ទំនុកតម្កើង 52 - ព្រះគម្ពីរខ្មែរសាកលព្រះកាត់ទោសមនុស្សអាក្រក់ ទំនុកម៉ាស្គីល របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង កាលដូអេកជាជនជាតិអេដំមករាយការណ៍ដល់សូល ដោយទូលទ្រង់ថា៖ “ដាវីឌបានមកផ្ទះរបស់អ័ហ៊ីម៉ាលេក”។ 1 មនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកអួតអំពីការអាក្រក់ដូច្នេះ? សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះនៅគង់វង្សជាដរាប! 2 អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង! 3 អ្នកបានស្រឡាញ់ការអាក្រក់ជាជាងការល្អ ក៏ស្រឡាញ់សេចក្ដីកុហកជាជាងនិយាយសេចក្ដីត្រឹមត្រូវ។ សេឡា 4 អណ្ដាតបោកបញ្ឆោតអើយ អ្នកស្រឡាញ់អស់ទាំងពាក្យនៃការស៊ីបង្ហិន! 5 ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា 6 មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាច ព្រមទាំងសើចដាក់គេថា៖ 7 “មើល៍! នេះជាមនុស្សដែលមិនយកព្រះធ្វើជាបន្ទាយរបស់ខ្លួន គឺទុកចិត្តលើភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន ហើយរកទីពឹងក្នុងសេចក្ដីអន្តរាយរបស់ខ្លួន”។ 8 រីឯទូលបង្គំវិញ ទូលបង្គំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់របស់ព្រះ ទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះ ជារៀងរហូតអស់កល្បជានិច្ច។ 9 ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត ពីព្រោះព្រះអង្គបានបំពេញឲ្យសម្រេចនូវការនោះ! ទូលបង្គំនឹងទន្ទឹងរង់ចាំព្រះនាមរបស់ព្រះអង្គ ពីព្រោះព្រះនាមរបស់ព្រះអង្គល្អនៅចំពោះវិសុទ្ធជនរបស់ព្រះអង្គ!៕ |