អធិស្ឋានសុំព្រះឲ្យចាត់វិធានការលើមនុស្សអាក្រក់1 ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ? 2 មនុស្សអាក្រក់ដេញតាមមនុស្សទ័លក្រដោយអំនួត; សូមឲ្យពួកគេជាប់ក្នុងកលល្បិចដែលខ្លួនបង្កើតចុះ! 3 ដ្បិតមនុស្សអាក្រក់អួតអំពីចំណង់នៃចិត្តរបស់ខ្លួន ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា។ 4 មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។ 5 ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ; គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។ 6 គេនិយាយក្នុងចិត្តថា៖ “អញនឹងមិនរង្គើឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួបការអាក្រក់ដែរ”។ 7 មាត់របស់គេពោរពេញទៅដោយពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និងការសង្កត់សង្កិន នៅក្រោមអណ្ដាតរបស់គេមានសេចក្ដីអន្តរាយ និងសេចក្ដីទុច្ចរិត។ 8 គេអង្គុយពួនស្ទាក់តាមភូមិនានា; គេសម្លាប់មនុស្សឥតទោសក្នុងទីស្ងាត់កំបាំង; ភ្នែកគេឃ្លាំមើលមនុស្សទុគ៌តដោយសម្ងាត់។ 9 គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ; គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ; គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។ 10 គេក្រាប គេឱនចុះ នោះមនុស្សទុគ៌តក៏ដួលនៅក្រោមកម្លាំងរបស់គេ។ 11 គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។ 12 ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះអើយ សូមលើកព្រះហស្តរបស់ព្រះអង្គឡើង! សូមកុំភ្លេចមនុស្សតូចទាបឡើយ! 13 ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះដោយនិយាយក្នុងចិត្តថា៖ “ព្រះអង្គនឹងមិនរកយុត្តិធម៌ទេ” ដូច្នេះ? 14 តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។ 15 សូមព្រះអង្គបំបាក់ដើមដៃរបស់មនុស្សអាក្រក់ និងមនុស្សពាលផង! សូមស្វែងរកការអាក្រក់របស់គេរហូតទាល់តែរកលែងឃើញ! 16 ព្រះយេហូវ៉ាជាព្រះមហាក្សត្រជារៀងរហូតអស់កល្បជានិច្ច; ប្រជាជាតិនានានឹងត្រូវវិនាសពីដែនដីរបស់ព្រះអង្គ។ 17 ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ! ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ 18 ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕ |