អេភេសូរ 3:17 - Khmer Christian Bible ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់ ព្រះគម្ពីរខ្មែរសាកល និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់ អាល់គីតាប សូមអាល់ម៉ាហ្សៀសនៅក្នុងចិត្ដបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ |
គឺប្រៀបបាននឹងមនុស្សម្នាក់កំពុងសង់ផ្ទះ ដែលគាត់បានជីកដីលុងយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ ពេលទឹកជំនន់បានមកដល់ ខ្សែទឹកបានបោកបក់ផ្ទះនោះ ប៉ុន្ដែមិនអាចឲ្យផ្ទះនោះរង្គើបានឡើយ ព្រោះផ្ទះនោះសង់នៅលើគ្រឹះមាំ។
ហើយនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។
គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។
ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
ឥឡូវនេះ ចំពោះសំណែនដល់រូបព្រះ យើងដឹងថា យើងចេះដឹងទាំងអស់គ្នាហើយ។ ការចេះដឹងនាំឲ្យអួតខ្លួន ប៉ុន្ដែសេចក្ដីស្រឡាញ់នាំឲ្យស្អាងចិត្ដ។
ចូរអ្នករាល់គ្នាល្បងខ្លួនឯងទៅ តើអ្នករាល់គ្នាមានជំនឿដែរឬទេ? ចូរពិសោធខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាទេឬ? លើកលែងតែអ្នករាល់គ្នាត្រូវបានបដិសេធចោលប៉ុណ្ណោះ
តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»
ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
ហើយចាក់ឫស និងស្អាងឡើងនៅក្នុងព្រះអង្គ ព្រមទាំងមានជំនឿមាំមួនដូចដែលអ្នករាល់គ្នាបានទទួលការបង្រៀនរួចមកហើយ ទាំងអរព្រះគុណឲ្យច្រើនឡើង។
យើងបានស្គាល់ ព្រមទាំងបានជឿលើសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានដល់យើង។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ រីឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះក៏នៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏គង់នៅក្នុងអ្នកនោះដែរ
កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។
មើល៍ យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។