២ កូរិនថូស 6 - Khmer Christian Bible1 ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ 2 ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងបានស្ដាប់អ្នកនៅគ្រាមានសេចក្ដីមេត្ដា ហើយយើងបានជួយអ្នកនៅថ្ងៃនៃសេចក្ដីសង្គ្រោះ»។ មើល៍ ឥឡូវនេះ ជាពេលនៃសេចក្ដីមេត្ដា មើល៍ ឥឡូវនេះ ជាថ្ងៃនៃសេចក្ដីសង្គ្រោះ។ 3 យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ 4 ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ 5 ការវាយដំ ការជាប់ឃុំឃាំង ភាពចលាចល ការនឿយហត់ ការអត់ងងុយ ការតមអាហារ 6 ដោយចិត្ដបរិសុទ្ធ ចំណេះដឹង សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីស្រឡាញ់ឥតពុតត្បុត 7 និងដោយព្រះបន្ទូលនៃសេចក្ដីពិត ដោយអំណាចអស្ចារ្យរបស់ព្រះជាម្ចាស់តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិតដែលកាន់នៅដៃស្ដាំ និងនៅដៃឆ្វេង 8 ទាំងមានកិត្តិយស ឬអាប់យស ទាំងមានការបង្អាប់បង្អោន ឬការសរសើរ ហើយត្រូវគេចាត់ទុកជាជនបោកប្រាស់ ប៉ុន្ដែតាមពិតទៀងត្រង់ទេ 9 ជាអ្នកគ្មានគេស្គាល់ ប៉ុន្ដែមានគេស្គាល់ច្បាស់ ជាអ្នកជិតស្លាប់ ប៉ុន្ដែយើងនៅរស់ ជាអ្នកត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែមិនត្រូវបានសម្លាប់ឡើយ 10 ជាអ្នកព្រួយចិត្ដ ប៉ុន្ដែត្រេកអរជានិច្ច ជាអ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្សជាច្រើនចម្រុងចម្រើន ជាអ្នកគ្មានអ្វីសោះ ប៉ុន្ដែមានសព្វគ្រប់។ 11 បងប្អូននៅក្រុងកូរិនថូសអើយ! យើងបាននិយាយដោយស្មោះត្រង់ទៅកាន់អ្នករាល់គ្នា រីឯចិត្តរបស់យើងក៏ទូលំទូលាយដែរ 12 យើងមិនបានបង្ខាំងអ្នករាល់គ្នាទេ ប៉ុន្ដែចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។ 13 ឥឡូវនេះ ខ្ញុំនិយាយដូចជានិយាយទៅកូនៗរបស់ខ្ញុំថា ចូរអ្នករាល់គ្នាមានចិត្ដទូលាយទុកជាការតបស្នងដូចគ្នាដែរចុះ។ 14 មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតប្រកបគ្នាយ៉ាងដូចម្ដេចបាន? តើពន្លឺលាយឡំនឹងសេចក្ដីងងឹតយ៉ាងដូចម្ដេចបាន? 15 តើព្រះគ្រិស្ដ និងអារក្សបេលាលស្រុះស្រួលគ្នាយ៉ាងដូចម្ដេចបាន? តើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿយ៉ាងដូចម្ដេចបាន? 16 តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង» 17 ដូច្នេះហើយ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរចាកចេញពីក្នុងចំណោមពួកគេ ព្រមទាំងញែកខ្លួនចេញផង រួចកុំពាល់របស់មិនស្អាតឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា 18 យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង គឺព្រះអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ មានបន្ទូលដូច្នេះ»។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.