យេរេមា 20 - អាល់គីតាបណាពីយេរេមា និងអ៊ីមុាំផាសហ៊ើរ 1 ពេលអ៊ីមុាំផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សដំណាក់របស់អុលឡោះជាម្ចាស់ បានឮយេរេមាថ្លែងបន្ទូលទាំងនេះ 2 គាត់ទះកំផ្លៀងយេរេមា រួចបញ្ជាឲ្យគេដាក់ច្រវាក់គាត់ នៅទ្វារពុនយ៉ាមីនផ្នែកខាងលើ ជាប់នឹងដំណាក់របស់អុលឡោះតាអាឡា។ 3 នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយយេរេមា យេរេមាមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះតាអាឡាមិនហៅអ្នកថា “ផាសហ៊ើរ” ទៀតទេ គឺទ្រង់នឹងហៅអ្នកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ 4 ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។ 5 យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភ័ណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។ 6 រីឯអ្នកវិញ ផាសហ៊ើរអើយ អ្នកព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងត្រូវគេកៀរទៅជាឈ្លើយសឹកនៅបាប៊ីឡូន ហើយអ្នកនឹងស្លាប់នៅទីនោះ។ គេនឹងបញ្ចុះសពអ្នក ព្រមទាំងសពមិត្តភក្ដិទាំងអស់ដែលអ្នកបានថ្លែងបន្ទូលក្លែងក្លាយប្រាប់ពួកគេ”»។ ណាពីយេរេមាត្អូញត្អែរដាក់អុលឡោះ 7 អុលឡោះតាអាឡាអើយ! ទ្រង់បានលួងលោមខ្ញុំ ហើយខ្ញុំក៏យល់ព្រមតាម ទ្រង់បានបង្ខំខ្ញុំ ហើយទ្រង់ក៏បានឈ្នះខ្ញុំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយខ្ញុំ។ 8 គ្រប់ពេលដែលខ្ញុំនិយាយ ខ្ញុំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែបន្ទូលរបស់អុលឡោះតាអាឡា ពួកគេត្មះតិះដៀល និងសើចចំអក ឲ្យខ្ញុំ តាំងពីព្រលឹមទល់ព្រលប់។ 9 ប្រសិនបើខ្ញុំសម្រេចចិត្តថា ឈប់នឹកនាពីបន្ទូលរបស់ទ្រង់ ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។ 10 ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។ 11 ប៉ុន្តែ អុលឡោះតាអាឡានៅជាមួយខ្ញុំ ទ្រង់ចាំជួយខ្ញុំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនខ្ញុំ មុខជាដួល ហើយមិនអាចឈ្នះខ្ញុំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីខ្ញុំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។ 12 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញទ្រង់សងសឹកពួកគេ ជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើទ្រង់។ 13 សូមច្រៀងជូនអុលឡោះតាអាឡា! សូមសរសើរតម្កើងអុលឡោះតាអាឡា! ដ្បិតទ្រង់រំដោះជីវិតមនុស្សទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។ 14 សូមឲ្យថ្ងៃកំណើតរបស់ខ្ញុំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ខ្ញុំបង្កើតខ្ញុំមកនោះ ថាជាថ្ងៃប្រកបដោយពររបស់អុលឡោះឡើយ! 15 រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប ឪពុកខ្ញុំថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើឲ្យឪពុកខ្ញុំ រីករាយយ៉ាងខ្លាំង សូមឲ្យអ្នកនោះត្រូវបណ្ដាសា! 16 សូមឲ្យអ្នកនោះបានដូចក្រុងនានា ដែលអុលឡោះតាអាឡារំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹកសូមឲ្យអ្នកនោះឮសំរែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសំរែកខ្មាំងមកដល់! 17 ប្រសិនបើទ្រង់ទុកឲ្យខ្ញុំស្លាប់ មុនពេលខ្ញុំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ខ្ញុំនឹងក្លាយទៅជា ផ្នូររបស់ខ្ញុំ ហើយខ្ញុំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។ 18 ហេតុអ្វីបានជាខ្ញុំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ? |
© 2014 United Bible Societies, UK.
United Bible Societies