២ កូរិនថូស 8 - Khmer Christian Bible1 បងប្អូនអើយ! យើងប្រាប់អ្នករាល់គ្នាឲ្យដឹងពីព្រះគុណរបស់ព្រះជាម្ចាស់ដែលបានផ្ដល់ឲ្យក្រុមជំនុំទាំងឡាយនៅស្រុកម៉ាសេដូន 2 ថា ក្នុងពេលមានការល្បងយ៉ាងខ្លាំងតាមរយៈសេចក្ដីវេទនា ភាពហូរហៀរនៃអំណរ និងភាពក្រតោកយ៉ាករបស់ពួកគេក៏បង្ហូរចេញសេចក្ដីសប្បុរសដ៏បរិបូរ 3 ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេស្ម័គ្រចិត្ដតាមសមត្ថភាពរបស់ពួកគេ និងហួសពីសមត្ថភាពរបស់ពួកគេទៅទៀត 4 ពួកគេសូមអង្វរយើងយ៉ាងទទូច ដើម្បីអនុគ្រោះឲ្យពួកគេមានចំណែកនៅក្នុងការឧបត្ថម្ភដល់ពួកបរិសុទ្ធ 5 ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។ 6 ដូច្នេះហើយ យើងក៏ដាស់តឿនលោកទីតុសឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។ 7 ដូចដែលអ្នករាល់គ្នាបានចម្រើនឡើងនៅក្នុងកិច្ចការទាំងឡាយ គឺទាំងនៅក្នុងជំនឿ ពាក្យសំដី ចំណេះដឹង និងសេចក្ដីឧស្សាហ៍ទាំងអស់ ព្រមទាំងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះយើងជាយ៉ាងណា នោះនៅក្នុងការប្រមូលជំនួយនេះ ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងជាយ៉ាងនោះដែរ 8 ខ្ញុំមិនមែននិយាយបែបបង្គាប់ទេ ប៉ុន្ដែដើម្បីពិសោធសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នករាល់គ្នា តាមរយៈសេចក្ដីឧស្សាហ៍របស់អ្នកដទៃវិញ។ 9 ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។ 10 ខ្ញុំសូមផ្ដល់យោបល់នៅក្នុងរឿងនេះចុះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះតាំងពីឆ្នាំមុនមកទេ ថែមទាំងចង់ធ្វើទៀតផង 11 ដូច្នេះ ឥឡូវនេះ ចូរបំពេញកិច្ចការនេះចុះ គឺអ្នករាល់គ្នាមានចិត្ដសង្វាតចង់ធ្វើជាយ៉ាងណា ក៏បំពេញជាយ៉ាងនោះចុះ ទៅតាមអ្វីដែលអ្នករាល់គ្នាមាន។ 12 ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ 13 ប៉ុន្ដែមិនមែនឲ្យអ្នកផ្សេងមានភាពធូរស្បើយ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនានោះទេ ផ្ទុយទៅវិញឲ្យស្មើភាពគ្នា 14 គឺនៅពេលបច្ចុប្បន្ននេះ ឲ្យភាពហូរហៀររបស់អ្នករាល់គ្នាផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នកទាំងនោះ ដើម្បីឲ្យភាពហូរហៀររបស់អ្នកទាំងនោះអាចនឹងផ្គត់ផ្គង់ដល់ភាពខ្វះខាតរបស់អ្នករាល់គ្នាវិញ ដូច្នេះទើបស្មើភាពគ្នា 15 ដូចមានសេចក្ដីចែងទុកថា៖ «អ្នកដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ»។ 16 ប៉ុន្ដែ សូមអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានឲ្យលោកទីតុសមានសេចក្ដីឧស្សាហ៍នោះនៅក្នុងចិត្ដចំពោះអ្នករាល់គ្នាដែរ 17 ដ្បិតគាត់បានទទួលពាក្យអង្វររបស់យើង ហើយកាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត រួចគាត់ក៏មកឯអ្នករាល់គ្នាដោយស្ម័គ្រចិត្ដ 18 រីឯយើងក៏បានចាត់បងប្អូនម្នាក់ ដែលមានការសរសើរពីក្រុមជំនុំទាំងអស់នៅក្នុងការប្រកាសដំណឹងល្អឲ្យមកជាមួយគាត់ដែរ 19 មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមជំនុំទាំងឡាយក៏បានជ្រើសរើសអ្នកនោះឲ្យរួមដំណើរជាមួយយើងនៅក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែង ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្ដសង្វាតរបស់យើងដែរ 20 ព្រមទាំងចៀសវាងកុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើនដែលយើងកំពុងចាត់ចែង 21 ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។ 22 យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។ 23 ចំពោះលោកទីតុស គាត់ជាគូកនរបស់ខ្ញុំ និងជាអ្នករួមការងារជាមួយខ្ញុំសម្រាប់អ្នករាល់គ្នា រីឯពួកបងប្អូនរបស់យើងផ្សេងទៀត ពួកគេជាសាវករបស់ក្រុមជំនុំទាំងឡាយ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ 24 ដូច្នេះ ចូរបង្ហាញភស្ដុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនៈភាពរបស់យើងអំពីអ្នករាល់គ្នាឲ្យពួកគេបានឃើញនៅចំពោះមុខក្រុមជំនុំទាំងឡាយចុះ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.