្រេច។ 32 ពោលគឺ លោកនឹងត្រូវគេប្រគល់ទៅសាសន៍ដទៃ ហើយត្រូវគេចំអកឡកឡឺយ បង្អាប់បង្អោន និងស្ដោះទឹកមាត់ដាក់; 33 ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។ 34 ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។ ប្រោសមនុស្សខ្វាក់ភ្នែកនៅយេរីខូរឲ្យជា35 នៅពេលព្រះយេស៊ូវយាងមកជិតយេរីខូរ មានបុរសខ្វាក់ភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។ 36 គាត់ឮហ្វូងមនុស្សដើរកាត់ ក៏សួរគេថាមានអ្វីកើតឡើង។ 37 គេប្រាប់គាត់ថា៖ “យេស៊ូវអ្នកណាសារ៉ែតកំពុងដើរកាត់”។ 38 គាត់ក៏ស្រែកឡើងថា៖ “ព្រះយេស៊ូវ បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ 39 ពួកអ្នកដែលដើរនាំមុខក៏ស្ដីឲ្យគាត់នៅស្ងៀម ប៉ុន្តែគាត់ស្រែកកាន់តែខ្លាំងឡើងថា៖ “បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ 40 ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់គេឲ្យនាំគាត់មកឯព្រះអង្គ។ នៅពេលបុរសខ្វាក់ភ្នែកនោះបានមកជិត ព្រះអង្គទ្រង់សួរគាត់ថា៖ 41 “តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ គាត់ទូលថា៖ “ព្រះអម្ចាស់អើយ សូមឲ្យទូលបង្គំមើលឃើញវិញផង!”។ 42 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ 43 រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយទៅតាមព្រះយេស៊ូវ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះ។ ប្រជាជនទាំងអស់ដែលបានឃើញការនេះ ក៏សរសើរតម្កើងព្រះដែរ៕ |