១ ធីម៉ូថេ 6:18 - Khmer Christian Bible ចូរឲ្យពួកគេប្រព្រឹត្ដល្អ ធ្វើជាអ្នកមានខាងការល្អ មានចិត្ដសប្បុរស ហើយមានចិត្ដចែករំលែកផង ព្រះគម្ពីរខ្មែរសាកល ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្តទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបង្គាប់ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង អាល់គីតាប ត្រូវឲ្យគេប្រព្រឹត្ដអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ |
អ្នកណាសន្សំរបស់ទ្រព្យទុកសម្រាប់តែខ្លួនឯង ប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់ ក៏ដូច្នោះដែរ»។
គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។
គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើង ដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាច ព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អ និងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជា ព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន
ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការ ហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង។
បើខាងការលើកទឹកចិត្ដ ចូរលើកទឹកចិត្ដ បើខាងការឲ្យ ចូរឲ្យដោយសប្បុរស បើខាងការដឹកនាំ ចូរដឹកនាំដោយឧស្សាហ៍ បើខាងការផ្ដល់សេចក្ដីមេត្ដា ចូរធ្វើដោយរីករាយចុះ។
គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។
ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។
អ្នកដែលលួច ចូរកុំលួចទៀត ប៉ុន្ដែចូរខំធ្វើការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការដែលមានប្រយោជន៍ដោយដៃរបស់ខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។
ហើយគាត់មានកេរ្តិ៍ឈ្មោះល្អដោយព្រោះអំពើល្អទាំងឡាយ គឺបានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យពួកបរិសុទ្ធ បានជួយអ្នករងទុក្ខលំបាក និងបានខំប្រព្រឹត្ដល្អគ្រប់បែបយ៉ាង។
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
កុំភ្លេចប្រព្រឹត្ដល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
ចូរស្ដាប់ចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! តើព្រះជាម្ចាស់មិនបានជ្រើសរើសអ្នកក្រនៅក្នុងពិភពលោកនេះ ឲ្យធ្វើជាអ្នកមានខាងឯជំនឿ និងជាអ្នកទទួលបាននគរដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គទុកជាមរតកទេឬ?
ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។
បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?
ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។