ផ្លូវ សេចក្ដីពិត និងជីវិត1 “កុំឲ្យចិត្តរបស់អ្នករាល់គ្នាមានអំពល់ឡើយ ចូរជឿលើព្រះ ហើយជឿលើខ្ញុំដែរ។ 2 នៅក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន។ ប្រសិនបើគ្មានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នាធ្វើអី? 3 ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។ 4 កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាស្គាល់ហើយ រីឯផ្លូវនោះ អ្នករាល់គ្នាក៏ស្គាល់ដែរ”។ 5 ថូម៉ាសទូលថា៖ “ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ តើយើងខ្ញុំអាចស្គាល់ផ្លូវនោះយ៉ាងដូចម្ដេចបាន?”។ 6 ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។ ព្រះយេស៊ូវបើកសម្ដែងអំពីព្រះបិតា7 “ប្រសិនបើអ្នករាល់គ្នាបានស្គាល់ខ្ញុំ អ្នករាល់គ្នានឹងស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នាស្គាល់ព្រះអង្គ ហើយអ្នករាល់គ្នាធ្លាប់ឃើញព្រះអង្គហើយ”។ 8 ភីលីពទូលថា៖ “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ”។ 9 ព្រះយេស៊ូវមានបន្ទូលថា៖“ភីលីពអើយ ខ្ញុំនៅជាមួយអ្នកយូរណាស់ហើយ តើអ្នកមិនទាន់ស្គាល់ខ្ញុំទេឬ? អ្នកដែលបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ម្ដេចក៏អ្នកនិយាយថា: ‘សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង’ ដូច្នេះ? 10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬ? ពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលស្ថិតនៅក្នុងខ្ញុំបានធ្វើកិច្ចការរបស់ព្រះអង្គ។ 11 ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ប្រសិនបើមិនជឿដូច្នោះទេ ចូរជឿព្រោះតែកិច្ចការទាំងនេះចុះ។ ការអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ12 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងការទាំងនេះទៅទៀត ពីព្រោះខ្ញុំនឹងទៅឯព្រះបិតា។ 13 អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះបិតាទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈព្រះបុត្រា។ 14 ប្រសិនបើអ្នករាល់គ្នាទូលសុំអ្វីពីខ្ញុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។ សេចក្ដីសន្យាអំពីព្រះជំនួយ15 “ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នានឹងកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ 16 ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។ 17 ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។ 18 ខ្ញុំនឹងមិនចាកចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ19 “បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ។ ដោយសារខ្ញុំរស់ អ្នករាល់គ្នានឹងរស់ដែរ។ 20 នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ រីឯខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ 21 អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។ 22 យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មានអ្វីកើតឡើងបានជាព្រះអង្គរៀបនឹងបើកសម្ដែងអង្គទ្រង់ដល់យើងខ្ញុំ ប៉ុន្តែមិនបើកសម្ដែងដល់មនុស្សលោក?”។ 23 ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។ 24 អ្នកដែលមិនស្រឡាញ់ខ្ញុំ មិនកាន់តាមពាក្យរបស់ខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែជារបស់ព្រះបិតាដែលចាត់ខ្ញុំឲ្យមក។ 25 “ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ អំឡុងពេលខ្ញុំនៅជាមួយអ្នករាល់គ្នា។ 26 ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។ ព្រះយេស៊ូវប្រទានសេចក្ដីសុខសាន្ដ27 “ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។ 28 អ្នករាល់គ្នាឮខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘ខ្ញុំនឹងទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ’។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ម្ល៉េះសមអ្នករាល់គ្នាបានអរសប្បាយដោយសារខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។ 29 ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ មុនការនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាបានជឿ កាលណាការនោះកើតឡើង។ 30 ខ្ញុំនឹងមិននិយាយសេចក្ដីជាច្រើនជាមួយអ្នករាល់គ្នាទៀតទេ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនឹងមក។ វាគ្មានអំណាចលើខ្ញុំឡើយ។ 31 ប៉ុន្តែដើម្បីឲ្យពិភពលោកដឹងថាខ្ញុំស្រឡាញ់ព្រះបិតា ខ្ញុំក៏ធ្វើដូច្នេះដូចដែលព្រះបិតាបានបង្គាប់ខ្ញុំ។ “ក្រោកឡើងមក យើងនាំគ្នាចេញពីទីនេះទៅ! |