Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។

2 សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។

3 ដ្បិត​ព្រះអង្គ​ជា​សិលា និង​ជា​កំពែង​ការពារ​ទូលបង្គំ សូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ។

4 សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ ដ្បិត​ព្រះអង្គ​ការពារ​ទូលបង្គំ។

5 ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះអង្គ ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​អើយ! ព្រះអង្គ​បាន​ជួយ​ដោះ​លែង​ទូលបង្គំ។

6 ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។

7 ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។

8 ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។

10 ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។

11 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូលបង្គំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ ក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរ បើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។

12 គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។

13 ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត​ទូលបង្គំ​ផង។

14 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ទូលបង្គំ​ពោល​ថា​ព្រះអង្គ​ពិត​ជា​ព្រះ របស់​ទូលបង្គំ។

15 អាយុ​ជីវិត​របស់​ទូលបង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់ ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!

16 សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ!

17 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ! សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ គឺ​ឲ្យ​ពួក​គេ​បិទ​មាត់ ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​ទៅ!។

18 សូម​ឲ្យ​មនុស្ស​ដែល​តែងតែ និយាយ​កុហក ក្លាយ​ទៅ​ជា គ គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន ប្រឆាំង​នឹង​មនុស្ស​សុចរិត ដោយ​អួត‌បំប៉ោង និង​ប្រមាថ​មាក់‌ងាយ!។

19 ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ល្អ​វិសេស‌វិសាល​ណាស់! ព្រះអង្គ​បម្រុង​ទុក សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះអង្គ​ប្រោស‌ប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។

20 ព្រះអង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះអង្គ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ព្រះ‌ពន្លា ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។

21 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់! ដ្បិត​ពេល​មាន​សត្រូវ​ឡោម‌ព័ទ្ធ​ទូលបង្គំ ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ យ៉ាង​អស្ចារ្យ​ចំពោះ​ទូលបង្គំ។

22 ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថា ព្រះអង្គ​បាន​បណ្តេញ​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។

23 អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ! ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿ តែ​ព្រះអង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង ដល់​មនុស្ស​ព្រហើន។

24 អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​អើយ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម