សេចក្ដីអធិប្បាយរបស់ស្ទេផាន1 ពេលនោះ មហាបូជាចារ្យក៏សួរស្ទេផានថា៖ “តើដូច្នេះមែនឬ?”។ 2 ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន 3 ហើយមានបន្ទូលនឹងលោកថា: ‘ចូរចាកចេញពីស្រុក និងសាច់ញាតិរបស់អ្នក ហើយទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នក’។ 4 “ដូច្នេះ អ័ប្រាហាំបានចាកចេញពីស្រុករបស់ជនជាតិខាល់ដេ ទៅរស់នៅខារ៉ាន។ ក្រោយពីឪពុករបស់លោកបានស្លាប់ទៅ ព្រះបានឲ្យលោកដូរលំនៅ ពីទីនោះមកស្រុកនេះដែលអ្នករាល់គ្នាកំពុងរស់នៅសព្វថ្ងៃ។ 5 ព្រះមិនបានប្រទានមរតកដល់លោកនៅទីនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្តែព្រះអង្គទ្រង់សន្យាថា នឹងប្រទានស្រុកនេះទុកជាកម្មសិទ្ធិដល់លោក និងពូជពង្សជំនាន់ក្រោយរបស់លោក ទោះបីជាលោកគ្មានកូនក៏ដោយ។ 6 ព្រះបានមានបន្ទូលដូច្នេះថា: ‘ពូជពង្សរបស់គាត់នឹងជាជនរស់នៅបណ្ដោះអាសន្នក្នុងស្រុកបរទេស ហើយអ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ព្រមទាំងធ្វើបាបពួកគេបួនរយឆ្នាំ។ 7 ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិណាដែលពួកគេបម្រើជាទាសករ’។ ព្រះបានមានបន្ទូលទៀតថា: ‘បន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមក ហើយបម្រើយើងនៅកន្លែងនេះ’។ 8 ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។ បុព្វបុរសនៅអេហ្ស៊ីប9 “ពួកបុព្វបុរសបានច្រណែនយ៉ូសែប ហើយលក់លោកទៅអេហ្ស៊ីប ប៉ុន្តែព្រះគង់នៅជាមួយលោក 10 ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។ 11 ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។ 12 នៅពេលយ៉ាកុបឮថា មានស្រូវនៅអេហ្ស៊ីប លោកបានចាត់ដូនតារបស់យើងឲ្យទៅ ជាលើកទីមួយ។ 13 នៅលើកទីពីរ យ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ដូច្នេះក្រុមគ្រួសាររបស់យ៉ូសែបក៏ត្រូវផារ៉ោនស្គាល់ច្បាស់។ 14 បន្ទាប់មក យ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញយ៉ាកុបឪពុករបស់លោក និងសាច់ញាតិទាំងអស់របស់លោកទាំងចិតសិបប្រាំនាក់ឲ្យមក 15 យ៉ាកុបក៏ចុះទៅអេហ្ស៊ីប។ បន្ទាប់មក លោកបានស្លាប់ ហើយដូនតារបស់យើងក៏ស្លាប់ដែរ។ 16 ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។ ម៉ូសេអ្នករំដោះត្រូវបានបដិសេធ17 “លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប 18 រហូតដល់មានស្ដេចមួយទៀតដែលមិនស្គាល់យ៉ូសែប បានសោយរាជ្យលើអេហ្ស៊ីប។ 19 ស្ដេចនេះបានប្រព្រឹត្តនឹងជនជាតិរបស់យើងដោយឧបាយកល ហើយធ្វើបាបដូនតារបស់យើងដោយបង្ខំពួកគាត់ឲ្យបំបរបង់ចោលទារករបស់ខ្លួន ដើម្បីកុំឲ្យទារកទាំងនោះមានជីវិតរស់។ 20 ម៉ូសេបានកើតមកក្នុងគ្រានោះឯង។ លោកជាកូនដ៏ស្អាតនៅចំពោះព្រះ ហើយត្រូវបានចិញ្ចឹមបីខែនៅក្នុងផ្ទះរបស់ឪពុកលោក។ 21 ក្រោយមក លោកត្រូវបានបំបរបង់ចោល បុត្រីរបស់ផារ៉ោនបានរើសលោកមកចិញ្ចឹម ទុកជាបុត្ររបស់ខ្លួន។ 22 ម៉ូសេបានទទួលការអប់រំក្នុងអស់ទាំងប្រាជ្ញារបស់ជនជាតិអេហ្ស៊ីប ហើយមានអំណាចក្នុងពាក្យសម្ដី និងការប្រព្រឹត្ត។ 23 “កាលលោកមានអាយុគ្រប់សែសិបឆ្នាំ លោកសម្រេចចិត្តទៅសួរសុខទុក្ខបងប្អូនរបស់លោក គឺកូនចៅអ៊ីស្រាអែល។ 24 នៅពេលឃើញម្នាក់ត្រូវគេធ្វើបាប លោកបានការពារ ហើយសងសឹកឲ្យអ្នកដែលត្រូវគេជិះជាន់ ដោយប្រហារជនជាតិអេហ្ស៊ីបនោះ។ 25 លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកនឹងយល់ថា ព្រះកំពុងប្រទានការសង្គ្រោះដល់ពួកគេដោយដៃរបស់លោក ប៉ុន្តែពួកគេមិនយល់ឡើយ។ 26 នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា ក៏សម្រុះសម្រួលពួកគេដោយនិយាយថា: ‘អ្នកអើយ! ពួកអ្នកជាបងប្អូនរួមជាតិ ហេតុអ្វីបានជាធ្វើបាបគ្នា?’។ 27 “ប៉ុន្តែម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួន បានច្រានម៉ូសេចេញ ទាំងនិយាយថា: ‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើពួកយើង? 28 តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបពីម្សិលមិញឬ?’។ 29 “ម៉ូសេក៏រត់គេចដោយសារតែពាក្យនេះ ហើយបានជាជនរស់នៅបណ្ដោះអាសន្ននៅដែនដីម៉ាឌាន ជាកន្លែងដែលលោកបង្កើតបានកូនប្រុសពីរនាក់។ 30 លុះសែសិបឆ្នាំក្រោយមក មានទូតសួគ៌មួយរូបលេចមកដល់លោកក្នុងអណ្ដាតភ្លើងនៃគុម្ពបន្លា នៅទីរហោស្ថាននៃភ្នំស៊ីណាយ។ 31 ម៉ូសេបានឃើញទិដ្ឋភាពនេះ ក៏ភ្ញាក់ផ្អើល។ នៅពេលលោកកំពុងចូលទៅជិតដើម្បីពិនិត្យមើល ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់ថា: 32 ‘យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប’។ ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានពិនិត្យមើលទេ។ 33 “ព្រះអម្ចាស់មានបន្ទូលនឹងលោកថា: ‘ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិតកន្លែងដែលអ្នកឈរនេះ ជាដីដ៏វិសុទ្ធ។ 34 យើងបានឃើញជាប្រាកដនូវទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅអេហ្ស៊ីប និងបានឮសំឡេងថ្ងូររបស់ពួកគេហើយ ដូច្នេះយើងបានចុះមករំដោះពួកគេ។ ឥឡូវនេះ មក៍! យើងនឹងចាត់អ្នកឲ្យទៅអេហ្ស៊ីប’។ 35 “ម៉ូសេនេះឯង ដែលគេបានបដិសេធថា:‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រម?’ គឺម្នាក់នេះ ដែលព្រះបានចាត់ឲ្យមកធ្វើជាមេ និងជាអ្នករំដោះ តាមរយៈដៃរបស់ទូតសួគ៌ដែលបានលេចមកដល់លោកក្នុងគុម្ពបន្លា។ 36 គឺម្នាក់នេះ ដែលនាំពួកគេចេញ ដោយបានធ្វើការអស្ចារ្យ និងទីសម្គាល់នានានៅដែនដីអេហ្ស៊ីប នៅសមុទ្រក្រហម និងនៅទីរហោស្ថានក្នុងរយៈពេលសែសិបឆ្នាំ។ អ៊ីស្រាអែលបះបោរនឹងព្រះ37 “ម៉ូសេនេះឯង ដែលប្រាប់កូនចៅអ៊ីស្រាអែលថា:‘ព្រះនឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា’។ 38 គឺម្នាក់នេះ ដែលនៅជាមួយទូតសួគ៌ដែលនិយាយនឹងលោកនៅភ្នំស៊ីណាយ និងនៅជាមួយដូនតារបស់យើង ក្នុងសហគមន៍នៅទីរហោស្ថាន។ លោកបានទទួលព្រះបន្ទូលដ៏រស់ ដើម្បីប្រគល់មកយើង។ 39 ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ ផ្ទុយទៅវិញ ពួកគេបានច្រានលោកចេញ ហើយនៅក្នុងចិត្ត ពួកគេបានបែរទៅរកអេហ្ស៊ីបវិញ 40 ដោយនិយាយនឹងអើរ៉ុនថា: ‘ចូរធ្វើព្រះឲ្យយើង ដែលនឹងនាំមុខយើង ដ្បិតម៉ូសេម្នាក់នេះដែលនាំយើងចេញពីដែនដីអេហ្ស៊ីប យើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ!’។ 41 នៅគ្រានោះ ពួកគេបានធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបបដិមាករនោះ ព្រមទាំងអបអរនឹងស្នាដៃរបស់ខ្លួនផង។ 42 ដូច្នេះ ព្រះបានបែរចេញ ហើយប្រគល់ពួកគេឲ្យបម្រើពលបរិវារនៃមេឃ ដូចដែលមានសរសេរទុកមកក្នុងគម្ពីររបស់ព្យាការីថា: ‘ពូជពង្សអ៊ីស្រាអែលអើយ! ក្នុងអំឡុងសែសិបឆ្នាំនៅទីរហោស្ថាន អ្នករាល់គ្នាបានថ្វាយសត្វពិឃាត និងយញ្ញបូជា មិនមែនដល់យើងទេ មែនទេ? 43 អ្នករាល់គ្នាបានសែងរោងរបស់ព្រះម៉ូឡុក និងផ្កាយនៃព្រះរេមផាន់របស់អ្នករាល់គ្នា ជារូបសំណាកដែលអ្នករាល់គ្នាធ្វើឡើងដើម្បីថ្វាយបង្គំ។ ដូច្នេះ យើងនឹងជម្លៀសអ្នករាល់គ្នាទៅឯនាយបាប៊ីឡូន’។ ព្រះពន្លាពិតប្រាកដរបស់ព្រះ44 “ដូនតារបស់យើងមានព្រះពន្លានៃសេចក្ដីបន្ទាល់នៅទីរហោស្ថាន ស្របតាមព្រះអង្គដែលមានបន្ទូលនឹងម៉ូសេ បានបង្គាប់លោកឲ្យសង់ឡើងតាមគំរូដែលលោកបានឃើញ 45 គឺព្រះពន្លាដែលដូនតារបស់យើងបានទទួលតៗមក ហើយនាំយកមកជាមួយយ៉ូស្វេ ចូលក្នុងទឹកដីកម្មសិទ្ធិរបស់សាសន៍ដទៃដែលព្រះបានបណ្ដេញចេញពីមុខដូនតារបស់យើង រហូតដល់សម័យដាវីឌ។ 46 ដាវីឌបានទទួលព្រះគុណនៅចំពោះព្រះ ហើយលោកបានសុំរៀបចំដំណាក់មួយសម្រាប់ព្រះរបស់យ៉ាកុប 47 ប៉ុន្តែគឺសាឡូម៉ូនវិញទេ ដែលបានសាងសង់ដំណាក់សម្រាប់ព្រះអង្គ។ 48 យ៉ាងណាមិញ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ ដូចដែលព្យាការីបានថ្លែងថា: 49 ‘ព្រះអម្ចាស់ទ្រង់មានបន្ទូលថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នកនឹងសាងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា? 50 តើដៃរបស់យើងមិនបានបង្កើតរបស់សព្វសារពើទាំងនេះទេឬ?”’។ ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធ51 “មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។ 52 តើមានព្យាការីមួយណាដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀន? ពួកគេបានសម្លាប់អ្នកដែលប្រកាសទុកមុនអំពីការយាងមករបស់ព្រះអង្គដ៏សុចរិតយុត្តិធម៌ ហើយឥឡូវនេះ អ្នករាល់គ្នាបានក្លាយជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គនោះ។ 53 អ្នករាល់គ្នាបានទទួលក្រឹត្យវិន័យតាមរយៈការចាត់ចែងរបស់បណ្ដាទូតសួគ៌ ប៉ុន្តែអ្នករាល់គ្នាមិនបានប្រតិបត្តិតាមសោះ”។ ទុក្ករបុគ្គលគ្រីស្ទានដំបូង54 នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ក្រេវក្រោធយ៉ាងខ្លាំង ហើយសង្កៀតធ្មេញដាក់ស្ទេផាន។ 55 រីឯស្ទេផានបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយសម្លឹងមើលទៅមេឃ ឃើញសិរីរុងរឿងរបស់ព្រះ និងឃើញព្រះយេស៊ូវទ្រង់ឈរនៅខាងស្ដាំព្រះ 56 ក៏ពោលថា៖ “មើល៍! ខ្ញុំឃើញផ្ទៃមេឃត្រូវបានបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះ”។ 57 ប៉ុន្តែពួកគេក៏ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ទាំងចុកត្រចៀក ហើយសម្រុកមកឯគាត់ព្រមៗគ្នា 58 រួចអូសគាត់ចេញទៅខាងក្រៅទីក្រុង គប់ដុំថ្មសម្លាប់គាត់។ ពួកសាក្សីទាំងនោះដាក់អាវវែងរបស់ខ្លួននៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសូល។ 59 ខណៈដែលពួកគេកំពុងគប់ដុំថ្មសម្លាប់ស្ទេផាន គាត់ហៅរកព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!”។ 60 បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕ |