កិច្ចការ 6 - ព្រះគម្ពីរខ្មែរសាកលជ្រើសរើសអ្នកជំនួយប្រាំពីរនាក់ 1 នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។ 2 ដូច្នេះ សាវ័កទាំងដប់ពីរនាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា៖ “ការដែលយើងទុកចោលព្រះបន្ទូលរបស់ព្រះទៅបម្រើអាហារ មិនគប្បីទេ។ 3 ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។ 4 រីឯយើងវិញ យើងនឹងផ្ចង់ស្មារតីក្នុងការអធិស្ឋាន និងក្នុងការបម្រើខាងព្រះបន្ទូល”។ 5 ពាក្យនេះបានបំពេញចិត្តអង្គប្រជុំទាំងមូល ដូច្នេះពួកគេក៏ជ្រើសរើសស្ទេផាន ជាបុរសដែលពេញដោយជំនឿនិងព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាសអ្នកចូលសាសនាយូដាពីអាន់ទីយ៉ូក។ 6 ពួកគេឲ្យអ្នកទាំងនោះឈរនៅមុខពួកសាវ័ក ហើយពួកសាវ័កក៏អធិស្ឋាន ទាំងដាក់ដៃលើពួកគេ។ 7 ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។ ស្ទេផានត្រូវបានចាប់ខ្លួន 8 រីឯស្ទេផានបានពេញដោយព្រះគុណ និងព្រះចេស្ដា ក៏ធ្វើការអស្ចារ្យ និងទីសម្គាល់ដ៏ធំជាច្រើនក្នុងចំណោមប្រជាជន។ 9 ពេលនោះ មានអ្នកខ្លះពីសាលាប្រជុំមួយដែលគេហៅថា “ជនសេរី” មានអ្នកគីរេន អ្នកអ័លេក្សានទ្រា និងអ្នកដែលមកពីគីលីគា និងអាស៊ីបានក្រោកឡើង ប្រកែកនឹងស្ទេផាន 10 ប៉ុន្តែពួកគេមិនអាចតតាំងចំពោះសេចក្ដីដែលគាត់និយាយដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។ 11 ដូច្នេះ ពួកគេក៏លួចញុះញង់គេឲ្យនិយាយថា៖ “យើងបានឮអ្នកនេះនិយាយពាក្យប្រមាថទាស់នឹងម៉ូសេ និងព្រះ!”។ 12 ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យដែរ គេក៏ចូលមកចាប់ស្ទេផាន ហើយនាំគាត់ទៅក្រុមប្រឹក្សា។ 13 ពួកគេបានតាំងសាក្សីភូតភរឲ្យនិយាយថា៖ “ជននេះនិយាយពាក្យប្រមាថទាស់នឹងទីវិសុទ្ធនេះ ព្រមទាំងនិយាយទាស់នឹងក្រឹត្យវិន័យឥតឈប់ឈរ។ 14 យើងខ្ញុំធ្លាប់ឮវានិយាយថា យេស៊ូវអ្នកណាសារ៉ែតនេះ នឹងកម្ទេចកន្លែងនេះ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលម៉ូសេបានប្រគល់ដល់យើង”។ 15 អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាសម្លឹងមើលស្ទេផាន ក៏ឃើញមុខគាត់ដូចជាមុខទូតសួគ៌៕ |