កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។
ម៉ាថាយ 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ Khmer Christian Bible ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។ អាល់គីតាប ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា»។ |
កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។
ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
កុំហៅអ្នកណានៅលើផែនដីថា "ព្រះបិតា" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះបិតាតែមួយប៉ុណ្ណោះ ដែលគង់នៅស្ថានសួគ៌
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
«ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ
កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។
ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «កាលណាអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។
យ៉ាងនោះ សេចក្តីលាក់កំបាំងក្នុងចិត្តរបស់គេ នឹងបង្ហាញចេញមក ហើយគេនឹងក្រាបមុខដល់ដីថ្វាយបង្គំព្រះ ទាំងប្រកាសថា៖ «ព្រះពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន» ។
តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។
គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។
រីឯអំពើល្អ ក៏នឹងលេចឲ្យឃើញយ៉ាងច្បាស់ដូច្នោះដែរ ទោះបើមិនទាន់លេចឲ្យឃើញក៏ដោយ ក៏មិនអាចលាក់កំបាំងបានឡើយ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ
ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។