ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។
យេរេមា 20:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា អាល់គីតាប ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។ |
ម្ចាស់ក្សត្រិយ៍យេសិបិលចាត់អ្នកនាំសារឲ្យទៅប្រាប់លោកអេលីយ៉ាថា៖ «ថ្ងៃស្អែក នៅពេលថ្មើរនេះ ប្រសិនបើខ្ញុំមិនប្រហារជីវិតលោក ដូចលោកបានប្រហារជីវិតព្យាការីទាំងនោះទេ សូមព្រះទាំងឡាយដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ!»។
ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញ ដោយសុខសាន្ត”»។
ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។
ទូលបង្គំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញទូលបង្គំ បានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងទូលបង្គំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិតទូលបង្គំផង។
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ! ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។
ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមប្រណីមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឲ្យសមនឹងអំពើរបស់គេ។
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ ។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។
ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មិនហៅលោកថា “ផាសហ៊ើរ” ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ
ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។
កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ! ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។
ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីយ៉ែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីយ៉ែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។
ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។
កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។
កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។