ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 13 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 13

ស្តេច​យ៉ូអា‌ហាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

1 នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអា‌ហាស​ជា​បុត្រ​របស់​ស្តេច​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី​ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ។

2 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា គឺ​គាត់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្តេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។

3 អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី និង​ស្តេច​បេនហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ហា‌សែល​ក្នុង​អំឡុង​ពេល​ដ៏​យូរ។

4 ប៉ុន្តែ ស្តេច​យ៉ូអា‌ហាស​ទូរអា‌អង្វរអុលឡោះ‌តាអាឡា អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​នេះ ដ្បិត​ទ្រង់​ឃើញ​ស្តេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រ‌អែល

5 អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​ម្នាក់ មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។

6 ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជ‌វង្ស​របស់​ស្តេច​យេរ៉ូ‌បោម​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។

7 កង‌ទ័ព​របស់​ស្តេច​យ៉ូអា‌ហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្តេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

8 កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអា‌ហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

9 កាល​ស្តេច​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យ៉ូអាស ជា​កូន​ឡើង​ស្នង​រាជ្យ។

ស្តេច​យ៉ូអាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល

10 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។

11 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្តេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។

12 រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្តេច​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច និង​សង្គ្រាម​ជា​មួយ​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

13 កាល​ស្តេច​យ៉ូអាស​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ស្តេច​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។

ណាពី​អេលី‌យ៉ាសាក់​ទទួល​មរណ‌ភាព

14 នៅ​គ្រា​នោះ អេលី‌យ៉ាសាក់​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ស្តេច​យ៉ូអាស​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មក​សួរ​សុខ​ទុក្ខ​គាត់ ស្តេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​បិតា! លោក​បិតា​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។

15 អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​យក​ធ្នូ និង​ព្រួញ​មក!»។ ស្តេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។

16 ណាពី​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ស្តេច​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ អេលី‌យ៉ាសាក់​ដាក់​ដៃ​លើ​ដៃ​ស្តេច

17 រួច​ជម្រាប​ថា៖ «សូម​ស្តេច​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ស្តេច​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «សូម​បាញ់​ទៅ!» ស្តេច​ក៏​បាញ់។ អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជំនះ​មក​ពីអុលឡោះ‌តាអាឡា គឺ​ព្រួញ​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ស៊ីរី។ ស្តេច​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។

18 អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្តេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ណាពី​ជម្រាប​ថា៖ «សូម​វាយ​លើ​ដី!» ស្តេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

19 អ្នក​ជំនិត​របស់​អុលឡោះ​ខឹង​នឹង​ស្តេច ហើយ​ជម្រាប​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ស្តេច​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ស្តេច​វាយ​ពួក​គេ​ឈ្នះ បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

20 បន្ទាប់​មក អេលី‌យ៉ាសាក់​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​យក​សព​គាត់​ទៅ​បញ្ចុះ។ ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន‌ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។

21 ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ណាពី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ឆ្អឹង​របស់​អេលី‌យ៉ាសាក់ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។

22 ក្នុង​រជ្ជកាល​ស្តេច​យ៉ូអាហាស ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី តែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា‌និច្ច។

23 ប៉ុន្តែ អុលឡោះ‌តាអាឡា​ប្រណី​សន្តោស​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ទ្រង់​អាណិត​អាសូរ និង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ទ្រង់​មិន​គាប់​ចិត្ត​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទ្រង់​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ទ្រង់​ដែរ។

24 ស្តេច​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី​ស្លាប់ ហើយ​ស្តេច​បេនហា‌ដាដ​ជា​កូន​ឡើង​ស្នង​រាជ្យ។

25 ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស បាន​ដណ្តើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ពី​ស្តេច​បេនហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ហាសែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្តេច​ហាសែល​បាន​វាយ​ដណ្តើម​យក​ពី​ស្តេច​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ស្តេច​យ៉ូអាស​វាយ​ស្តេច​បេនហា‌ដាដ​បី​លើក រួច​ដណ្តើម​យក​ទី‌ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល​មក​វិញ។

© 2014 United Bible Societies, UK.

United Bible Societies