កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្ដីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
ទំនុកតម្កើង 95:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ ព្រះគម្ពីរខ្មែរសាកល មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូលមក ចូរយើងឱនកាយ ថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើតយើងមក! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក អាល់គីតាប ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក |
កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្ដីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។
កាលបានថ្វាយដង្វាយដុតរួចជាស្រេច នោះស្តេច នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
មួយទៀត ស្តេចហេសេគា នឹងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវី ឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ដាវីឌ នឹងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
(ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ នឹងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ)
នៅពេលថ្វាយដង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង នឹងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ា ជាព្រះនៃខ្ញុំទូលថា
តែឥតមានអ្នកណាថា ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលទ្រង់បណ្តាលឲ្យច្រៀងនៅវេលាយប់
ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់
៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ ក្នុងមហាក្សត្ររបស់ខ្លួន
ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន គេនឹងក្រាបចុះនៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ
ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ
នៅគ្រានោះ មនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ
ដ្បិតព្រះដែលបង្កើតឯងមក ទ្រង់ជាប្ដីរបស់ឯងហើយ ព្រះនាមទ្រង់ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅទ្រង់ថា ជាព្រះនៃលោកីយទាំងមូល
តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តទ្រង់ទាំងអស់គ្នា
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផង ទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ
ពីព្រោះអ៊ីស្រាអែលបានភ្លេចព្រះដែលបង្កើតខ្លួនទៅ ក៏ស្អាងវិហារផ្សេងៗឡើង ហើយពួកយូដាបានសង់ទីក្រុងមានបន្ទាយកាន់តែច្រើន តែអញនឹងចាត់ភ្លើងទៅលើទីក្រុងទាំងប៉ុន្មានរបស់គេ ភ្លើងនោះនឹងឆេះបន្សុសអស់ទាំងដំណាក់របស់គេទៅ។
រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក
រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន
រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា
គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ
លុះបាននិយាយសេចក្ដីទាំងនោះរួចហើយ នោះប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា
ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង
នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។
ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ
ដូច្នេះ ពួកអ្នកដែលរងទុក្ខ តាមព្រះហឫទ័យនៃព្រះ នោះត្រូវផ្ញើព្រលឹងខ្លួនទុកនឹងព្រះដ៏បង្កបង្កើត ដែលទ្រង់ស្មោះត្រង់ ដោយខ្លួនប្រព្រឹត្តការល្អចុះ។
ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។
គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្ដីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្ដីទាំងនេះ