ការក្បត់ពីមិត្តសម្លាញ់ទំនុកម៉ាស្គីល របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយគ្រឿងតន្ត្រីមានខ្សែ។ 1 ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមកុំលាក់អង្គទ្រង់ពីពាក្យទូលអង្វររបស់ទូលបង្គំឡើយ! 2 សូមប្រុងស្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង! ទូលបង្គំរសាប់រសល់ក្នុងការត្អូញត្អែររបស់ទូលបង្គំ ព្រមទាំងថ្ងូរដែរ 3 ដោយសារតែសំឡេងរបស់សត្រូវ ដោយសារតែការសង្កត់សង្កិនរបស់មនុស្សអាក្រក់; មែនហើយ ពួកគេទម្លាក់មហន្តរាយលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយកំហឹងផង។ 4 ចិត្តរបស់ទូលបង្គំឈឺចុកចាប់យ៉ាងខ្លាំងនៅក្នុងទូលបង្គំ; សេចក្ដីគំរាមកំហែងនៃសេចក្ដីស្លាប់ បានធ្លាក់មកលើទូលបង្គំ។ 5 ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។ 6 ដូច្នេះ ទូលបង្គំពោលថា៖ “ឱបើមានគេឲ្យស្លាបដល់ខ្ញុំដូចសត្វព្រាបទៅអេះ! នោះខ្ញុំនឹងហើរទៅ ហើយបានសម្រាក។ 7 មើល៍! ខ្ញុំនឹងរត់គេចទៅឲ្យឆ្ងាយ ខ្ញុំនឹងស្នាក់នៅក្នុងទីរហោស្ថាន។ សេឡា 8 ខ្ញុំនឹងប្រញាប់ទៅឯជម្រករបស់ខ្ញុំ ឲ្យរួចពីខ្យល់គំហុក និងពីព្យុះសង្ឃរា”។ 9 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។ 10 ទាំងយប់ទាំងថ្ងៃ ពួកគេដើរជុំវិញនៅលើកំពែងទីក្រុងនោះ ហើយមានអំពើទុច្ចរិត និងទុក្ខវេទនានៅក្នុងទីក្រុងនោះដែរ; 11 មានសេចក្ដីអន្តរាយនៅក្នុងទីក្រុងនោះ; ការសង្កត់សង្កិន និងការបោកបញ្ឆោត មិនចាកចេញពីកន្លែងសាធារណៈនៃទីក្រុងនោះឡើយ។ 12 តាមពិត មិនមែនជាខ្មាំងសត្រូវទេ ដែលត្មះតិះដៀលខ្ញុំ—— បើដូច្នោះ ខ្ញុំអាចទ្រាំបាន; មិនមែនជាអ្នកដែលស្អប់ខ្ញុំទេ ដែលលើកខ្លួនឡើងទាស់នឹងខ្ញុំ—— បើដូច្នោះ ខ្ញុំអាចលាក់ខ្លួនពីអ្នកនោះបាន។ 13 ប៉ុន្តែគឺជាអ្នកវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាសម្លាញ់ភ្ងារបស់ខ្ញុំ ជាមិត្តស្និទ្ធស្នាលរបស់ខ្ញុំ! 14 យើងធ្លាប់សន្ទនាជាមួយគ្នាយ៉ាងផ្អែមល្ហែម យើងធ្លាប់ដើរកណ្ដាលអង្គប្រជុំនៅក្នុងដំណាក់របស់ព្រះ។ 15 សូមឲ្យសេចក្ដីស្លាប់សង្គ្រុបលើពួកគេ សូមឲ្យពួកគេចុះទៅស្ថានមនុស្សស្លាប់ទាំងរស់! ដ្បិតមានការអាក្រក់នៅក្នុងលំនៅរបស់ពួកគេ គឺនៅខាងក្នុងពួកគេ។ 16 រីឯខ្ញុំវិញ ខ្ញុំនឹងស្រែកហៅព្រះ ហើយព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ។ 17 ខ្ញុំត្អូញត្អែរ និងស្រែកថ្ងូរ នៅពេលល្ងាច ពេលព្រឹក និងពេលថ្ងៃត្រង់ នោះព្រះអង្គក៏សណ្ដាប់សំឡេងរបស់ខ្ញុំ។ 18 ព្រះអង្គបានប្រោសលោះព្រលឹងរបស់ខ្ញុំដោយសុខសាន្ត ចេញពីចម្បាំងទាស់នឹងខ្ញុំ ទោះបីជាមានមនុស្សជាច្រើនប្រឆាំងនឹងខ្ញុំក៏ដោយ។ 19 ព្រះដែលគង់លើបល្ល័ង្កតាំងពីបុរាណមក ព្រះអង្គនឹងឮ ហើយធ្វើទុក្ខពួកគេ។ សេឡា នេះគឺដោយសារពួកគេមិនផ្លាស់ប្រែ ក៏មិនកោតខ្លាចព្រះដែរ។ 20 សម្លាញ់ភ្ងារបស់ខ្ញុំបានលូកដៃទាស់នឹងពួកមិត្តសម្លាញ់របស់ខ្លួន ក៏បានក្បត់សម្ពន្ធមេត្រីរបស់ខ្លួនផង។ 21 មាត់របស់គេរអិលជាងប៊័រ ប៉ុន្តែក្នុងចិត្តគេមានសង្គ្រាម ពាក្យសម្ដីរបស់គេរលូនជាងប្រេង ប៉ុន្តែវាជាដាវដែលហូតជាស្រេច។ 22 ចូរទម្លាក់បន្ទុករបស់អ្នកលើព្រះយេហូវ៉ា នោះព្រះអង្គនឹងទ្រទ្រង់អ្នក ព្រះអង្គនឹងមិនឲ្យមនុស្សសុចរិតរង្គើឡើយ គឺជារៀងរហូត។ 23 ឱព្រះអើយ ព្រះអង្គនឹងទម្លាក់ពួកគេចុះទៅក្នុងរណ្ដៅនៃសេចក្ដីអន្តរាយ! ពួកមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត នឹងមិនរស់បានពាក់កណ្ដាលអាយុជីវិតរបស់ខ្លួនឡើយ រីឯទូលបង្គំវិញ ទូលបង្គំនឹងជឿទុកចិត្តលើព្រះអង្គ៕ |