ទំនុកតម្កើង 6 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំសេចក្ដីមេត្តា បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយគ្រឿងតន្ត្រីមានខ្សែ តាមទំនុកភ្លេងសេមីនីត ។ 1 ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ! 2 ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ! ព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងទូលបង្គំញ័រញាក់! 3 ឥឡូវនេះ ព្រលឹងរបស់ទូលបង្គំតក់ស្លុតយ៉ាងខ្លាំង។ ចុះព្រះអង្គវិញ ព្រះយេហូវ៉ាអើយ តើដល់ពេលណា? 4 ព្រះយេហូវ៉ាអើយ សូមបែរមកវិញ! សូមរំដោះព្រលឹងរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង 5 ដ្បិតក្នុងមរណភាព គ្មានការនឹកចាំអំពីព្រះអង្គឡើយ នៅស្ថានមនុស្សស្លាប់ តើនរណានឹងអរព្រះគុណដល់ព្រះអង្គ? 6 ទូលបង្គំអស់កម្លាំងដោយសំឡេងថ្ងូររបស់ខ្លួន រាល់យប់ទូលបង្គំធ្វើឲ្យគ្រែរបស់ទូលបង្គំជន់លិចដោយទឹកភ្នែករបស់ខ្លួន ហើយបញ្ជោកពូករបស់ទូលបង្គំ។ 7 ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រឹលព្រោះតែពួកសត្រូវទាំងអស់របស់ទូលបង្គំ។ 8 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ! ដ្បិតព្រះយេហូវ៉ាបានសណ្ដាប់សំឡេងយំសោករបស់ខ្ញុំហើយ។ 9 ព្រះយេហូវ៉ាបានសណ្ដាប់ពាក្យទូលអង្វររបស់ខ្ញុំហើយ ព្រះយេហូវ៉ានឹងទទួលយកពាក្យអធិស្ឋានរបស់ខ្ញុំ។ 10 សត្រូវទាំងអស់របស់ខ្ញុំនឹងអាម៉ាស់មុខ ហើយតក់ស្លុតយ៉ាងខ្លាំង ពួកគេនឹងថយទៅវិញ ហើយអាម៉ាស់មុខក្នុងមួយរំពេច៕ |