ភាពស្មោះត្រង់របស់ព្រះចំពោះប្រជារាស្ត្ររបស់ព្រះអង្គ1 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសកិច្ចការរបស់ព្រះអង្គក្នុងបណ្ដាជន។ 2 ចូរច្រៀងទៅកាន់ព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរសញ្ជឹងគិតអំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ 3 ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង! 4 ចូរប្រឹងរកព្រះយេហូវ៉ា និងព្រះចេស្ដារបស់ព្រះអង្គ ចូរស្វែងរកព្រះភក្ត្ររបស់ព្រះអង្គជានិច្ច 5 ចូរនឹកចាំកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ និងការអស្ចារ្យរបស់ព្រះអង្គ ព្រមទាំងការជំនុំជម្រះពីព្រះឱស្ឋរបស់ព្រះអង្គ 6 ឱពូជពង្សអ័ប្រាហាំជាបាវបម្រើរបស់ព្រះអង្គអើយ ឱកូនចៅរបស់យ៉ាកុបជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គអើយ! 7 ព្រះអង្គជាព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង; សេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដីទាំងមូល។ 8 ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ 9 គឺសម្ពន្ធមេត្រីដែលព្រះអង្គបានតាំងជាមួយអ័ប្រាហាំ និងសម្បថរបស់ព្រះអង្គដល់អ៊ីសាក; 10 ព្រះអង្គបានស្ថាបនាសម្ពន្ធមេត្រីនេះដល់យ៉ាកុបទុកជាបទបញ្ញត្តិ ដល់អ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច 11 ដោយមានបន្ទូលថា៖ “យើងនឹងប្រគល់ដែនដីកាណានដល់អ្នក ទុកជាចំណែកមរតករបស់អ្នករាល់គ្នា”។ 12 កាលនោះពួកគេមានចំនួនតិច គឺតិចតួចណាស់ ហើយជាជនរស់នៅបណ្ដោះអាសន្ននៅស្រុកនោះ; 13 ពួកគេដើរសាត់អណ្ដែតពីប្រជាជាតិមួយទៅប្រជាជាតិមួយ ពីអាណាចក្រមួយទៅសាសន៍ផ្សេងទៀត។ 14 ព្រះអង្គមិនបណ្ដោយឲ្យអ្នកណាសង្កត់សង្កិនពួកគេឡើយ ហើយដោយយល់ដល់ពួកគេ ព្រះអង្គស្ដីបន្ទោសបណ្ដាស្ដេច ថា៖ 15 “កុំប៉ះពាល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង ហើយកុំធ្វើបាបពួកព្យាការីរបស់យើងឡើយ”។ 16 ព្រះអង្គបានហៅទុរ្ភិក្សមកលើស្រុកនោះ ព្រះអង្គបានបំផ្លាញស្បៀងអាហារទាំងអស់។ 17 ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ គឺយ៉ូសែប ដែលត្រូវបានលក់ជាទាសករ។ 18 គេបានធ្វើទុក្ខជើងគាត់ដោយខ្នោះ គេដាក់ច្រវាក់ដែកនៅនឹងកគាត់។ 19 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសាកល្បងគាត់ រហូតដល់ពេលដែលពាក្យរបស់គាត់បានសម្រេច។ 20 ស្ដេចបានចាត់គេឲ្យទៅស្រាយគាត់ មេគ្រប់គ្រងប្រជាជនបានដោះលែងគាត់; 21 ទ្រង់បានតាំងគាត់ជាចៅហ្វាយលើដំណាក់របស់ទ្រង់ ហើយតាំងគាត់ជាមេគ្រប់គ្រងលើអស់ទាំងទ្រព្យកម្មសិទ្ធិរបស់ទ្រង់ 22 ទាំងឲ្យចាប់ចងពួកមេដឹកនាំរបស់ទ្រង់តាមចិត្តគាត់ ហើយបង្រៀនប្រាជ្ញាដល់ពួកចាស់ទុំរបស់ទ្រង់។ 23 បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។ 24 ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនឡើងយ៉ាងច្រើន ក៏បានធ្វើឲ្យពួកគេខ្លាំងពូកែជាងបច្ចាមិត្តរបស់ពួកគេ។ 25 ព្រះអង្គបានបង្វែរចិត្តរបស់ពួកបច្ចាមិត្តឲ្យស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យប្រព្រឹត្តដោយឧបាយកលទាស់នឹងពួកបាវបម្រើរបស់ព្រះអង្គ។ 26 ព្រះអង្គបានចាត់ម៉ូសេបាវបម្រើរបស់ព្រះអង្គ និងអើរ៉ុនដែលព្រះអង្គបានជ្រើសរើស ឲ្យមក។ 27 លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។ 28 ព្រះអង្គបានបញ្ជូនភាពងងឹតមក ហើយធ្វើឲ្យទឹកដីនោះទៅជាងងឹត; គ្មានអ្នកណាបះបោរនឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។ 29 ព្រះអង្គបានធ្វើឲ្យទឹករបស់ពួកគេទៅជាឈាម ហើយធ្វើឲ្យត្រីរបស់ពួកគេងាប់។ 30 ទឹកដីរបស់ពួកគេមានកង្កែបពពាក់ពពូន សូម្បីតែក្នុងក្រឡាបន្ទំរបស់ស្ដេចពួកគេផង។ 31 ព្រះអង្គមានបន្ទូល នោះហ្វូងរបោមក៏មក ហើយមានហ្វូងសុចពេញតំបន់ទាំងមូលរបស់ពួកគេ។ 32 ព្រះអង្គបានបង្អុរដុំទឹកកកលើពួកគេជំនួសភ្លៀង ក៏បង្អុរអណ្ដាតភ្លើងលើទឹកដីរបស់ពួកគេ។ 33 ព្រះអង្គបានវាយដើមទំពាំងបាយជូរ និងដើមល្វារបស់ពួកគេដែរ ព្រមទាំងបំបាក់ដើមឈើនៅតំបន់របស់ពួកគេផង។ 34 ព្រះអង្គមានបន្ទូល នោះកណ្ដូបក៏មក ព្រមទាំងមានកូនកណ្ដូបច្រើនឥតគណនា 35 ហើយវាត្របាក់ស៊ីរុក្ខជាតិទាំងអស់នៅក្នុងស្រុករបស់ពួកគេ ក៏ត្របាក់ស៊ីភោគផលពីដីរបស់ពួកគេដែរ។ 36 បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។ 37 រួចមក ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមក ព្រមទាំងប្រាក់ និងមាសផង ហើយនៅក្នុងកុលសម្ព័ន្ធរបស់ព្រះអង្គ គ្មានអ្នកណាជំពប់ឡើយ។ 38 កាលពួកគេបានចេញមក អេហ្ស៊ីបក៏អរសប្បាយ ដ្បិតការភិតភ័យចំពោះពួកគេបានធ្លាក់មកលើអេហ្ស៊ីបទាំងមូល។ 39 ព្រះអង្គបានលាតពពកធ្វើជារបាំង ក៏ប្រទានភ្លើងដើម្បីបំភ្លឺទៅលើយប់។ 40 ពួកគេបានទូលសុំ នោះព្រះអង្គក៏នាំសត្វក្រួចមក ព្រមទាំងចម្អែតពួកគេដោយនំប៉័ងពីស្ថានសួគ៌។ 41 ព្រះអង្គបានបើកថ្មដា នោះទឹកក៏បាញ់ចេញមក ហើយហូរទៅក្នុងទីហួតហែងដូចជាទន្លេ។ 42 ដ្បិតព្រះអង្គបាននឹកចាំព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះអង្គ និងអ័ប្រាហាំបាវបម្រើរបស់ព្រះអង្គ។ 43 ដូច្នេះ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញមកដោយសេចក្ដីរីករាយ ក៏បាននាំអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គចេញមកដោយសម្រែកហ៊ោសប្បាយ 44 ហើយប្រទានទឹកដីរបស់ប្រជាជាតិនានាដល់ពួកគេ នោះពួកគេក៏ទទួលផលនៃការនឿយហត់របស់ជាតិសាសន៍នានាជាមរតក 45 ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕ |