ពាក្យអរគុណរបស់ណាពីទតនៅពេលមានជ័យជំនះទំនុកពីសៀវភៅរបស់គ្រូចំរៀង ទំនុករបស់ណាពីទតជាអ្នកបម្រើរបស់ អុលឡោះតាអាឡា ជាពាក្យដែលគាត់ច្រៀងជូន អុលឡោះតាអាឡា នៅថ្ងៃដែលអុលឡោះបានរំដោះគាត់ ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។ 1 ទតមានប្រសាសន៍ថា៖ ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រឡាញ់ទ្រង់ ព្រោះទ្រង់ជាកម្លាំងរបស់ខ្ញុំ! 2 អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។ 3 ពេលខ្ញុំស្រែករកទ្រង់ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងអុលឡោះតាអាឡា!។ 4 សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ 5 សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។ 6 នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។ 7 ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារទ្រង់ខឹង។ 8 មានផ្សែងហុយចេញមកពីទ្រង់ ទ្រង់ផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីទ្រង់ដែរ។ 9 ទ្រង់បានផ្អៀងផ្ទៃមេឃ ទ្រង់ចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមជើងផង។ 10 ទ្រង់នៅលើម៉ាឡាអ៊ីកាត់ មានស្លាប ហើយហោះមក ទ្រង់នៅលើវាយោ ដូចនៅលើស្លាបបក្សី។ 11 ទ្រង់យកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក ធ្វើជាជំរំជួបទ្រង់។ 12 មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខទ្រង់ ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។ 13 អុលឡោះតាអាឡាធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺសំឡេង ។ 14 ទ្រង់បាញ់ព្រួញរបស់ទ្រង់ទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។ ទ្រង់បាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ 15 ឱអុលឡោះតាអាឡាជាម្ចាស់អើយ បន្ទូលគំរាមរបស់ទ្រង់ និងខ្យល់ព្យុះ ដែលបក់ចេញមកពីទ្រង់ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ 16 ទ្រង់បានផ្តល់អំណាចពីសូរ៉កាមករកខ្ញុំ ទ្រង់ស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ 17 ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។ 18 នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាបង្អែករបស់ខ្ញុំ។ 19 ទ្រង់បាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ទ្រង់រំដោះខ្ញុំ មកពីទ្រង់ស្រឡាញ់ខ្ញុំ។ 20 អុលឡោះតាអាឡាបានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ទ្រង់តបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ 21 ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ហើយខ្ញុំមិនបានឃ្លាតចេញពីម្ចាស់របស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ 22 ខ្ញុំបានប្រព្រឹត្តតាមហ៊ូកុំទាំងប៉ុន្មាន របស់ទ្រង់ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ទ្រង់ទេ។ 23 ទ្រង់ជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ 24 អុលឡោះតាអាឡាប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះទ្រង់ឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។ 25 អុលឡោះតាអាឡាអើយ ទ្រង់សំដែងចិត្តស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់ ទ្រង់សំដែងចិត្តស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ 26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ទ្រង់ក៏សំដែងថា ទ្រង់បរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ទ្រង់សំដែងថាទ្រង់ឈ្លាសវៃ 27 ដ្បិតទ្រង់ហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។ 28 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាពន្លឺរបស់ខ្ញុំ ហើយទ្រង់ក៏បំភ្លឺសេចក្ដីងងឹត របស់ខ្ញុំដែរ។ 29 ទ្រង់ប្រទានកម្លាំងឲ្យខ្ញុំ វាយលុកខ្មាំងសត្រូវ និងឲ្យខ្ញុំអាចលោតរំលងកំពែង ក្រុងរបស់ពួកគេ។ 30 មាគ៌ារបស់អុលឡោះសុទ្ធតែល្អឥតខ្ចោះ បន្ទូលសន្យារបស់អុលឡោះតាអាឡាពិតទាំងស្រុង ទ្រង់ជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយទ្រង់។ 31 មានតែអុលឡោះតាអាឡា ដែលពិតជាម្ចាស់តែមួយគត់ មានតែអុលឡោះជាម្ចាស់របស់យើងមួយគត់ប៉ុណ្ណោះ ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។ 32 អុលឡោះប្រទានឲ្យខ្ញុំមានកម្លាំង និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។ 33 ទ្រង់ប្រោសប្រទានឲ្យខ្ញុំ រត់លឿនដូចសត្វក្ដាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។ 34 ទ្រង់បង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។ 35 ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។ 36 ទ្រង់ការពារខ្ញុំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យខ្ញុំភ្លាត់ជើងដួលឡើយ។ 37 ខ្ញុំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន ហើយខ្ញុំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកំទេចពួកគេអស់។ 38 ខ្ញុំកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ខ្ញុំ។ 39 ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំង នឹងធ្វើសឹក និងមានជ័យជំនះលើខ្មាំងសត្រូវ។ 40 ទ្រង់បានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខខ្ញុំ ហើយខ្ញុំបានធ្វើឲ្យអស់អ្នក ដែលស្អប់ខ្ញុំវិនាសសូន្យអស់ទៅ។ 41 គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ គេស្រែកហៅអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបនឹងពួកគេឡើយ។ 42 ខ្ញុំបានកំទេចពួកគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ខ្ញុំបានបោសពួកគេ ដូចភក់ជ្រាំនៅតាមផ្លូវ។ 43 ទ្រង់បានរំដោះខ្ញុំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងខ្ញុំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនស្គាល់ បានមកចុះចូលនឹងខ្ញុំ។ 44 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ខ្ញុំ ហើយពេលខ្ញុំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ 45 ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។ 46 ជយោអុលឡោះតាអាឡា! សូមសរសើរតម្កើងទ្រង់ ដែលជាថ្មដារបស់ខ្ញុំ! សូមលើកតម្កើងអុលឡោះ ដែលបានសង្គ្រោះខ្ញុំ! 47 ដ្បិតទ្រង់បានឲ្យខ្ញុំ មានជ័យជំនះលើខ្មាំងសត្រូវ ទ្រង់បានបង្ក្រាបប្រជាជននានា ឲ្យមកចុះចូលនឹងខ្ញុំ 48 ហើយទ្រង់បានប្រោសខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ ទ្រង់បានលើកខ្ញុំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ខ្ញុំ និងរំដោះខ្ញុំឲ្យរួចផុតពី មនុស្សឃោរឃៅ។ 49 ហេតុនេះហើយបានជាខ្ញុំសរសើរតម្កើង ទ្រង់ក្នុងចំណោមប្រជាជាតិនានា ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងច្រៀងលើកតម្កើងនាមរបស់ទ្រង់។ 50 ទ្រង់បានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង ទ្រង់បានសំដែងចិត្តស្មោះត្រង់ ចំពោះស្ដេចដែលទ្រង់បានចាក់ប្រេងតែងតាំង គឺចំពោះស្ដេចទត និងពូជពង្សរៀងរហូតតទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies