ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 1:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត‌ខ្លាច​ដល់​ចៅហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅហ្វាយ តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើល‌ងាយ​ដល់​ព្រះ‌នាម​ទ្រង់​ឯ​ណា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​បិតា​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​បិតា? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជា‌ចារ្យ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ ព្រះ‌នាម​របស់​ព្រះអង្គ​ត្រង់​ណា?”។

សូមមើលជំពូក

អាល់គីតាប

«ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​ឪពុក​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ឪពុក? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​អ៊ីមុាំ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ នាម​របស់​ទ្រង់​ត្រង់​ណា?”។

សូមមើលជំពូក



ម៉ាឡាគី 1:6
52 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួន ហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ ស្រី​របស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ ទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ដល់​យើង​ខ្ញុំ


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។


កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។


មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង


ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។


ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ


ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​ដង្វាយ ឬ​ឲ្យ​ឯង​នឿយ‌ហត់​ដោយ​ដុត​កំញាន​ទេ


វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។


ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា


ដ្បិត​ទាំង​ហោរានឹង​សង្ឃ​ផង សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា អើ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​អញ​ផង


ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង


គេ​នឹង​មក​ដោយ​ទឹក​ភ្នែក នឹង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​ដំរង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។


ដូច្នេះ ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សំរេច​តាម​បង្គាប់​របស់​ព្ធយុ‌កោ​គេ ដែល​ផ្តាំ​មក​នោះ តែ​ជន‌ជាតិ​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​អញ​ទេ


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត នឹង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ


ពួក​ឈ្នួញ​ទេ​តើ​ហ្ន៎ មាន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​កាន់​នៅ​ដៃ ក៏​ចូល​ចិត្ត​នឹង​ការ​កេង​បំបាត់​ផង


រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ​ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កោត‌ខ្លាច​ដល់​ឪពុក​ម្តាយ​ឯង​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ


ហើយ​ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​ដល់​ឯង​រាល់​គ្នា


យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្ដី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ


តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ដ្បិត​ព្រះ‌ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»


ដូច្នេះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា


ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»


ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ


មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ​ទេ​តើ


អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង»


ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»


តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ


អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ»


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដែរ


ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ


«ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង


ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ​រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន


ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះវរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។


ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ