ទំនុកតម្កើង 54 - ព្រះគម្ពីរខ្មែរសាកលអធិស្ឋានសុំព្រះឲ្យរំដោះ ទំនុកម៉ាស្គីល របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងដោយគ្រឿងតន្ត្រីមានខ្សែ កាលអ្នកស៊ីភមកទូលសូលថា៖ “តើដាវីឌមិនលាក់ខ្លួននៅក្នុងចំណោមយើងខ្ញុំទេឬ?”។ 1 ឱព្រះអើយ សូមសង្គ្រោះទូលបង្គំដោយព្រះនាមរបស់ព្រះអង្គ ហើយការពារក្ដីឲ្យទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គផង! 2 ឱព្រះអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងពាក្យពីមាត់របស់ទូលបង្គំផង! 3 ដ្បិតជនមិនស្គាល់បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ មនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះនៅមុខពួកគេឡើយ។ សេឡា 4 មើល៍! ព្រះជាជំនួយដល់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ព្រលឹងរបស់ទូលបង្គំ។ 5 ព្រះអង្គនឹងតបសងពួកសត្រូវរបស់ទូលបង្គំ តាមការអាក្រក់របស់ពួកគេ; សូមព្រះអង្គបំផ្លាញជីវិតពួកគេ ដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ។ 6 ទូលបង្គំនឹងថ្វាយតង្វាយស្ម័គ្រចិត្តដល់ព្រះអង្គ។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គល្អ! 7 ព្រះអង្គបានរំដោះខ្ញុំពីអស់ទាំងទុក្ខវេទនា ហើយភ្នែករបស់ខ្ញុំបានមើលចុះមកពួកសត្រូវរបស់ខ្ញុំ៕ |