ទំនុកតម្កើង 149 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង 2 គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ ក្នុងមហាក្សត្ររបស់ខ្លួន 3 គួរឲ្យគេសរសើរព្រះនាមទ្រង់ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងសរសើរទ្រង់ ដោយក្រាប់នឹងស៊ុង 4 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្ដីសង្គ្រោះ 5 គួរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងក្នុងសិរីល្អ គួរឲ្យគេច្រៀងដោយអំណរ កំពុងដែលដេកនៅដំណេកខ្លួន 6 គួរឲ្យមានសេចក្ដីសរសើរយ៉ាងប្រសើរពីព្រះ នៅក្នុងមាត់គេ នឹងដាវមានមុខ២នៅដៃគេដែរ 7 ដើម្បីនឹងសំរេចការសងសឹកដល់សាសន៍ដទៃទាំងប៉ុន្មាន នឹងការវាយផ្ចាលដល់បណ្តាជនទាំងឡាយ 8 ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចគេ នឹងខ្នោះដែកដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេដែរ 9 ដើម្បីនឹងសំរេចការវិនិច្ឆ័យដល់គេ ដូចជាបានកត់ទុកហើយ ការនេះជាកិត្តិយសដល់ពួកអ្នកដែលបរិសុទ្ធរបស់ទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia