២ ពង្សាវតារក្សត្រ 14 - អាល់គីតាបស្តេចអម៉ាស៊ីយ៉ាសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស ស្តេចស្រុកអ៊ីស្រអែលស្តេចអម៉ាស៊ីយ៉ាជាបុត្ររបស់ស្តេចយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។ 2 ពេលឡើងសោយរាជ្យស្តេចមានវ័យម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយមាននាមថាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។ 3 ស្តេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា តែពុំបានដូចស្តេចទត ជាអយ្យកោឡើយ ស្តេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចស្តេចយ៉ូអាសជាបិតាដែរ។ 4 ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ 5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានសម្លាប់ស្តេចយ៉ូអាសជាបិតា។ 6 ប៉ុន្តែ ស្តេចពុំបានប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដោយគោរពតាមបន្ទូលដែលមានចែងទុក ក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺអុលឡោះតាអាឡាបានបង្គាប់ថា «មិនត្រូវប្រហារជីវិតបិតា ព្រោះតែទោសរបស់កូន ហើយក៏មិនត្រូវប្រហារជីវិតកូន ព្រោះតែទោសរបស់បិតាដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។ 7 ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។ 8 គ្រានោះស្តេចអម៉ាស៊ីយ៉ាចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស និងជាចៅរបស់ស្តេចយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។ 9 ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែល ចាត់មនុស្សឲ្យមកជម្រាបស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាវិញថា៖ «គ្រាមួយនោះ គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។ 10 ស្តេចវាយឈ្នះជនជាតិអេដុមមែន ហេតុនេះហើយបានជាស្តេចមានមោទនភាព។ ចូរអបអរសាទរនឹងជ័យជំនះ រួចនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន»។ 11 ប៉ុន្តែ ស្តេចអម៉ាស៊ីយ៉ាពុំព្រមស្តាប់តាមសេចក្តីព្រមាននេះទេ។ ពេលនោះស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែល ក៏ឡើងមកប្រយុទ្ធតទល់នឹងស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដានៅក្រុងបេតសេមែស ជាក្រុងរបស់យូដា។ 12 កងទ័ពអ៊ីស្រអែលវាយឈ្នះកងទ័ពយូដា ហើយពលទាហានយូដាបាក់ទ័ព រត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។ 13 ស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែល ចាប់ស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស និងជាចៅរបស់ស្តេចអហាស៊ីយ៉ាធ្វើជាឈ្លើយ នៅបេតសេមែស។ បន្ទាប់មកស្តេចយ៉ូអាសទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។ 14 ស្តេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជ្យទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ 15 កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ស្តេចស្រុកយូដា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 16 កាលស្តេចយ៉ូអាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរ នៃរាជវង្សរបស់ស្តេចស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី ហើយស្តេចយេរ៉ូបោម ជាកូនក៏ឡើងស្នងរាជ្យ។ 17 ក្រោយពីស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស ស្តេចស្រុកអ៊ីស្រអែលស្លាប់ ស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស ស្តេចស្រុកយូដា នៅរស់បានដប់ប្រាំឆ្នាំទៀត។ 18 កិច្ចការផ្សេងៗរបស់ស្តេចអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 19 នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។ 20 គេយកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះនៅក្រុងយេរូសាឡឹម ក្នុងផ្នូរនៃរាជវង្ស នៅបុរីស្តេចទត។ 21 ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកស្តេចអសារា ដែលមានវ័យដប់ប្រាំមួយឆ្នាំឲ្យឡើងគ្រងរាជ្យ តពីស្តេចអម៉ាស៊ីយ៉ាជាបិតា។ 22 ក្រោយពេលស្តេចអម៉ាស៊ីយ៉ាស្លាប់ ស្តេចអសារាសង់ក្រុងអេឡាតឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។ ស្តេចយេរ៉ូបោមទី២សោយរាជ្យនៅស្រុកអ៊ីស្រអែល 23 នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស ស្តេចស្រុកយូដា ស្តេចយេរ៉ូបោម ជាបុត្ររបស់ស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែលឡើងសោយរាជ្យ នៅក្រុងសាម៉ារី គាត់សោយរាជ្យបានសែសិបមួយឆ្នាំ។ 24 ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។ 25 ស្តេចយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលថ្លែងតាមរយៈអ្នកបម្រើរបស់ទ្រង់ គឺណាពីយូណើស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថហេភើរ។ 26 អុលឡោះតាអាឡាឃើញអ៊ីស្រអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។ 27 អុលឡោះតាអាឡាពុំគាប់ចិត្តលុបឈ្មោះអ៊ីស្រអែល ឲ្យបាត់ពីផែនដីទេ។ ដូច្នេះ ទ្រង់សង្គ្រោះប្រជាជននេះ តាមរយៈស្តេចយេរ៉ូបោម ជាបុត្ររបស់ស្តេចយ៉ូអាស។ 28 កិច្ចការផ្សេងទៀតរបស់ស្តេចយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្តើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្តាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។ 29 ស្តេចយេរ៉ូបោមស្លាប់ ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្តេចស្រុកអ៊ីស្រអែល។ ស្តេចសាការីយ៉ា ជាកូនឡើងស្នងរាជ្យ។ |
© 2014 United Bible Societies, UK.
United Bible Societies