ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 118 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 118

សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះ​នៅអស់កល្បជានិច្ច

1 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

2 ចូរ​ឲ្យ​អ៊ីស្រាអែល​ពោល​ថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!”។

3 ចូរ​ឲ្យ​វង្សត្រកូល​អើរ៉ុន​ពោល​ថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!”។

4 ចូរ​ឲ្យ​អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​ពោល​ថា​៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!”។

5 ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា​ចេញពី​ការឈឺចាប់​; ព្រះយេហូវ៉ា​បាន​ឆ្លើយ​មក​ខ្ញុំ ហើយដាក់ខ្ញុំ​នៅ​ទីធំទូលាយ​។

6 ព្រះយេហូវ៉ា​នៅខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?

7 ព្រះយេហូវ៉ា​នៅខាង​ខ្ញុំ ធ្វើជា​អ្នកជួយ​ដល់​ខ្ញុំ ដូច្នេះ​ខ្ញុំ​នឹង​មើល​ចុះមក​ពួកអ្នកដែល​ស្អប់​ខ្ញុំ​។

8 ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​មនុស្ស

9 ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​អភិជន​។

10 អស់ទាំង​ប្រជាជាតិ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!

11 ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ មែនហើយ ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!

12 ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​ដូច​ហ្វូងឃ្មុំ តែ​ពួកគេ​បាន​រលត់​ទៅ​ដូច​ភ្លើង​ដែលឆេះ​បន្លា​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!

13 ខ្ញុំ​ត្រូវគេ​ច្រានយ៉ាងខ្លាំង ដើម្បីឲ្យ​ខ្ញុំ​ដួល ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ជួយ​ខ្ញុំ​។

14 ព្រះយេហូវ៉ា​ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​ដល់​ខ្ញុំ​។

15 ន៏ សំឡេង​នៃ​ការហ៊ោសប្បាយ និង​ជ័យជម្នះ នៅក្នុង​រោង​របស់​មនុស្ស​សុចរិត​: “ព្រះហស្តស្ដាំ​របស់​ព្រះយេហូវ៉ា​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​!

16 ព្រះហស្តស្ដាំ​របស់​ព្រះយេហូវ៉ា​ត្រូវបាន​តម្កើងឡើង ព្រះហស្តស្ដាំ​របស់​ព្រះយេហូវ៉ា​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​!”។

17 ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ គឺ​ខ្ញុំ​នឹង​មានជីវិតរស់ ហើយ​ថ្លែង​កិច្ចការ​របស់​ព្រះយេហូវ៉ា​។

18 ព្រះយេហូវ៉ា​បាន​វាយប្រដៅ​ខ្ញុំ​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ប្រគល់​ខ្ញុំ​ទៅ​សេចក្ដីស្លាប់​ទេ​។

19 សូម​បើក​ទ្វារ​នៃ​សេចក្ដីសុចរិត​ដល់​ខ្ញុំ​ផង ខ្ញុំ​នឹង​ចូល​តាម​ទ្វារទាំងនោះ ហើយ​អរព្រះគុណ​ព្រះយេហូវ៉ា​។

20 នេះ​ជា​ទ្វារ​របស់​ព្រះយេហូវ៉ា មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារនេះ​។

21 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ ហើយ​បានជា​សេចក្ដីសង្គ្រោះ​ដល់​ទូលបង្គំ​។

22 ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។

23 ការនេះ​បាន​កើតឡើង​ពី​ព្រះយេហូវ៉ា ជា​ការអស្ចារ្យ​ក្នុង​ភ្នែក​របស់យើង​។

24 នេះ​ជា​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​បង្កើត ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​ថ្ងៃនេះ​។

25 ឱ​ព្រះយេហូវ៉ា​អើយ! យើងខ្ញុំទូលអង្វរ​ដល់ព្រះអង្គ សូម​សង្គ្រោះ​ផង​! ឱ​ព្រះយេហូវ៉ា​អើយ! យើងខ្ញុំទូលអង្វរ​ដល់ព្រះអង្គ សូម​ធ្វើឲ្យ​យើងខ្ញុំ​ចម្រើនឡើង​ផង​!

26 សូមឲ្យ​មានព្រះពរ​ដល់ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា​! យើង​សូម​ឲ្យពរ​អ្នករាល់គ្នា​ពី​ដំណាក់​របស់​ព្រះយេហូវ៉ា​។

27 ព្រះយេហូវ៉ា​ជា​ព្រះ ហើយ​ព្រះអង្គ​បាន​ចាំង​មកលើ​យើង​។ ចូរ​ចង​យញ្ញបូជានៃពិធីបុណ្យ ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​។

28 ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។

29 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative