ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 18 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 18

ស្តេច​ជំនាន់​ចុង​ក្រោយ​នៃ​រាជា​ណា‌ចក្រ​យូដា ចាប់​ពី​ស្តេច​ហេ‌សេគា រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណា‌ចក្រ​យូដា ស្តេច​ហេ‌សេគា​សោយ​រាជ្យ​លើ​ស្រុក​យូដា

1 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ហេ‌សេគា ជា​បុត្រ​របស់​ស្តេច​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

2 កាល​ស្តេច​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាកា‌រីយ៉ា។

3 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​ទត ជា​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

4 ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កំទេច​រូប​ពស់​លង្ហិន ដែល​ណាពី​ម៉ូសា​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រ‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ជូន​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា «នេហ៊ូស‌ថាន់»។

5 ស្តេច​ហេ‌សេគា​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ក្នុង​ចំណោម​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្តេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្តេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្តេច​ណា​ប្រៀប​ស្មើ​នឹង​ស្តេច​ហេ‌សេគា​បាន​ទេ។

6 ស្តេច​ជំពាក់​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្តេច​កាន់​តាម​បទ​បញ្ជា​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​តាម​រយៈ​ណាពី​ម៉ូសា។

7 អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ស្តេច ដូច្នេះ ស្តេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ។ ស្តេច​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​អាស្ស៊ី‌រី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្តេច​នោះ។

8 ស្តេច​បាន​វាយ​យក​ស្រុក​ភីលី‌ស្ទីន​រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

ការ​វាយ​ដណ្តើម​យក​ក្រុង​សាម៉ារី

9 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ពីរ​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ជា​កូន​របស់​លោក​អេឡា ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​សាល‌ម៉ា‌នេស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

10 កង‌ទ័ព​អាស្ស៊ី‌រី​ឡោម‌ព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​ហូស៊ា​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល កង‌ទ័ព​អាស្ស៊ី‌រី​វាយ​យក​បាន​ក្រុង​សាម៉ារី។

11 ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រ‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។

12 ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​បាន​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្តាប់ ឬ​ប្រតិ‌បត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។

ស្តេច​សាន​ហេរីប​ឈ្លាន‌ពាន​អាណា‌ចក្រ​យូដា

13 នៅ​ឆ្នាំ​ទី​ដប់‌បួន នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សាន​ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​លើក​ទ័ព​មក​វាយ​ដណ្តើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។

14 ស្តេច​ហេ‌សេគា​ជា​ស្តេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​ក្រុង​ឡាគីស​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ខ្ញុំ​ទៀត​ឡើយ។ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ស្តេច​ស្រុក​អាស្ស៊ី‌រី​ក៏​បង្គាប់​ឲ្យ​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​បង់​ពន្ធ ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។

15 ស្តេច​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។

16 នៅ​គ្រា​នោះ​ស្តេច​ហេ‌សេគា គាស់​មាស​ដែល​ស្តេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា យក​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។

ការ​គំរាម​កំហែង​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​មក​លើ​ក្រុង​យេរូ‌សាឡឹម

17 ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​អ្នក‌បម្រើ​ផ្ទាល់​របស់​ស្តេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ស្តេច​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ

18 ហើយ​ស្រែក​ហៅ​ស្តេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​ទៅ​ជា​មួយ​ផង។

19 មេ‌ទ័ព​របស់​ស្តេច​រ៉ាប់សា‌កេ​ពោល​ថា៖ «សូម​អស់​លោក​ជម្រាប​ស្តេច​ហេ‌សេគា​ដូច​ត​ទៅ: ស្តេច គឺ​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី សួរ​ថា “តើ​ស្តេច​ពឹង​ផ្អែក​លើ​អ្វី បាន​ជា​មាន​ចិត្ត​អង់‌អាច​បែប​នេះ?

20 តើ​ស្តេច​ស្មាន​ថា ពាក្យ​សំដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ស្តេច​ពឹង​ផ្អែក​លើ​នរណា បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

21 ស្តេច​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

22 ប្រហែល​ជា​ស្តេច​មាន​ប្រសាសន៍​ថា “យើង​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង!”។ ប៉ុន្តែ តើ​ស្តេច​ពុំ​បាន​ឲ្យ​គេ​កំទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ តែ​នៅ​មុខ​អាសនៈ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?”

23 ឥឡូវ​នេះ សុំ​ស្តេច​សាក​ល្បង​ភ្នាល់​ជា​មួយ​ស្តេច​ក្រុង​អាស្ស៊ី‌រី របស់​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ជូន​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ស្តេច​រក​អ្នក​ជិះ​បាន!

24 ទោះ​បី​ស្តេច​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្តី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ី‌រី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ស្តេច​វាយ​មិន​ឈ្នះ​ផង។

25 មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​កន្លែង​នេះ ស្រប​តាម​បំណង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បង្គាប់​ឲ្យ​យើង​មក​វាយ​កំទេច​ក្រុង​នេះ»។

26 ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេប​ណា និង​លោក​យ៉ូអា​ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ី‌រី​ថា៖ «សូម​លោក​មេត្តា​និយាយ​មក​យើង​ខ្ញុំ ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្តាប់​ភាសា​លោក​បាន តែ​សូម​កុំ​និយាយ​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។

27 មេ‌ទ័ព​អាស្ស៊ី‌រី​តប​មក​វិញ​ថា៖ «ស្តេច​របស់​យើង ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ជម្រាប​ស្តេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្តេច​ឲ្យ​យើង​មក​ជម្រាប​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។

28 បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ី‌រី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្តែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្តាប់​បញ្ជា​របស់​ស្តេច គឺ​ស្តេច​ក្រុង​អាស្ស៊ី‌រី​ដូច​ត​ទៅ:

29 ស្តេច​មាន​ប្រសាសន៍​ថា កុំ​ទុក​ឲ្យ​ស្តេច​ហេ‌សេគា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្តេច​នេះ ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។

30 កុំ​ទុក​ឲ្យ​ស្តេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា​ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ពិត​ជា​នឹង​រំដោះ​យើង ទ្រង់​មិន​បណ្តោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​ឡើយ”។

31 កុំ​ស្តាប់​ស្តេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្តេច​ក្រុង​អាស្ស៊ី‌រី​និយាយ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្តូង​របស់​ខ្លួន​ដែរ”។

32 រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា យក​ទៅ​ស្រុក​មួយ​ទៀត​ដែល​សម្បូណ៌​សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្តាប់​ស្តេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ស្តេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​នឹង​រំដោះ​យើង”។

33 ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ដៃ​របស់​ស្តេច​ក្រុង​អាស្ស៊ី‌រី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត និង​ក្រុង​អើផាឌ​ទៅ​ណា​បាត់​អស់​ហើយ?

34 តើ​ព្រះ​របស់​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្តេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង?។

35 ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។

36 ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ី‌រី​ឡើយ ដ្បិត​ស្តេច​ហេ‌សេគា​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។

37 លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ស្តេច និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច​នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ជម្រាប​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។

© 2014 United Bible Societies, UK.

United Bible Societies