ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សាស្តា 2 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សាស្តា 2

ការសប្បាយជាការឥតន័យ

1 ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “ឥឡូវនេះ មក៍! អញ​នឹង​សាកល្បង​ឯង​ដោយ​ការសប្បាយ​។ ដូច្នេះ ចូរ​សប្បាយរីករាយ​ចុះ”។ ប៉ុន្តែ មើល៍! វា​ក៏​ជា​ការឥតន័យ​ដែរ​។

2 ខ្ញុំ​និយាយ​អំពី​ការសើច​ថា​៖ “នេះ​ជាការចម្កួត” ក៏​និយាយ​អំពី​ការសប្បាយ​ថា​៖ “តើ​វា​មានប្រយោជន៍​អ្វី​?”។

3 ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។

4 ខ្ញុំ​បាន​ធ្វើឲ្យ​កិច្ចការ​របស់ខ្ញុំ​កាន់តែ​រីកធំ គឺ​បាន​សាងសង់​ដំណាក់​នានា​សម្រាប់​ខ្លួនខ្ញុំ ហើយ​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ​សម្រាប់​ខ្លួនខ្ញុំ​;

5 ខ្ញុំ​បាន​ធ្វើ​សួនច្បារ និង​សួនឧទ្យាន​ជាច្រើន​សម្រាប់​ខ្លួនខ្ញុំ ហើយ​បាន​ដាំ​ដើមឈើមានផ្លែ​គ្រប់ប្រភេទ​នៅក្នុង​សួនទាំងនោះ​;

6 ខ្ញុំ​បាន​ធ្វើ​ស្រះ​ទឹក​ជាច្រើន​សម្រាប់​ខ្លួនខ្ញុំ ដើម្បី​ស្រោច​ដើមឈើ​ដែល​លូតលាស់​ក្នុង​ព្រៃ ពី​ស្រះទាំងនោះ​;

7 ខ្ញុំ​បាន​ទិញ​ទាសករប្រុស និង​ទាសករស្រី ហើយ​មាន​ទាំង​ទាសករដែលកើតក្នុងដំណាក់ ជារបស់​ខ្ញុំ​ផង​; ខ្ញុំ​មាន​ហ្វូងគោ និង​ហ្វូងចៀម​ជាច្រើន លើសជាង​អស់អ្នក​ដែល​នៅ​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត​;

8 ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ស្ដេច​និង​របស់​ខេត្ត​នានា សម្រាប់​ខ្លួនខ្ញុំ​; ខ្ញុំ​រកបាន​អ្នកចម្រៀងប្រុសស្រី និង​ស្រីស្នំជាច្រើន​ដែលជា​ទីគាប់ចិត្ត​របស់​មនុស្សលោក សម្រាប់​ខ្លួនខ្ញុំ​។

9 ដូច្នេះ ខ្ញុំ​បានជាធំ ហើយ​ចម្រើនឡើង លើសជាង​អស់អ្នក​ដែល​នៅ​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត ហើយ​ប្រាជ្ញា​របស់ខ្ញុំ​ក៏​នៅតែនៅ​ជាមួយ​ខ្ញុំ​ដែរ​។

10 អ្វីៗ​ទាំងអស់​ដែល​ភ្នែក​របស់ខ្ញុំ​ចង់បាន ខ្ញុំ​មិន​បាន​បង្អត់​វា​ទេ​; ខ្ញុំ​មិន​បាន​បង្ខាំង​ចិត្ត​ខ្ញុំ​ពី​ការសប្បាយ​ណាមួយ​ឡើយ ដ្បិត​ចិត្ត​ខ្ញុំ​បាន​ត្រេកអរ​នឹង​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ​; នេះ​ហើយ ជា​ចំណែក​របស់ខ្ញុំ​ពី​ការនឿយហត់​ទាំងអស់​របស់ខ្ញុំ​។

11 នៅពេល​ខ្ញុំ​បាន​បែរទៅមើល​កិច្ចការ​ទាំងអស់​របស់ខ្ញុំ​ដែល​ដៃ​របស់ខ្ញុំ​បាន​ធ្វើ និង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់ គឺ​គ្មាន​ប្រយោជន៍​នៅក្រោម​ថ្ងៃ​ឡើយ​។

ប្រាជ្ញា និងភាពល្ងង់

12 បន្ទាប់មក ខ្ញុំ​បាន​បែរ​មក​ពិចារណា​ប្រាជ្ញា ភាពចម្កួត និង​ភាពល្ងង់​។ ដ្បិត​មនុស្ស​ដែល​ឡើងមក​តពី​ស្ដេច តើ​ធ្វើ​អ្វី​បាន​? គឺ​ធ្វើ​បានតែ​អ្វីដែល​គេ​បាន​ធ្វើ​រួចហើយ​ប៉ុណ្ណោះ​។

13 នោះ​ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​មាន​ប្រយោជន៍​ជាង​ភាពល្ងង់ ដូចដែល​ពន្លឺ​មាន​ប្រយោជន៍​ជាង​ភាពងងឹត​។

14 ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។

15 ដូច្នេះ ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ដូចដែល​វាសនា​របស់​មនុស្សល្ងង់​ជា​យ៉ាងណា វា​នឹង​កើតមាន​ដល់​ខ្ញុំ​យ៉ាងនោះដែរ ចុះ​ម្ដេចក៏​ខ្ញុំ​ត្រូវ​មានប្រាជ្ញា​ច្រើន​?”។ នោះ​ខ្ញុំ​និយាយ​ក្នុងចិត្ត​ថា​៖ “នេះ​ក៏​ជា​ការឥតន័យ​ដែរ​!”។

16 ដ្បិត​គ្មាន​ការនឹកចាំ​ជារៀងរហូត​អំពី​មនុស្ស​មានប្រាជ្ញា ក៏​ដូចជា​មនុស្សល្ងង់​ដែរ​; នៅ​ថ្ងៃ​ដែល​នឹង​មកដល់ អ្វីៗ​ទាំងអស់​នឹង​ត្រូវគេ​ភ្លេច​។ ហេតុអ្វីបានជា​មនុស្ស​មានប្រាជ្ញា​ត្រូវ​ស្លាប់​ដូច​មនុស្សល្ងង់​ដូច្នេះ​?

17 ដោយហេតុនេះ ខ្ញុំ​បាន​ស្អប់​ជីវិត ពីព្រោះ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គួរឲ្យព្រួយចិត្ត​សម្រាប់​ខ្ញុំ​។ ដ្បិត​ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។

ការងារនឿយហត់ជាការឥតន័យ

18 ខ្ញុំ​បាន​ស្អប់​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ ដែល​ខ្ញុំ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ ពីព្រោះ​ខ្ញុំ​ត្រូវ​ទុក​វា​ឲ្យ​មនុស្ស​ដែល​នឹង​មក​ក្រោយ​ខ្ញុំ​។

19 តើ​នរណា​ដឹង​ថា​អ្នកនោះ​ជា​មនុស្ស​មានប្រាជ្ញា ឬ​ជា​មនុស្សល្ងង់​? ទោះបីជាយ៉ាងណាក៏ដោយ គេ​នឹង​ត្រួតត្រា​លើ​អស់ទាំង​ការនឿយហត់​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រឹងប្រែងធ្វើ​ដោយ​ប្រើប្រាជ្ញា​នៅក្រោម​ថ្ងៃ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។

20 ដូច្នេះ ខ្ញុំ​បាន​បែរ​មក​ធ្វើឲ្យ​ចិត្ត​ខ្ញុំ​អស់សង្ឃឹម​នឹង​អស់ទាំង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​;

21 ដ្បិត​មាន​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការនឿយហត់​របស់ខ្លួន​ដោយ​ប្រាជ្ញា ដោយ​ចំណេះដឹង និង​ដោយ​ការស្ទាត់ជំនាញ ប៉ុន្តែ​ត្រូវ​ប្រគល់​ចំណែក​របស់ខ្លួន​ទៅ​មនុស្ស​ដែល​មិន​បាន​ប្រឹងប្រែងធ្វើការ​សម្រាប់​វា​វិញ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការអាក្រក់​យ៉ាងខ្លាំង​ដែរ​!

22 នៅចុងបញ្ចប់ តើ​មនុស្ស​ម្នាក់​បាន​អ្វី​ពី​អស់ទាំង​ការនឿយហត់​របស់ខ្លួន និង​ពី​ចិត្ត​ព្យាយាម​របស់ខ្លួន ដែល​គេ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​?

23 តាមពិត អស់ទាំង​ថ្ងៃ​របស់គេ​មានតែ​ទុក្ខសោក ហើយ​កិច្ចការ​របស់គេ​មានតែ​ទុក្ខព្រួយ​។ សូម្បីតែ​នៅ​ពេលយប់​ក៏​ចិត្ត​របស់គេ​មិន​បាន​សម្រាក​ឡើយ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។

24 សម្រាប់​មនុស្ស គ្មានអ្វី​ប្រសើរ​ជាង​ហូប និង​ផឹក ហើយ​ឲ្យ​ព្រលឹង​របស់ខ្លួន​រកឃើញ​ការ​សប្បាយរីករាយ​ក្នុង​ការនឿយហត់​របស់ខ្លួន​នោះ​ឡើយ​! ខ្ញុំ​ឃើញ​ថា ការនេះ​ក៏​មកពី​ព្រះហស្ត​របស់​ព្រះ​ដែរ​;

25 ដ្បិត​តើ​នរណា​អាច​ហូប តើ​នរណា​អាច​សប្បាយរីករាយ ដោយគ្មាន​ព្រះអង្គ​បាន​?

26 ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative