មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់យើងចុះ នោះឯងនឹងបានអាយុយឺនយូរ។ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។ ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។ កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។ ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត។ តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន កុំបោះបង់ចោលសេចក្ដីបង្រៀន របស់ឪពុកឡើយ។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនេះ ទុកជាការប្រៀនប្រដៅចុះ ព្រោះព្រះប្រព្រឹត្តនឹងអ្នករាល់គ្នាដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ?
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ មើល៍ មនុស្សដែលកោតខ្លាចព្រះយេហូវ៉ា នឹងមានពរបែបនេះឯង។
ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។
ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
គេនឹងស្គាល់ពូជពង្សរបស់អ្នក នៅកណ្ដាលអស់ទាំងសាសន៍ ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ប៉ុន្ដែ ទូលបង្គំបានរម្ងាប់ចិត្ត ហើយធ្វើឲ្យព្រលឹងទូលបង្គំស្ងប់ ដូចកូនក្មេងដែលនៅជាប់នឹងទ្រូងម្តាយ គឺព្រលឹងនៅក្នុងខ្លួនទូលបង្គំ ដូចកូនក្មេងដែលបៅឆ្អែតស្កប់ស្កល់ ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
ត្រូវប្រព្រឹត្តអ្វីដែលត្រឹមត្រូវ ហើយល្អនៅព្រះនេត្រព្រះយេហូវ៉ា ដើម្បីឲ្យបានសប្បាយ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដ៏ល្អដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។
ហើយនៅក្នុងទីរហោស្ថាន អ្នករាល់គ្នាបានឃើញព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបីទ្រអ្នករាល់គ្នា ដូចមនុស្សបីកូនរបស់ខ្លួន តាមផ្លូវដែលអ្នករាល់គ្នាបានធ្វើដំណើរ រហូតមកដល់ទីនេះ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា
នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។
ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។ ព្រះអង្គហៅក្មេងតូចម្នាក់មកឲ្យឈរនៅកណ្តាលពួកគេ ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ពែងទូលបង្គំក៏ពេញហូរហៀរ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ