ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ថែស្សាឡូនីច 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ថែស្សាឡូនីច 4

ការត្រាស់ហៅមកក្នុងភាពវិសុទ្ធ

1 ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត

2 ពីព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រគល់​ពាក្យបញ្ជា​យ៉ាងណា​ដល់​អ្នករាល់គ្នា តាមរយៈ​ព្រះអម្ចាស់​យេស៊ូវ​។

3 ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ ដើម្បីឲ្យ​អ្នករាល់គ្នា​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ

4 ដើម្បីឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ចេះ​រក្សា​រូបកាយ​របស់​ខ្លួន ក្នុង​ភាពវិសុទ្ធ និង​ភាពថ្លៃថ្នូរ

5 មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។

6 កុំ​បំពាន ឬ​ឆ្លៀតឱកាស​លើ​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​ជា​អ្នកសងសឹក​ចំពោះ​ការ​ទាំងអស់​នេះ ដូចដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន និង​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​រួចហើយ​។

7 ជាការពិត ព្រះ​មិនមែន​ត្រាស់ហៅ​យើង​មកក្នុង​ភាពស្មោកគ្រោក​ទេ គឺ​មកក្នុង​ភាពវិសុទ្ធ​វិញ​។

8 ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។

របៀបរស់នៅរបស់គ្រីស្ទាន

9 រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។

10 ពិតមែនហើយ អ្នករាល់គ្នា​កំពុង​ធ្វើ​ដូច្នេះ​ដល់​បងប្អូន​ទាំងអស់​នៅ​ម៉ាសេដូន​ទាំងមូល​។ ក៏ប៉ុន្តែ​បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើ​ដូច្នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត

11 ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ

12 ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរ​យ៉ាងត្រឹមត្រូវ​នៅចំពោះ​អ្នកក្រៅ ហើយ​មិន​ពឹងផ្អែកលើ​អ្នកណាឡើយ​។

សេចក្ដីសង្ឃឹមនៃការយាងមកវិញរបស់ព្រះគ្រីស្ទ

13 បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។

14 ដ្បិត​ដោយព្រោះ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ហើយ​មានព្រះជន្ម​រស់ឡើងវិញ ដូច្នេះ​យើង​ក៏​ជឿ​ដែរ​ថា ព្រះ​នឹង​នាំ​ពួក​អ្នក​ដែល​បាន​ដេកលក់​ក្នុង​ព្រះយេស៊ូវ​មក ឲ្យ​នៅ​ជាមួយ​ព្រះយេស៊ូវ​។

15 ពិតមែនហើយ យើង​សូម​ប្រាប់​ការនេះ​ដល់​អ្នករាល់គ្នា ស្របតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​នៅរស់ ដែល​នៅសល់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់ យើង​នឹង​មិន​ឆ្លងហួសទៅមុន​ពួក​អ្នក​ដែល​បាន​ដេកលក់​នោះ​ឡើយ

16 ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន

17 បន្ទាប់មក យើង​ដែល​នៅរស់ ដែល​នៅសល់ នឹង​ត្រូវបាន​លើកឡើង​ទៅក្នុង​ពពក​ជាមួយ​អ្នកទាំងនោះ ដើម្បី​ជួប​ព្រះអម្ចាស់​នៅលើ​អាកាស​។ ដូច្នេះ យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​ជារៀងរហូត​។

18 ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative