សេចក្ដីអធិស្ឋានកែប្រែចិត្តបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង កាលព្យាការីណាថាន់មកគាល់ទ្រង់ ដោយព្រោះទ្រង់បានចូលទៅឯបាតសេបា។ 1 ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! សូមលុបការបំពានរបស់ទូលបង្គំចេញ ស្របតាមសេចក្ដីមេត្តាដ៏បរិបូររបស់ព្រះអង្គផង! 2 សូមលាងសម្អាតទូលបង្គំយ៉ាងហ្មត់ចត់ ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយជម្រះទូលបង្គំពីបាបរបស់ទូលបង្គំផង 3 ដ្បិតទូលបង្គំស្គាល់ការបំពានរបស់ទូលបង្គំ ហើយបាបរបស់ទូលបង្គំនៅចំពោះទូលបង្គំជានិច្ច។ 4 ចំពោះព្រះអង្គ គឺចំពោះព្រះអង្គតែមួយអង្គគត់ប៉ុណ្ណោះ ដែលទូលបង្គំបានប្រព្រឹត្តបាប ទូលបង្គំបានប្រព្រឹត្តការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ ដូច្នេះព្រះអង្គត្រូវបានរាប់ជាសុចរិតយុត្តិធម៌ នៅពេលព្រះអង្គមានបន្ទូល ព្រះអង្គត្រូវបានរាប់ជាបរិសុទ្ធ នៅពេលព្រះអង្គជំនុំជម្រះ។ 5 មើល៍! ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយរបស់ទូលបង្គំមានទម្ងន់ទូលបង្គំ ក្នុងបាប។ 6 មើល៍! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតត្រង់នៅផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំយល់ប្រាជ្ញា នៅក្នុងទីសម្ងាត់នៃចិត្ត! 7 សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។ 8 សូមឲ្យទូលបង្គំឮសេចក្ដីរីករាយ និងអំណរផង សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ បានត្រេកអរវិញ។ 9 សូមបាំងព្រះភក្ត្ររបស់ព្រះអង្គពីបាបទាំងឡាយរបស់ទូលបង្គំ សូមលុបអំពើទុច្ចរិតទាំងអស់របស់ទូលបង្គំចេញផង។ 10 ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង! 11 សូមកុំបោះចោលទូលបង្គំចេញពីចំពោះព្រះភក្ត្ររបស់ព្រះអង្គ សូមកុំដកយកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ 12 សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។ 13 នោះទូលបង្គំនឹងបង្រៀនមាគ៌ារបស់ព្រះអង្គដល់មនុស្សបំពាន ហើយមនុស្សបាបនឹងបែរមកឯព្រះអង្គវិញ។ 14 ឱព្រះដ៏ជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំពីការបង្ហូរឈាមផង នោះអណ្ដាតរបស់ទូលបង្គំនឹងច្រៀងដោយអំណរ អំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។ 15 ព្រះអម្ចាស់អើយ សូមបើកបបូរមាត់របស់ទូលបង្គំផង នោះមាត់របស់ទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ 16 ជាការពិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជាឡើយ បើមិនដូច្នោះទេ ម្ល៉េះសមទូលបង្គំបានថ្វាយហើយ; ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុតដែរ។ 17 យញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះ គឺជាវិញ្ញាណដែលបែកខ្ទេច; ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តដែលបែកខ្ទេច និងមានវិប្បដិសារីឡើយ! 18 សូមប្រព្រឹត្តល្អដល់ស៊ីយ៉ូនតាមសេចក្ដីសន្ដោសរបស់ព្រះអង្គ សូមសាងសង់កំពែងយេរូសាឡិមផង។ 19 យ៉ាងនោះឯង ព្រះអង្គនឹងសព្វព្រះហឫទ័យនឹងយញ្ញបូជានៃសេចក្ដីសុចរិត តង្វាយដុត និងតង្វាយដុតទាំងមូល នោះគេនឹងថ្វាយគោឈ្មោលនៅលើអាសនារបស់ព្រះអង្គ៕ |