Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 90 - អាល់គីតាប


ភាគ​ទី​បួន (គីតាបសាបូរ ៩០-១០៦) មនុស្ស​លោក​តែងតែ​ស្លាប់ តែ​អុលឡោះ​នៅ​រហូត
ពាក្យ​ទូរអា​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​អុលឡោះ​។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្លាប់​ធ្វើ​ជា​ជំរក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

2 មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។

3 ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ទ្រង់​មាន​បន្ទូល​ថា «ពូជ‌ពង្ស​របស់​អាដាម​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»

4 ចំពោះ​ទ្រង់ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅ ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។

5 ទ្រង់​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ

6 នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មក ហើយ​លូត​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។

7 យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​កំហឹង​របស់​ទ្រង់ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង។

8 ទ្រង់​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ទ្រង់ ហើយ​ពន្លឺ​របស់​ទ្រង់ ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។

9 ដោយ‌សារ​ទ្រង់​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។

10 អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។

11 តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​កំហឹង​របស់​ទ្រង់​បាន? តើ​នរណា​អាច​ស្គាល់​កំហឹង​នេះ ដើម្បី​គោរព​កោត​ខ្លាច ទ្រង់​យ៉ាង​ត្រឹម​ត្រូវ​បាន?

12 សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះ‌គិត ប្រកប​ដោយ​ប្រាជ្ញា។

13 អុលឡោះ‌តាអាឡា​អើយ សូម​មក​វិញ តើ​ទ្រង់​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង!

14 សូម​សំដែង​ចិត្ត​មេត្តា‌ករុណា ដ៏​លើស‌លប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។

15 ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។

16 សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា‌ដៃ​របស់​ទ្រង់ ហើយ​សំដែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ផង។

17 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សំដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់‌ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់‌ខ្ជួន​រហូត​ត​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម