ខែលរបស់មនុស្សសុចរិតបទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយខ្លុយ។ 1 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យរបស់ទូលបង្គំផង សូមយកចិត្តទុកដាក់នឹងសំឡេងថ្ងូររបស់ទូលបង្គំផង! 2 ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ សូមប្រុងស្ដាប់សូរសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានទៅព្រះអង្គ! 3 ព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គនឹងឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំរៀបរាប់ទូលព្រះអង្គ ទាំងប្រុងស្មារតីផង។ 4 ដ្បិតព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីអាក្រក់ទេ សេចក្ដីទុច្ចរិតស្ថិតនៅជាមួយព្រះអង្គមិនបានឡើយ។ 5 មនុស្សព្រហើនឈរនៅចំពោះព្រះនេត្ររបស់ព្រះអង្គមិនបានឡើយ ព្រះអង្គទ្រង់ស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ 6 ព្រះអង្គនឹងបំផ្លាញអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើមមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត។ 7 រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។ 8 ព្រះយេហូវ៉ាអើយ សូមដឹកនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គដោយព្រោះពួកសត្រូវរបស់ទូលបង្គំផង សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង! 9 ដ្បិតគ្មានអ្វីគួរឲ្យទុកចិត្តនៅក្នុងមាត់ពួកនោះឡើយ ខាងក្នុងពួកគេមានតែសេចក្ដីអន្តរាយ បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេបញ្ជោរដោយអណ្ដាតរបស់ខ្លួន។ 10 ឱព្រះអើយ សូមធ្វើឲ្យពួកគេបានទទួលទោសផង! សូមឲ្យពួកគេដួលដោយឧបាយកលរបស់ខ្លួន សូមបណ្ដេញពួកគេចេញដោយសារតែការបំពានដ៏ច្រើនរបស់ពួកគេ ដ្បិតពួកគេបានបះបោរនឹងព្រះអង្គ។ 11 រីឯអស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ សូមឲ្យពួកគេបានអរសប្បាយ សូមឲ្យពួកគេច្រៀងដោយអំណរជារៀងរហូត។ សូមឲ្យព្រះអង្គឃុំគ្រងពួកគេ ដើម្បីឲ្យអ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ អបអរក្នុងព្រះអង្គ 12 ព្រះយេហូវ៉ាអើយ ដ្បិតព្រះអង្គតែងតែប្រទានពរមនុស្សសុចរិត ព្រះអង្គហ៊ុមព័ទ្ធពួកគេដោយសេចក្ដីសន្ដោសដូចជាខែល៕ |