ទំនុកតម្កើង 41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកម្សត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងជួយអ្នកនោះជាមិនខាន។ 2 ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី ព្រះអង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ 3 ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច ហើយព្រះអង្គប្រោសគេ ឲ្យមានសុខភាពល្អឡើងវិញ។ 4 ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយ សូមប្រណីមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ 5 សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ គេបន់ឲ្យតែទូលបង្គំស្លាប់ គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ 6 អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ គេមានគំនិតមិនល្អទេ គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីទូលបង្គំ។ 7 អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងទូលបង្គំ ថាទូលបង្គំគេចមិនផុតពីស្លាប់។ 8 គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ! គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។ 9 សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ ។ 10 ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមប្រណីមេត្តាទូលបង្គំ សូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឲ្យសមនឹងអំពើរបស់គេ។ 11 បើខ្មាំងសត្រូវរបស់ទូលបង្គំ គ្មានជ័យជម្នះលើទូលបង្គំទេនោះ ទូលបង្គំនឹងដឹងជាក់ថា ព្រះអង្គពិតជាគាប់ព្រះហឫទ័យ នឹងទូលបង្គំមែន។ 12 ព្រះអង្គបានជួយទូលបង្គំ ដោយប្រោសទូលបង្គំឲ្យជាទាំងស្រុង ហើយព្រះអង្គប្រទានឲ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតទៅ។ 13 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies