ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្ររបស់អុលឡោះកំណាព្យរបស់លោកអេថាន ជាអ្នកស្រុកអេសរ៉ាគីត។ 1 ខ្ញុំនឹងច្រៀងសរសើរចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ 2 ខ្ញុំដឹងថាចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ 3 អុលឡោះតាអាឡាមានបន្ទូលថា «យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានចុះខសន្យាជាមួយស្តេចទត ជាអ្នកបម្រើរបស់យើងថា: 4 យើងនឹងតែងតាំងពូជពង្សអ្នក ឲ្យគ្រងរាជ្យរហូតតទៅ យើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ! »។ 5 អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ 6 នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។ 7 អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចទ្រង់ ហើយអស់អ្នកដែលនៅជុំវិញទ្រង់ ក៏កោតស្ញប់ស្ញែងទ្រង់ដែរ។ 8 ឱអុលឡោះតាអាឡា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលអើយ គ្មាននរណាមានអំណាចដូចទ្រង់ឡើយ! ទ្រង់ប្រកបទៅដោយ ចិត្តស្មោះស្ម័គ្រ។ 9 ទ្រង់បង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ទ្រង់បានធ្វើឲ្យស្ងប់ទៅវិញ។ 10 ទ្រង់បានជាន់ និងសម្លាប់នាគរាជ ទ្រង់បានកំចាត់កំចាយខ្មាំងសត្រូវ ដោយសារអំណាចដ៏ខ្លាំងក្លារបស់ទ្រង់។ 11 មេឃ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។ 12 ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងនាមទ្រង់។ 13 ទ្រង់ប្រកបដោយអំណាចដ៏ខ្លាំងក្លា ទ្រង់មានអំណាច និងកម្លាំងដ៏ខ្ពង់ខ្ពស់បំផុត។ 14 ទ្រង់គ្រងរាជ្យដោយសុចរិត យុត្តិធម៌ អ្វីៗដែលទ្រង់ធ្វើ សុទ្ធតែបង្ហាញអំពីចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ 15 អុលឡោះតាអាឡាអើយ ប្រជាជនណាលើកតម្កើងទ្រង់ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ទ្រង់ ប្រជាជននោះមានសុភមង្គលហើយ! 16 រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយ ដោយសារនាមទ្រង់ ហើយគេនឹងបានខ្ពស់មុខ ដោយសារសេចក្ដីសុចរិតរបស់ទ្រង់ 17 ដ្បិតទ្រង់ប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារទ្រង់ប្រោសប្រទានឲ្យ។ 18 អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល បានជ្រើសរើសស្តេច ឲ្យធ្វើជាខែលការពារយើងខ្ញុំ ។ 19 នៅថ្ងៃមួយ អុលឡោះមានបន្ទូល មកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ តាមការនិមិត្តឃើញមួយថា: «យើងបានជួយគាំទ្រអ្នកចំបាំងមួយនាក់ដ៏ចំណាន យើងបានលើកតម្កើងយុវជនមួយនាក់ ក្នុងចំណោមប្រជាជន 20 គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង 21 កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគាត់ អំណាចរបស់យើងនឹងធ្វើឲ្យ គាត់បានខ្លាំងពូកែ។ 22 ខ្មាំងសត្រូវពុំអាចមានប្រៀបលើគាត់ មនុស្សទុច្ចរិតពុំអាចបំបាក់មុខគាត់បានឡើយ។ 23 យើងនឹងកំទេចបច្ចាមិត្តនៅមុខគាត់ យើងនឹងប្រហារអស់អ្នកដែលស្អប់គាត់។ 24 យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច គាត់នឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។ 25 យើងនឹងឲ្យគាត់មានអំណាចគ្រប់គ្រង លើសមុទ្រ និងលើទន្លេនានា។ 26 ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។ 27 រីឯយើងវិញ យើងនឹងធ្វើឲ្យទត បានទៅជាកូនច្បងរបស់យើង ជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។ 28 យើងនឹងសំដែងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគាត់ដោយមិនប្រែប្រួលឡើយ ។ 29 យើងនឹងធ្វើឲ្យពូជពង្សរបស់គាត់ នៅស្ថិតស្ថេររហូតតទៅ ហើយរាជ្យរបស់គាត់នឹងគង់វង្ស នៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។ 30 ប្រសិនបើកូនចៅរបស់ទត បោះបង់ចោលហ៊ូកុំរបស់យើង ហើយលែងដើរតាមហ៊ូកុំរបស់យើង 31 ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើង ហើយលែងប្រតិបត្តិតាមបទបញ្ជា របស់យើងទៀតនោះ 32 យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។ 33 ក៏ប៉ុន្តែ យើងនៅតែសំដែងចិត្តមេត្តាករុណា ចំពោះទតជានិច្ច យើងនឹងសំដែងចិត្តស្មោះស្ម័គ្រចំពោះគាត់ ឥតងាករេឡើយ។ 34 យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយគាត់នោះទេ គឺអ្វីដែលយើងនិយាយចេញមកហើយ យើងនឹងមិនប្រែក្រឡាស់វិញឡើយ។ 35 យើងបានសន្យាយ៉ាងឱឡារិកក្នុងនាមដ៏វិសុទ្ធ របស់យើង យើងមិនកុហកស្តេចទតទេ! 36 ពូជពង្សរបស់គាត់នឹងនៅស្ថិតស្ថេររហូតតទៅ រាជ្យរបស់គាត់នឹងគង់វង្សនៅចំពោះមុខយើង ដូចព្រះអាទិត្យ 37 ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូត ធ្វើជាសាក្សីស្រាប់»។ - សម្រាក 38 ប៉ុន្តែ អុលឡោះបានបោះបង់ចោល ទ្រង់បានកាត់កាល់ ទ្រង់ខឹងនឹងស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។ 39 ទ្រង់បានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ទ្រង់ ទ្រង់បានទំលាក់មកុដរាជ្យ របស់ស្តេចទៅដី។ 40 ទ្រង់បានធ្វើឲ្យកំពែងទាំងប៉ុន្មាន របស់ស្តេចត្រូវធ្លុះធ្លាយ និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។ 41 ពួកអ្នកដែលដើរកាត់តាមនោះ នាំគ្នាប្លន់យកអ្វីៗដែលស្ដេចមាន ហើយប្រទេសជិតខាងនាំគ្នាសើចចំអក ឲ្យស្ដេច។ 42 ទ្រង់បានធ្វើឲ្យបច្ចាមិត្តរបស់ស្ដេចមានកម្លាំង ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន របស់ស្ដេចមានអំណរសប្បាយ។ 43 ទ្រង់បានធ្វើឲ្យគ្រឿងសស្រ្ដាវុធ របស់ស្ដេចលែងមានប្រសិទ្ធភាព ទ្រង់ពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។ 44 ទ្រង់ដកអំណាចចេញពីស្ដេច ទ្រង់បានរំលំរាជបល្ល័ង្ករបស់ស្ដេច 45 ទ្រង់ពុំបានធ្វើឲ្យស្ដេច មានអាយុយឺនយូរទេ ទ្រង់បានធ្វើឲ្យស្ដេច ត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក 46 អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត? 47 សូមទ្រង់កុំភ្លេចថា អាយុជីវិតខ្ញុំខ្លីណាស់! ទ្រង់បង្កើតមនុស្សលោកទាំងអស់មក ដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង! 48 ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក 49 អុលឡោះតាអាឡាអើយ តើស្នាដៃដែលទ្រង់ធ្លាប់សំដែង ដោយចិត្តមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើបន្ទូលដែលទ្រង់បានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះស្តេចទតនៅឯណា?។ 50 អុលឡោះតាអាឡាអើយ សូមកុំភ្លេចអ្នកបម្រើ របស់ទ្រង់ដែលកំពុងតែបាក់មុខ សូមទ្រង់កុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ខ្ញុំ។ 51 អុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់ នាំគ្នាបំបាក់មុខស្ដេច ដែលទ្រង់ចាក់ប្រេងតែងតាំង គឺទោះបីខ្ញុំទៅទីណាក៏ដោយ ក៏ពួកគេនាំគ្នាបំបាក់មុខខ្ញុំជានិច្ច។ 52 សូមលើកតម្កើងអុលឡោះតាអាឡារហូតតទៅ! អាម៉ីន! អាម៉ីន!។ |
© 2014 United Bible Societies, UK.
United Bible Societies