លូកា 3 - Khmer Christian Bible1 នៅឆ្នាំទីដប់ប្រាំនៃរាជ្យព្រះចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។ 2 នៅគ្រាដែលលោកអាណាស និងលោកកៃផាជាសម្ដេចសង្ឃ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសំដែងមកដល់លោកយ៉ូហាន ជាកូនលោកសាការីនៅទីរហោឋាន 3 គាត់ក៏ទៅឯស្រុកទាំងអស់ដែលនៅជុំវិញអូរយ័រដាន់ ទាំងប្រកាសប្រាប់អំពីពិធីជ្រមុជដែលជាភស្ដុតាងបង្អាញពីការប្រែចិត្ដ ដើម្បីទទួលបានការលើកលែងទោសបាប 4 ដូចដែលបានចែងទុកក្នុងបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ 5 គ្រប់ទាំងជ្រលងភ្នំនឹងត្រូវលុបបំពេញ ហើយគ្រប់ទាំងភ្នំ និងទីទួលត្រូវពង្រាបឲ្យស្មើ ឯកន្លែងក្ងិចក្ងក់ត្រូវតម្រង់ ហើយផ្លូវរដិបរដុបត្រូវធ្វើឲ្យរាបស្មើ 6 នោះមនុស្សទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ 7 ដូច្នោះហើយ លោកយ៉ូហានក៏និយាយទៅបណ្ដាជនដែលកំពុងចេញមកទទួលពិធីជ្រមុជទឹកពីគាត់ថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានឲ្យអ្នករាល់គ្នារត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ? 8 ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្ដសមនឹងការប្រែចិត្ដចុះ ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។ 9 ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង។» 10 នោះបណ្ដាជនក៏សួរទៅគាត់ថា៖ «ដូច្នេះតើយើងគួរធ្វើយ៉ាងដូចម្ដេច?» 11 គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។ 12 ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?» 13 គាត់ប្រាប់ពួកគេថា៖ «មិនត្រូវទារពន្ធលើសចំនួនដែលបានកំណត់ឲ្យអ្នករាល់គ្នាឡើយ»។ 14 ឯពួកទាហានសួរទៅគាត់ដែរថា៖ «ចុះយើងវិញ តើគួរធ្វើយ៉ាងដូចម្ដេច?» គាត់ប្រាប់ពួកគេថា៖ «កុំយកអ្វីពីអ្នកណាដោយកំហែង ឬនិយាយបង្កាច់ឡើយ ប៉ុន្ដែចូរពេញចិត្ដនឹងប្រាក់ឈ្នួលរបស់អ្នករាល់គ្នាចុះ»។ 15 កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។ 16 លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។ 17 ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។ 18 គាត់បានប្រកាសដំណឹងល្អ និងបានទូន្មានជាច្រើនទៀតដល់ប្រជាជនយ៉ាងដូច្នេះ។ 19 កាលស្ដេចត្រាញ់ហេរ៉ូឌត្រូវលោកយ៉ូហានស្ដីបន្ទោសពីរឿងនាងហេរ៉ូឌាសដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេចបានធ្វើ 20 នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។ 21 កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ 22 ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកមានរូបរាងដូចជាសត្វព្រាប សណ្ឋិតលើព្រះអង្គ ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។ 23 កាលព្រះយេស៊ូចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកហេលី 24 លោកហេលីជាកូនលោកម៉ាថាត់ លោកម៉ាថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនលោកយ៉ូសែប 25 លោកយ៉ូសែបជាកូនលោកម៉ាត់ធាស លោកម៉ាត់ធាសជាកូនលោកអេម៉ុស លោកអេម៉ុសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកៃ 26 លោកណាកៃជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកសេម៉ី លោកសេម៉ីជាកូនលោកយ៉ូសិក លោកយ៉ូសិកជាកូនលោកយូដា 27 លោកយូដាជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាកូនលោករេសា លោករេសាជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី 28 លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើ 29 លោកអ៊ើជាកូនលោកយ៉ូសេ លោកយ៉ូសេជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរិម លោកយ៉ូរិមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី 30 លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយ៉ូណាម លោកយ៉ូណាមជាកូនលោកអេលាគីម 31 លោកអេលាគីមជាកូនលោកម៉េលាស លោកម៉េលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាកូនស្ដេចដាវីឌ 32 ស្ដេចដាវីឌជាកូនលោកអ៊ីសាយ លោកអ៊ីសាយជាកូនលោកអូបិឌ លោកអូបិឌជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន 33 លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអាដមីន លោកអាដមីនជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា 34 លោកយូដាជាកូនលោកយ៉ាកុប លោកយ៉ាកុបជាកូនលោកអ៊ីសាក លោកអ៊ីសាកជាកូនលោកអ័ប្រាហាំ លោកអ័ប្រាហាំជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ 35 លោកណាឃរជាកូនលោកសេរូក លោកសេរូកជាកូនលោករេហ៊ូ លោករេហ៊ូជាកូនលោកផាលេក លោកផាលេកជាកូនលោកហេប៊ើរ លោកហេប៊ើរជាកូនលោកសេឡា 36 លោកសេទ្បាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាក់សាឌ លោកអើប៉ាក់សាឌជាកូនលោកសិម លោកសិមជាកូនលោកណូអេ លោកណូអេជាកូនលោកឡាមេក 37 លោកទ្បាមេកជាកូនលោកមធូសាទ្បា លោកមធូសាទ្បាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារេឌ លោកយ៉ារេឌជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន 38 លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេត លោកសេតជាកូនលោកអ័ដាម ហើយលោកអ័ដាមជាកូនព្រះជាម្ចាស់។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.