ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 111 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 111

សរសើរតម្កើងកិច្ចការរបស់ព្រះយេហូវ៉ា

1 ហាលេលូយ៉ា​! ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត នៅក្នុង​អង្គប្រជុំ​របស់​មនុស្ស​ទៀងត្រង់ និង​នៅក្នុង​សហគមន៍​។

2 កិច្ចការ​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ធំឧត្ដម ក៏​ត្រូវបាន​ស្រាវជ្រាវ​ដោយ​អស់អ្នក​ដែល​ពេញចិត្ត​នឹង​កិច្ចការទាំងនោះ​។

3 ការប្រព្រឹត្ត​របស់ព្រះអង្គ​ប្រកបដោយ​សិរីរុងរឿង និង​អានុភាព​; សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ជារៀងរហូត​។

4 ព្រះអង្គ​បាន​ធ្វើឲ្យមាន​ការនឹកចាំ​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​មានព្រះគុណ ហើយ​មានសេចក្ដីមេត្តាករុណា​។

5 ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ​; ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​។

6 ព្រះអង្គ​បាន​ប្រកាស​ព្រះចេស្ដា​នៃ​កិច្ចការ​របស់ព្រះអង្គ ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដោយ​ប្រទាន​មរតក​របស់​ប្រជាជាតិ​នានា​ដល់​ពួកគេ​។

7 ស្នាព្រះហស្ត​របស់ព្រះអង្គ​គឺ​សេចក្ដីពិត និង​សេចក្ដីយុត្តិធម៌​; គ្រប់ទាំង​ច្បាប់តម្រា​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​។

8 ច្បាប់តម្រាទាំងនោះ​ត្រូវបាន​តាំងឡើង​ជារៀងរហូតអស់កល្បជានិច្ច ហើយ​ត្រូវបាន​អនុវត្ត​ក្នុង​សេចក្ដីពិត និង​សេចក្ដី​ទៀងត្រង់​។

9 ព្រះអង្គ​បាន​ចាត់​សេចក្ដីប្រោសលោះ​ឲ្យទៅ​ឯ​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​; ព្រះនាម​របស់ព្រះអង្គ​វិសុទ្ធ ហើយ​គួរឲ្យកោតខ្លាច​។

10 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative