ព្រះជាកម្លាំងក្នុងគ្រាមានទុក្ខវេទនាបទតម្កើងរបស់អេសាភ សម្រាប់យេឌូថិនអ្នកដឹកនាំចម្រៀង។ 1 សំឡេងរបស់ខ្ញុំឆ្ពោះទៅព្រះ គឺខ្ញុំបានស្រែកឡើង សំឡេងរបស់ខ្ញុំឆ្ពោះទៅព្រះ នោះព្រះអង្គបានផ្ទៀងព្រះកាណ៌នឹងខ្ញុំ។ 2 នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។ 3 ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា 4 ព្រះអង្គបានធ្វើឲ្យទូលបង្គំបិទភ្នែកមិនបាន; ទូលបង្គំមានអំពល់ រហូតដល់និយាយមិនចេញ។ 5 ទូលបង្គំរិះគិតអំពីអស់ទាំងថ្ងៃកាលពីបុរាណ គឺអស់ទាំងឆ្នាំដ៏យូរលង់មកហើយ។ 6 ទូលបង្គំនឹកឃើញចម្រៀងរបស់ទូលបង្គំនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណរបស់ទូលបង្គំស្វែងយល់ថា៖ 7 “តើព្រះអម្ចាស់របស់ខ្ញុំនឹងបោះបង់ចោលជារៀងរហូត ហើយមិនសព្វព្រះហឫទ័យទៀតទេឬ? 8 តើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គបានអស់ទៅជាដរាបឬ? តើសេចក្ដីសន្យារបស់ព្រះអង្គបានបញ្ចប់ទៅរហូតដល់គ្រប់ជំនាន់ឬ? 9 តើព្រះបានភ្លេចសម្ដែងព្រះគុណឬ? ឬមួយក៏ព្រះអង្គបានបញ្ឈប់សេចក្ដីមេត្តារបស់ព្រះអង្គដោយព្រះពិរោធឬ?”។ សេឡា 10 នោះខ្ញុំក៏និយាយថា៖ “ការដែលខ្ញុំឈឺផ្សាមកពីការនេះឯង គឺព្រះហស្តស្ដាំរបស់ព្រះដ៏ខ្ពស់បំផុតបានប្រែប្រួលហើយ”។ 11 ខ្ញុំនឹងនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា មែនហើយ ខ្ញុំនឹងនឹកចាំកិច្ចការដ៏អស្ចារ្យតាំងពីបុរាណរបស់ព្រះអង្គ។ 12 ទូលបង្គំនឹងជញ្ជឹងគិតអំពីអស់ទាំងកិច្ចការរបស់ព្រះអង្គ ក៏នឹងសញ្ជឹងគិតអំពីការប្រព្រឹត្តរបស់ព្រះអង្គផង។ 13 ឱព្រះអើយ ផ្លូវរបស់ព្រះអង្គគឺវិសុទ្ធ តើមានព្រះណាធំឧត្ដមដូចព្រះនៃយើងខ្ញុំ? 14 ព្រះអង្គជាព្រះដែលធ្វើកិច្ចការដ៏អស្ចារ្យ ព្រះអង្គទ្រង់សម្ដែងព្រះចេស្ដារបស់ព្រះអង្គក្នុងចំណោមបណ្ដាជន។ 15 ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា 16 ឱព្រះអើយ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ទឹកដ៏ច្រើនបានឃើញព្រះអង្គ ក៏រញ្ជួយ ហើយទីជម្រៅក៏ញ័រដែរ! 17 ពពកដ៏ក្រាស់បានចាក់ទឹកចេញ ផ្ទៃមេឃបានបន្លឺសំឡេង ហើយព្រួញរបស់ព្រះអង្គក៏បាញ់ចេញទៅគ្រប់ទិសដែរ។ 18 សំឡេងផ្គរលាន់របស់ព្រះអង្គនៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺពិភពលោក ហើយផែនដីបានញ័រ ព្រមទាំងរញ្ជួយផង។ 19 ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ហើយគន្លងរបស់ព្រះអង្គឆ្លងកាត់ទឹកដ៏ច្រើន ប៉ុន្តែគ្មានអ្នកណាស្គាល់ដានព្រះបាទារបស់ព្រះអង្គឡើយ។ 20 ព្រះអង្គបានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាហ្វូងចៀម តាមរយៈដៃរបស់ម៉ូសេ និងអើរ៉ុន៕ |